ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារខែកក្កដា និងលើកទិសដៅសំរាប់អនុវត្តបន្តខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ។
ក្នុងរបាយការណ៍បូកសរុបការងារបានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើង នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗ ក្នុងខែកក្កដាកន្លងមក ដែលខ.ភ.ម យើងបានចូលរួមបំពេញភារកិច្ចសហការការពារជាមួយស្ថាប័ននានា ក្នុងឱកាសនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែ ក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាននៅក្នុងរយៈពេល១ខែកន្លងទៅ ក្រោមកិច្ចសហការជាមួយកំលាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ការពារប្រជាជន។ នៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ កងយោធពលខេមរភូមិន្ទបានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ ខ.ភ.ម បានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបានធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ។ បានសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។ បណ្តាសា្ថប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស, កែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ជាដើម។
មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបការងារខែកក្កដា និងលើកទិសដៅសំរាប់អនុវត្តបន្តខែសីហា ឯកឧត្តម នាយឧត្តមសេនីយ៏ ម៉ឹង សំផន បានធ្វើការដោះស្រាយបញ្ហាខ្វះខាតមួយចំនួន ដែលអង្គភាពនីមួយៗបានលើកឡើង និងជំរុញអោយបន្តអនុវត្តទិសដៅភារកិច្ចក្នុងខែសីហា ឲ្យទទួលបានលទ្ធផលល្អ ៕



























