នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អនុញ្ញាតឲ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ គ័ងដាវ (Le Quang Dau) មេបញ្ជាការឆ្មាំសមុទ្រវៀតណាម ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ យន្ត មីន បានសម្តែងការស្វាគមន៍ និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដែលប្រទេសទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាមខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានគ្នា ទប់ស្កាត់បទល្មើសតាមព្រំដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្ដមក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចប្រជុំសហប្រតិបត្តិការលើកទី៣៣ រវាងកងទ័ពជើងទឹកកម្ពុជាជាមួយបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានដំណើរការដោយជោគជ័យ និងលទ្ធផលកិច្ចប្រជុំស្ដីពីត្រួតពិនិត្យឡើងវិញលើកទី៤ រវាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឆ្មាំសមុទ្រវៀតណាម តាមផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមការងារក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-វៀតណាម បន្តអនុវត្តកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ដែលបានដាក់ចេញទៅតាមផែនការដែលបានគ្រោងទុក ដើម្បីរួមចំណែកក្នុងការពង្រឹងចំណងទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ក៏ដូចជាបន្តពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងសណ្ដាប់ធ្នាប់លម្ហសមុទ្រ ការការពារធនធានសមុទ្រ ការប្រតិបត្តិរុករកនិងជួយសង្គ្រោះគ្រោះមហន្តរាយ និងការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មក្នុងលំហសមុទ្រ ឲ្យមានប្រសិទ្ធភាព សំដៅរួមគ្នាថែរក្សាសន្តិសុខ សន្តិភាព និងវិបុលភាពនៅក្នុងតំបន់។
ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ឡេ គ័ងដាវ (Le Quang Dau) មេបញ្ជាការឆ្មាំសមុទ្រវៀតណាម បានមានប្រសាសន៍ថា៖ នេះជាលើកដំបូង បន្ទាប់ពីលោកបានទទួលមុខតំណែងជាមេបញ្ជាការឆ្មាំសមុទ្រវៀតណាម ហើយបានធ្វើទស្សនកិច្ចនៅកម្ពុជា។ ឧត្តមសេនីយ៍ទោ ឡេ គ័ងដាវ (Le Quang Dau) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ដែលបានអនុញ្ញាតឲ្យឆ្មាំសមុទ្រវៀតណាមបានជួបប្រជុំជាមួយគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាមួយនឹងគ្នា នារសៀលថ្ងៃនេះ។ លោកឧត្តមសេនីយ៍ទោ ក៏បានលើកឡើងថា វៀតណាមនិងកម្ពុជា ជាប្រទេសដែលមានទីតាំងភូមិសាស្ត្រជិតស្និទ្ធ និងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងបានរួមចំណែកជួយគ្នាទៅវិញទៅមក ទាំងនៅក្នុងវេទិកាតំបន់ និងនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងបុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមជាតិ ព្រមទាំងក្នុងការកសាងនីតិការការពារជាតិ។ លោកមេបញ្ជាការឆ្មាំសមុទ្រវៀតណាម បានបញ្ជាក់ថា នៅខាងមុខនេះវៀតណាមនិងកម្ពុជា នឹងរៀបចំកម្មវិធីសកម្មភាពជាច្រើនជាមួយគ្នា ពិសេសនៅបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៥៧ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ៕


















