នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានសម្តែងការអបអរសាទរនូវសមិទ្ធផលនានា ដែលប្រទេសកម្ពុជាទទួលបាន ពិសេសការរីកចម្រើននៅក្នុងខេត្តសៀមរាម នាពេលបច្ចុប្បន្ន រាប់ទាំងផ្នែកសន្តិសុខ សុវត្ថិភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយឥឡូវនេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម បានលើកឡើងថា៖ កម្ពុជាបានពង្រាយកងរក្សាសន្តិភាព ជៀសជាងការទទួលយកកងកម្លាំងទាំងនេះ។ បច្ចុប្បន្ននេះមានយុទ្ធជន យុទ្ធនារី យ៉ាងក្លាហ៊ានរបស់កម្ពុជា ចំនួនជាងប្រាំមួយរយនាក់ កំពុងបំពេញបេសកកម្មនៅប្រទេសលីបង់ គុងហ្គោ ស៊ូដង់ខាងត្បូង និងអាហ្វ្រីកកណ្តាល។
ឯកឧត្តម Atul Khare អគ្គលេខាធិការរង បានថ្លែងនូវការរីករាយ ដែលបានស្នើសុំឲ្យកងវិស្វកម្ម និងកងកម្លាំងដោះមីនពីប្រទេសកម្ពុជា បន្តស្ថិតនៅប្រទេសម៉ាលីក្រោយគេ ដោយសារឯកឧត្តមមានជំនឿយ៉ាងម៉ុតមាំចំពោះស្មារតីបំពេញការងារប្រកបដោយវិជ្ជាជីរៈ និងការតាំងចិត្តរបស់គេ, ដូច្នេះបានឯកឧត្តមស្នើសុំឲ្យពួកគេជាក្រុមចុងក្រោយ ដែលចាកចេញពីប្រទេសម៉ាលី ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ។ ឯកឧត្តមបានថ្លែងនូវការសោកស្តាយ និងវាយតម្លៃខ្ពស់ចំពោះការពលីបូជាជីវិតយុទ្ធជនកម្ពុជាចំនួន១១នាក់ ក្នុងការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនាពេលកន្លងមកនេះ និងសម្តែងនៅការចូលរួមរំលែកមរណៈទុក្ខចំពោះក្រុមគ្រសារផងដែរ។ គិតថាវិធីដ៏ល្អបំផុតដើម្បីផ្តល់កិត្តិយសដល់អ្នកដែលបានពលីនេះ គឺយើងត្រូវប្រឹងប្រែងអនុវត្តការងាររបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងសាកសិទ្ធភាព ពិសេសផ្តល់ការការពារដល់កងកម្លាំងដែលកំពុងរស់រានមានជីវិតនេះឲ្យកាន់តែប្រសើរជាងមុន។
ឯកឧត្តមបានស្នើសុំការគាំទ្រ និងការចូលរួមពេញលេញពីប្រទេសកម្ពុជា ទី១៖ គឺការប្រើប្រាស់បច្ចេកវិទ្យាតេឡេមេឌឺស៊ិន គឺការពិគ្រោះជម្ងឺពីចម្ងាយ ដើម្បីផ្តល់ការព្យាបាល ឬដំបូលន្មានផ្នែកវេជ្ជសាស្ត្រកម្រិតខ្ពស់ ពីអ្នកជំនាញភ្លាមៗទៅទាហានរងរបួស។ ទី២៖ ការរៀបចំជាយុទ្ធសាស្ត្រ ឬគោលនយោបាយពិសេសផ្តល់ជំនួយសុខភាពផ្លូវចិត្តដល់កងកម្លាំង។ យើងបានប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រនេះនៅទីក្រុងហាណា ដែលមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិផងដែរ ហើយសង្ឃឹមថាទទួលបានការគាំទ្រពីប្រទេសកម្ពុជា។ ទី៣៖ ដែលប្រទេសកម្ពុជាធ្វើបានល្អកន្លងមក នោះគឺការចូលរួមរបស់កងកម្លាំងរក្សាសន្តិភាពជាស្ត្រី។ សូមថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានបញ្ជូនកងកម្លាំងជាស្ត្រី ចំនួន១៣១នាក់។ ហើយយើងចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពយោធាជាស្ត្រីគ្រប់មុខជំនាញទាំងអស់ ដើម្បីឲ្យស្ត្រីកម្ពុជា ចូលរួមក្នុងបេសកកម្ម អ.ស.ប បានគ្រប់ជំនាញ។ និងគំនិតផ្តួចផ្តើមទី៤៖ គឺការខិតខំប្រឹងប្រែងការពារបរិស្ថាន ក្នុងនោះរាប់បញ្ជូលការប្រើប្រាស់ឋាមពលកកើតឡើងវិញ ឲ្យបានច្រើនជាងមុននៅក្នុងជំរុំរបស់ អ.ស.ប ផងដែរ។ នេះក៏ដោយសារនៅក្នុងបេសកកម្មបានប្រើប្រាស់ប្រេងឥន្ទនៈដ៏ច្រើន ហើយកន្លងមកត្រូវបានរងការវាយប្រហារលើក្រុមដឹកជញ្ជូន។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ដែលបានមកបំពេញទស្សកិច្ចនៅកម្ពុជា ហើយដោយបានចាត់ទុកថា អង្គការសហប្រជាជាតិ បានរួមចំណែកយ៉ាងច្រើនចំពោះប្រទេសកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជា ហើយឥឡូវកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍន៍។ កម្ពុជាពេលមានសង្គ្រាមធ្លាប់ទទួលកងកម្លាំងអង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ ហើយបច្ចុប្បន្នកម្ពុជាមានមុខមានមាត់បានចាត់បញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាពដល់ប្រទេសដទៃទៀត ដែលជួបការលំបាក។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមួយនឹងអង្គការសហប្រជាជាតិ នៅលើវិស័យការពារជាតិ យើងនឹងបន្តឆ្លើយតបតាមសំណូពររបស់អង្គការសហប្រជាជាតិ ដើម្បីបំពេញបន្ថែមនូវអ្វីដែលកម្ពុជាអាចចូលរួមបាន ៕





















