នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ដែលបានបញ្ចប់បេសកកម្មពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល, ផ្ទេរប្រគល់ថវិការបបគោលនយោបាយ អ.ស.ប ដល់យោធិនរងរបួស និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ របាយការណ៍គម្រោងវិភាគឧបសគ្គ នៃការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មរក្សាសន្តិភាព (MOWIP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ បានឲ្យដឹងថា៖ បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល គឺជាឆ្នាំទី១០ រីឯកងវិស្វកម្មពហុជំនាញលេខ៤២៣ គឺជាកងទី៩ ដែលបានវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព និងបាននាំមកនូវចំណេះជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីជាទុនដល់យុទ្ធមិត្ត និងកម្លាំងប្តូរវេន ទោះបីជាមានឧបសគ្គខ្លះៗក៏ដោយ។ ជារួមរយៈពេល១ឆ្នាំ កម្លាំងយើងសម្រេចបានលទ្ធផលរួមមាន៖ បានជួសជុល និងថែទាំព្រលានយន្តហោះនៅតំបន់ ប្រៀរ(Bria) និង បាំបារី(Bambary) បានធ្វើការពង្រីកព្រលានយន្តហោះថ្មីនៅតំបន់ សាមអូចា(Sam-Oudja) ទំហំ៥០៤ពាន់ម៉ែត្រក្រឡា សម្រេចបាន១០០% បានជួសជុលស្ពានរួចរាល់ជាស្ថាពរចំនួន៥កន្លែង បានជួសជុលផ្លូវសរុបបានប្រវែង៦,៥២០ម៉ែត្រ បានជីកប្រឡាយ និងលើកទំនប់សរុបបានប្រវែង៦,១៤៥ម៉ែត្រ បានដំឡើងរបាំងខ្សាច់ និងរាយបន្ទាលួសសរុបបានប្រវែង៣,១២០ម៉ែត្រ បានដំឡើងផ្ទះចល័ត សម្រេចបានចំនួន២ខ្នង ដែល១ខ្នង មានចំនួន៦បន្ទប់ បានជីកអណ្តូងសរុបបានចំនួន២កន្លែង និងបានធ្វើការកំទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ព្រមទាំងបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។ ឯកឧត្តម សែម សុវណ្ណនី បានឲ្យដឹងដែរថា៖ ការចល័តរបស់កម្លាំងកម្ពុជាក្នុងឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៣ តែងតែទទួលបាននូវសុខសុវត្ថិភាព ប៉ុន្តែជាអកុសលចាប់តាំងពីឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន កម្លាំងកម្ពុជាចំនួន១១នាក់ បានពលីជីវិត និង១៦នាក់រងរបួសជាបន្តបន្ទាប់ ជំងឺគ្រុនចាញ់ គ្រោះធម្មជាតិ គ្រឿងផ្ទុះកែច្នៃ។ ដោយឡែកកងនេះក៏មានវរយុទ្ធជន១នាក់ (អនុសេនីយ៍ឯក សួន សម្បត្តិ) បានរងរបួសដោយសារគ្រោះថ្នាក់អំឡុងពេលបំពេញបេសកកម្ម ជួសជុលស្ពានក្នុងតំបន់ បាដា(GBADA) ដោយផ្លែរណាបាក់ខ្នាត បណ្តាលឱ្យពិការភ្នែកខាងឆ្វេង។ ដើម្បីតបស្នងដល់ពលីកម្មដើម្បីបុព្វហេតុសុខសន្តិភាពអ.ស.ប មានគោលនយោបាយផ្តល់ថវិកា ស្របតាមលក្ខខ័ណ្ឌរបស់អ.ស.ប។ សម្តេចមហាបវរធិបតី បានឧបត្ថម្ភថវិកា ចំនួន២ម៉ឺនដុល្លារ តាមរយៈឯកឧត្តម សេង ទៀង ដើម្បីលើកទឹកចិត្ត ហើយព្រមជាមួយនេះ អ.ស.ប ក៏បានផ្តល់ថវិកាចំនួន២៦,១៨០ដុល្លារផងដែរ ដែលថវិកានេះ នឹងប្រគល់ជូននាពេលបន្តិចទៀតខាងមុខនេះ។
ឯកឧត្តម ចូសិហ្វ ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលតំណាង អ.ស.ប ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ កម្ពុជាមានប្រពៃណីល្អ ក្នុងការរក្សាសន្តិភាព ដែលមានកងរក្សាសន្តិភាពកម្ពុជាជាង ៩,៥០០នាក់ ដែលបានបំពេញបេសកកម្មក្នុង១០ប្រទេស។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្ត ចំពោះក្រុមគ្រួសារនៃកងវិស្វកម្មលេខ៤២៣, គូជីវិត ស្វាមី ភរិយា ឪពុកម្តាយ បុត្រធីតា និងសមាជិកផ្សេងទៀត តាមរយៈភាពរឹងមាំការលះបង់សេចក្តីស្រឡាញ់ និងការគាំទ្ររបស់ពួកគេ។ ក្នុងនាមអង្គការសហប្រជាជាតិ ឯកឧត្តម សូមថ្លែងអំណរគុណ និងស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍កងវិស្វកម្មលេខ៤២៣។ ឯកឧត្តម ចូសិហ្វ ស៊ូអើ បានបន្តថា៖ កម្ពុជាជារដ្ឋសមាជិកអាស៊ានឈានមុខគេមួយ ក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខស្ត្រីក្នុងតំបន់។ កម្ពុជាដែលជាផ្នែកមួយ បានប្តេជ្ញាបង្កើនការចល័តយុទ្ធនារី ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឱ្យបានលើសពី២០% នៅឆ្នាំ២០២៨។

មានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើរក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការអបអរសាទរជាមួយកងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចំពោះជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់ដែលកងកម្លាំងមួកខៀវយើងសម្រេចបាន ក្នុងការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌ នៅលើសកលោក។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាព ក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រជាជនកំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្គ្រាម នៅប្រទេសដទៃនៅលើពិភពលោក។ រាជរដ្ឋាភិបាលខិតខំលើកកម្ពស់កិត្តិយសកម្ពុជា ដើរតួនាទីឱ្យកាន់តែសកម្មថែមទៀត ដោយស្មើភាព ស្មើសិទ្ធិជាមួយប្រទេសនានានៅគ្រប់កិច្ចការក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងបានប្តេជ្ញាចិត្តបញ្ជូនកងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្ម ជាសេនាធិការ សង្កេតការណ៍យោធា និងមេបញ្ជាការជានារីរហូតដល់២០% តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងខិតខំកែលម្អការងារគ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្ត្រីឱ្យស្របទៅនឹងទស្សនៈ Gender បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការសោកស្តាយ ចំពោះការពលីជីវិ និងរបួស កងមួកខៀវ ខ.ភ.ម លើវិស័យរក្សាសន្តិភាពអ.ស.ប និងបានសម្តែងនូវការចូលរួមមរណៈទុក្ខផងដែរ ចំពោះក្រុមគ្រួសារអាកាសយានិក ២រូប កងទ័ពជើងអាកាស ខ.ភ.ម ដែលបានពលីក្នុងបេសកកម្មហ្វឹកហ្វឺននៅភ្នំយ៉ាវយ៉ៃ តំបន់ជួរភ្នំក្រវ៉ាញ ស្រុកវាលវែង ខេត្តពោធិសាត់កន្លងមកនេះផងដែរ ៕







































