កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាការជួយសង្រ្គោះ គ្រោះមហន្តរាយក្រសួងការពារជាតិ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ គ្រប់ប្រភេទ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ តាមដងស្ទឹងព្រែកត្នោត ក្នុងពេលមានគ្រោះទឹកជំនន់កើតឡើងជាយកថាហេតុ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនាពេលនោះ មានការចូលរួមចុះត្រួតពិនិត្យពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមផងដែរ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្លាំងជំនាញ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា៖ ជានិច្ចកាល សម្តេចតេជា ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងពេលដែលមានគ្រោះមហន្តរាយកើតឡើង។ ឯកឧត្តម ម៉ឹង សំផន បានជំរុញដល់គ្រប់បណ្តាអង្គភាពកម្លាំងជំនាញទាំងអស់ ត្រូវត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈគ្រប់ប្រភេទ ដែលក្រសួងការពារជាតិមាន ដើម្បីចុះជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា ក្នុងពេលទឹកស្ទឹងព្រែកត្នោត ដែលហូរធ្លាក់មកពីខេត្តកំពង់ស្ពឺ បានឡើងខ្លាំង ទាមទារអោយមានការប្រុងប្រយត្ន័ខ្ពស់ ៕












