នៅទីស្តីការក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូនដល់នាយទាហានជាន់ខ្ពស់ ចំណុះក្រសួងការពារជាតិ ចំនួន០៦រូប ដែលមានស្នាដៃក្នុងការបំពេញភារៈកិច្ចកន្លងមក។ អញ្ជើញចូលរួមក្នុងឱកាសនោះ ក៏មានឯកឧត្ដម រដ្ឋលេខាធិការ អគ្គបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងអាវុធហត្ថ និងនាយទាហានតាមកងឯកភាពចំណុះជាច្រើន។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានអានព្រះរាជក្រឹត្យ ស្ដីពីការប្រព្រឹត្តទៅរបស់ក្រសួងការពារជាតិ ក្នុងការផ្លាស់ប្ដូរមុខតំណែង នាយទាហានក្រសួងការពារជាតិដែលបានសម្រេច៖ ១. ប្រកាសតែងតាំង នាយឧត្តមសេនីយ៍ ចាយ សាំងយុន ជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ។ ២. ផ្លាស់ប្ដូរមុខតំណែង នាយឧត្តមសេនីយ៍ ចៅ ភិរុណ ផ្លាស់ពីអគ្គនាយក អគ្គយកដ្ឋានសម្ភារៈបច្ចេកទេស មកជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ៣. ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ពីមេបញ្ជាការរងកងទ័ពជើងគោក មកជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ៤. ឧត្តមសេនីយ៍ឯក អ៊ុង មុន្នី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា មកជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ៥. ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស មកជាអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និង៦. ឧត្តមសេនីយ៍ទោ យិន សាត តែងតាំងជានាយក នាយកដ្ឋានយន្តយុទ្ធ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ។
មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការកោតសរសើររាល់ស្នាដៃរបស់ឯកឧត្តម ជានាយទាហាន ដែលជាថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលកន្លងមក បានខិតខំបំពេញភារៈកិច្ច ក្នុងការងារបម្រើកងយោធពលខេមរភូមិន្ទទូទាំងប្រទេស ឲ្យមានមនសិការ និងឆន្ទៈខ្ពស់ ចំពោះកិច្ចការបម្រើជាតិមាតុភូមិ ដោយសម្រេចបានលទ្ធផលល្អ ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ បានប្រគល់ជូន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការតែងតាំងផ្លាស់ប្ដូរមុខតំណែងនាពេលនេះ សបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការពារជាតិ មានជំនឿទុកចិត្តមកលើនាយទាហាន ដែលធ្លាប់បានបំពេញភារកិច្ច និងកាតព្វកិច្ចការពារជាតិ និងមានស្មារតីអង់អាចក្លាហាន មុះមុត ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ការពារប្រជាជនឲ្យរស់នៅបានសុខសន្តិភាព ស្ថិរភាព និងរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ដោយអនុវត្តបានម៉ឺងម៉ាត់ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដែលបានប្រគល់ឲ្យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់បន្តទៀតថា៖ ដើម្បីចូលរួមចំណែក ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដំណាក់ការទី៧នោះ គឺទាមទារឲ្យកងទ័ពយើងម្នាក់ៗមានសមត្ថភាពខ្ពស់ ក្នុងការងារជំនាញរបស់ខ្លួន ដែលកំពុងបំពេញភារៈកិច្ច ពោលគឺទាមទារឲ្យកងទ័ពយើងមានកម្រិតចំណេះដឹងខ្ពស់ សម្បូរទៅដោយធនធានមនុស្សល្អៗ ដើម្បីរួមចំណែកធ្វើឲ្យកងទ័ពមានភាពជឿនលឿន ដូចបណ្តាប្រទេសនានាក្នុងតំបន់ និងនៅលើសកលលោកផងដែរ ៕













































