នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅ តំបន់ថ្មដា នៃខេត្តពោធិ៍សាត់ និងសួរសុខទុក្ខ បងប្អូនកងទ័ព និងគណៈបញ្ជាការឯកភាពខេត្ត ដែលកំពុងបន្តបេសកកម្ម យ៉ាងសកម្ម ក្នុងការរុករក ទោះបីជាស្ថានភាពលំបាក ស្មុគស្មាញ ដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផល។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង ឯកឧត្តម សង្ឃឹមថាយើងនឹងរកឃើញក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរ និងឃើញពីស្ថានភាព ភាពសស្រាក់សស្រាំ យ៉ាងយកចិត្តទុកដាក់ របស់បងប្អូនកងកម្លាំងរុករក និងគណៈបញ្ជាការឯកភាពខេត្ត ទោះបីជាមានស្ថានភាពពិបាលស្វែងរកយ៉ាងណាក៏ដោយ ៕






































