ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដើម្បីត្រៀមរៀបចំចូលរួមក្នុងពិធីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅមុខទីស្តីការក្រសួងការពារជាតិ។
នៅក្នុងរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា៖ យោងតាមស្មារតីនៃកិច្ចប្រជុំថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ខុទ្ទកាល័យក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តការងារគ្រប់ផ្នែក ដើម្បីត្រៀមរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក្រសួងការពារជាតិគ្រោងនឹងរៀបចំពិធីអបអរសាទរនៅមុខទីស្តីការក្រសួងការពារជាតិ។ ក្នុងនោះអង្គភាពដែលជាស្នូលក្នុងការរៀបចំពិធីនេះដោយរួមមាន៖ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ, ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ, អគ្គនាយកដ្ឋានយោធសេវា ដែលមាននាយកដ្ឋានជាសេនាធិការផ្ទាល់, កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ ឧត្តមសេនីយ៍ឯក ខៀវ ឆេន ក៏បានឲ្យដឹងដែរថា៖ នៅក្នុងពិធីដ៏មានអត្ថន័យនេះ ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានរៀបចំត្រៀមកម្លាំងចំនួន១៥០០នាក់ សម្រាប់ចូលរួមក្នុងពិធីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលនឹងប្រព្រឹត្តទៅនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយឡែកនាយទាហាន ពលទាហាន ដែលទៅឈរចូលរួមអបអរសាទរក្នុងពិធីនេះនៅមុខទីស្តីការក្រសួងការពារជាតិ មានចំនួនជាងមួយពាន់នាក់ រៀបចំផែនឈរមានចំនួន៨ផែន។ ក្រៅពីនេះក្រសួងការពារជាតិ ក៏បានគ្រោងរៀបចំត្រៀមលក្ខណៈរួចជាស្រេចហើយនូវ ផ្ទាំងប៉ាណូបណ្ដាពាក្យស្លោក បដា បានរៀបចំស្គរជ័យ ភ្លេងពិណពាទ្យ ឧបករណ៍បំពងសំឡេង និងដាក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ខ្នាតធំ ពីកម្មវិធីធំមកពីស្រុកកៀនស្វាយ ខេត្តកណ្ដាលផងដែរ ដោយស្របតាមសេចក្ដីណែនាំ និងការជូនដំណឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ហើយនៅពេលរាត្រីក៏មានការរៀបចំបាញ់កាំជ្រួចអបអរសាទរ ឲ្យកាន់តែមានភាពអធិកអធមថែមទៀតផងដែរ។
បន្ទាប់ពីមានមតិយោបល់ចូលរួមពីខាងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ, ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ, អគ្គនាយកដ្ឋានយោធសេវា និងស្ថាប័នពាក់ព័ន្ធរួចមក នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្ដាស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ទាំងចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពខ្ពស់នៅកិច្ចប្រជុំនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ និងលទ្ធផលជាផ្លែផ្កានៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានស្នើឲ្យខុទ្ទកាល័យក្រសួងការពារជាតិ បន្តសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងការរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងការពារជាតិ ឲ្យទទួលបានជោគជ័យ ហើយសមស្របតាមការណែនាំ សារាចររបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ៕
























