រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាត្តឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសំដែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងជំនួបនោះ ឯកឧត្តម ខាំលៀង ឧថាក់កៃសន បានសម្តែងនូវមោទនភាព និងរំភើបរីករាយ ចំពោះដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ដែលបានអនុញ្ញាត្តឲ្យប្រតិភូរបស់ឯកឧត្តម ចូលសំដែងការគួរសមនៅពេលនេះ។ ឯកឧត្តម បានលើកឡើងអំពីសមិទ្ធផល និងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ និងបានបន្ត អនុវត្តកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរថែមទៀត ពិសេសបានរួមគ្នាធ្វើឲ្យសភាពការណ៍នៅតាមបន្ទាត់ ព្រំដែនប្រទេសទាំងពីរ កម្ពុជា-ឡាវ មានសន្តិសុខ របៀបរៀបរយល្អ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានផ្លាស់ប្ដូរទៅមករកគ្នាជាប្រក្រតី។ ឯកឧត្តម បានសំណូមពរភាគីកម្ពុជា ក្នុងការបន្តជំនួប រវាងកងទ័ពប្រទេសទាំងបី ឡាវ-កម្ពុជា និងវៀតណាម ជារៀងរាល់ឆ្នាំដោយផ្លាស់ប្ដូរគ្នាធ្វើជាម្ចាស់ផ្ទះ ព្រមទាំងគាំទ្រ និងជំរុញឲ្យគណៈកម្មការព្រំដែនរួម ប្រទេសទាំងពីរ បានបន្តដំណើរការត្រួតពិនិត្យ និងបោះបង្គោលព្រំដែនរួមគ្នា និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់។ ទន្ទឹមនេះ ឯកឧត្តម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក៏បានសំណូមពរ ក្រសួងការពារជាតិកម្ពុជា អោយគាំទ្រដល់ការបន្តផ្លាស់ប្ដូរសិក្ខាកាមឱ្យមានចំនួនច្រើនជាងមុន ការបង្កើតយន្តការធ្វើការជា មួយគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមាននៅតាមព្រំដែន ព្រមទាំងបន្តការហ្វឹកហ្វឺន សង្រ្គោះគ្រោះ មហន្តរាយផ្សេងៗ។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់នូវការអនុវត្តគោលនយោបាយការបរទេស ឯករាជ្យ ដោយផ្អែកលើច្បាប់កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ នៅលើសកលលោក និងអង្គការអន្តរជាតិនានា របស់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសជាមួយប្រទេសជិតខាង។ សម្រាប់ កម្ពុជា-ឡាវ ឯកឧត្តមបញ្ជាក់ថា៖ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព ស្អិតរមួត និងយូរអង្វែងជាមួយគ្នា ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកផលប្រយោជន៍រួមនិងអនុវត្តខ្ជាប់ខ្ជួនផែនការសកម្មភាព សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត កិច្ចប្រជុំគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ការផ្តល់អាហារូបករណ៍ទៅវិញទៅមក ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មផ្សេងៗ។ ឯកឧត្តម បានសំណូមពរដល់ភាគីឡាវ ក្នុងការបន្តសហការគ្នាអនុវត្ត ប្រកបដោយប្រសិទ្ធភាព នូវពិធីសារ ដែលបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និងបន្តជំរុញការអនុវត្តតាមខ្លឹមសារកំណត់ហេតុប្រជុំលើកទី២ រវាងគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ដើម្បីប្រែក្លាយព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ៕

























