នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោកវរនាវីឯក ហ្វេដេរិក ដូម៉ាស់ (DAUMAS Fédéric) អនុព័ន្ធយោធាបារាំង ដែលត្រូវបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា និងលោកស្រីវរនាវីទោ ប្រេង អាន (BRUN Anne) អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម បង្ហាញមុខ និងជម្រាបលា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ។
នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវការកោតសរសើរ និងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវរនាវីឯក ហ្វេដេរិក ដូម៉ាស់ (DAUMAS Fédéric) អនុព័ន្ធយោធាបារាំង ដែលនៅក្នុងអាណត្តិបំពេញបេសកកម្មការងារការទូតប្រចាំកម្ពុជា បានជួយសម្របសម្រួលនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ពិសេសនៅលើវិស័យការពារជាតិ។
ក្នុងឱកាសនោះ លោកវរនាវីឯក ហ្វេដេរិក ដូម៉ាស់ (DAUMAS Fédéric) អនុព័ន្ធយោធាបារាំងបញ្ចប់បេសកកម្មការងារការទូតប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ ក្នុងនាមក្រសួងការពារជាតិបារាំង សូមចូលរួមរំលែកទុក្ខជាមួយនឹងក្រសួងការពារជាតិកម្ពុជា និងក្រុមគ្រួសារនៃសព ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ និងការបាត់បង់អាកាសយានិកកងទ័ពជើងអាកាស កងយោធពលខេមរភូមិន្ទ ចំនួន២រូប នៅក្នុងការហ្វឹកហ្វឺននេះ។ លោកវរនាវីឯក អនុព័ន្ធយោធាបារាំង បានលើកឡើងថា៖ នៅក្នុងអាណត្តិបំពេញបេសកកម្មរយៈពេល៣ឆ្នាំនៅកម្ពុជា លោកបានខិតខំប្រឹងប្រែងរួមសហការ និងជួយសម្របសម្រួលជាមួយនឹងកម្ពុជា ក្នុងនោះបានដាក់ទីប្រឹក្សានាយទាហានបេសកកម្មយោធាបារាំង ប្រចាំនៅសាលានាយទាហានសកម្ម, ការរៀបចំចងក្រងសៀវភៅសការពារជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ លោកបន្តថា៖ នៅចុងឆ្នាំនេះមានគណៈប្រតិភូកម្ពុជាចំនួន២ក្រុម ទៅបំពេញទស្សនកិច្ចនៅបារាំង ក្នុងនោះមានក្រុមការងារសៀវភៅសការពារជាតិ និងប្រតិភូមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកងយោធពលខេមរភូមិន្ទ។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានមានប្រសាសន៍ថា៖ បារាំង និងកម្ពុជា ជាប្រទេសមួយ ដែលមានទំនាក់ទំនងមិត្តភាពជាយូរលង់ណាស់មកហើយ រួមទាំងនៅពេលបច្ចុប្បន្ន និងតទៅអនាគត ក្នុងនោះនៅលើវិស័យយោធា បារាំងបានរួមចំណែកការកសាងសៀវភៅសការពារជាតិ ការបណ្ដុះបណ្ដាលនិស្សិតនាយទាហានកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានសកម្មត្មាតពង និងលើវិស័យកងកម្លាំងរក្សាសន្តិភាពកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ចំពោះលោកស្រីវរនាវីទោ ប្រេង អាន (BRUN Anne) អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជាថ្មី ដែលត្រូវបន្តបេសកកម្មការងារការទូតនៅកម្ពុជា ជាបន្តទៅទៀតនោះ និងសង្ឃឹមថាតាមរយៈការិយាល័យអនុព័ន្ធយោធាបារាំង នឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងកងទ័ពទាំងពីរ កម្ពុជា និងបារាំង កាន់តែត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាបន្ថែមទៀត ៕




























