ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​អញ្ជើញ​ជាអធិបតីភាព ក្នុង​ពិធី​អបអរ​សាទរ​ ខួប​លើក​ទី​៣១ ​ថ្ងៃ​បង្កើត​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​រំឭក​ខួប​អនុស្សាវរី​យ៍​លើក​ទី​៣១ នៃ​ការ​បង្កើត​កង​រាជ​អាវុធ​ហត្ថ​ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៤) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កក្កដា​ ឆ្នាំ២០២៤ នៅ​វិទ្យាស្ថាន​កង​រាជ​អាវុធ​ហត្ថ​កំបូល ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​​ ឯកឧត្តម​ នា​យ​ឧត្តម​សេនី​យ៍​ ទៀ សីហា ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។

នៅ​ក្នុង​សុន្ទរកថា​ស្វាគមន៍​របស់ នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អគ្គ​មេ​បញ្ជាការ​រ​ង​ ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រំឭក​ថា​៖ កង​រាជ​អាវុ​ធ​ហត្ថ​ត្រូវ​បាន​បង្កើត​ឡើង​ចែក​ចេញ​ជា​២​ដំណាក់​កាល​ ដំណាក់​កាល​ទី​១ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ១៩៥៧ បន្ទាប់​ពី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ទទួល​បាន​ឯករាជ្យ​ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ១៩៧៥។ ដំណាក់​កាល​ទី​២ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ ឆ្នាំ១៩៩៣ ហើយ​ការ​ប្រារព្ធ​ពិធីឡើង​នា​ពេល​នេះ​ ក្នុង​វត្ថុ​បំណង​រំឭក​ឡើង​វិញ​នូវ​អនុស្សាវរី​យ៍​ នៃ​ការ​បង្កើត​កសាង​ប្រតិបត្តិ​តួនាទី​ភារៈកិច្ច និ​ង​ការ​អភិវឌ្ឍ​របស់​កង​រាជ​អាវុធ​ហត្ថ។​ នៅ​ក្នុង​រយៈ​ពេល​៣១ឆ្នាំ​មក​នេះ កង​រាជ​អាវុធ​ហត្ថ​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​រឹង​​ទាំងទន់​ និង​ប្រតិបត្តិការ​នៃ​តួនាទី​ភារ​កិច្ច​យ៉ាង​អង់​អាច​ក្លាហាន​ និង​មោះ​មុត​បំផុត​ ដែល​មាន​ចែង​ក្នុង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ ក្នុង​ការ​រួម​ចំណែក​ក្នុង​ការ​ការ​ពារ​សន្តិសុខ​ រក្សា​សណ្តាប់​ធ្នាប់​ បង្ក្រាប​បទល្មើស ការ​ពង្រឹង​ការ​អនុវត្ត​កសាង​​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រទេស​នីតិ​រដ្ឋ។ ​នាយឧត្តមសេនីយ៍​ បាន​បន្ថែម​ថា​​៖ ​កង​រាជអាវុធ​ហត្ថលើផ្ទៃ​ប្រទេស​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ ចុះ​នៅ​តាម​មូល​ដ្ឋាន​ តាម​ការ​ចាត់​តាំង​ ដើម្បី​គាំទ្រ​ការ​អនុវត្ត​កម្ម​វិធី​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ជួយ​ប្រជាជន​ នឹង​គាំទ្រ​អាជ្ញាធរ​នៅ​តាម​មូល​ដ្ឋាន​​​ជាដើម​។ ជា​មួយ​គ្នា​នេះ​ដែរ​ នាយ​ឧត្តម​សេនីយ៍​ សៅ សុខា បាន​គូស​បញ្ជាក់​ថា​៖ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ប្រកាស​ប្ដេជ្ញា​គាំទ្រ​ចូល​រួម​អនុវត្ត​ដោយ​មន​សិការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ កម្ម​វិធី​នយោ​បាយ​រប​ស់​រាជ​រដ្ឋាភិបាល​អាណត្តិទី​៧ ​ជា​ពិសេ​ស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ ​ដែល​​នឹ​ង​បើក​​កា​រ​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃទី​០៥ ខែ​សីហា​ ឆ្នាំ២០២៤។

ថ្លែង​ក្នុង​អង្គ​ពិធី​រំឭក​ខួប​លើក​ទី​៣១ កង​រាជ​អាវុធ​ហត្ថ​ នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ស្នា​ដៃ​ និង​សកម្មភាព​ការ​ងារ​លេច​ធ្លោ​ នៅ​ក្នុង​រយៈ​ពេល​៣១ឆ្នាំកន្លង​មក​រ​ប​ស់​កង​រាជ​អាវុធ​ហត្ថ ​និយាយ​ជា​រួម​ និង​និយាយ​ដោយ​ឡែក​ នៅ​ក្នុង​រយៈ​ពេល​១ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​​មេ​បញ្ជាការ​នាយ​ទាហាន និង​ពល​ទាហាន​ នៃ​រាជ​អាវុធ​ហត្ថ​គ្រប់​លំដាប់​ថ្នាក់​​ បាន​សាមគ្គី​ឯកភា​ព​ជា​ធ្លុង​មួយ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​ស្រប​នឹង​គោល​នយោ​បាយ​ការពារ​ជាតិ​ ផែន​ការ​កំណែ​ទម្រង់​កង​យោធ​ពល​ខេម​រភូមិន្ទ​ បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​នយោបាយ​​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ កម្មវិ​ធី​នយោ​បាយ​នានា​ របស់​រាជ​រដ្ឋាភិបាល​ ព្រម​ទាំង​បាន​សហការ​ជម្នះ​រាល់​ឧបសគ្គ​ ប្រកៀក​ស្មា​គ្នា​ជា​មួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ តស៊ូ​ប្តូរ​ផ្តាច់​ការ​ពារ​សន្តិសុខ​ រៀប​ចំ​សណ្តាប់​ធ្នាប់​រៀប​រយ​ រក្សា​សុវត្ថិភាព​ទាំង​ដោយ​ផ្ទាល់​​ និង​ប្រយោល​ ជូន​គណៈ​ប្រតិភូ​ជាតិ​ និង​អន្តរជាតិ​ កិច្ច​ប្រជុំ​វេទិកា​តូច​ធំ​ ពិធី​សម្ពោធ​សមិទ្ធ​ផល​នានា​ រប​ស់​ព្រះ​មហាក្សត្រ រាជ​រដ្ឋាភិបាល​ និង​ពិធី​បុណ្យ​ផ្សេងៗ ជា​ពិសេស​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នី​​តិកា​ល​ទី​៧ ឆ្នាំ​២០២៣, ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នី​តិ​កាល​ទី​៥ និង​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត​ ក្រុង​ប្រឹក្សា​ក្រុង​ ស្រុក ខណ្ឌ​អាណត្តិទី​៤ ក្នុ​ង​ឆ្នាំ​២០២៤នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ឯកឧត្តម ​រដ្ឋមន្ត្រី​​បាន​បន្ត​ថា​៖ រហូត​មក​ដល់​ពេល​នេះ​រាជ​រដ្ឋាភិបាល​នី​តិកា​ល​ទី​៧ នៃ​រដ្ឋសភា​ ក្រោម​ការ​ដឹ​ក​នាំ​រប​ស់​ សម្ដេច​មហា​បវ​រ​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កំពុង​គ្រប់​គ្រង​ប្រទេស​ប្រកប​ដោយ​ជោគ​ជ័យ​ សន្តិភាព​ និង​ស្ថិរភាព​នយោ​បាយ​ ដោយ​ត្រូវ​បាន​ការ​ពារ​យ៉ាង​រឹង​មាំ​សន្តិសុខ​សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​សង្គម​ មាន​ភាព​ល្អ​ប្រសើរ​​ សេដ្ឋកិច្ច​បន្ត​មាន​កំណើន​ សង្គម​​មា​នស្ថិរភាព​បាន​ធ្វើឲ្យ​កិត្យា​នុភាព​ជាតិ​កាន់​តែ​លើក​កម្ពស់​លើ​ឆាក​អន្តរជាតិ​​។ នាយឧត្តមសេនីយ៍ ទៀ សីហា មាន​ជំនឿ​មុត​មាំ​ថា៖ កង​រាជ​អាវុធហត្ថ​ និង​បន្ត​ប្រតិបត្តិ​នូវ​តួនាទី​ និង​ភារកិច្ច​កាន់​តែ​ល្អ​ប្រសើរ ​មាន​ប្រសិទ្ធភាពខ្ពស់​ បង្កើន​នូវ​សមិទ្ធផល​និងស្នាដៃ​ថ្មីៗបន្ថែម​ទៀត​ ជា​មួយ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​ធន​ធាន​មនុស្ស​ ធន​ធាន​សម្ភារៈ​ គ្រប់​ផ្នែក​គ្រប់​វិស័យ​ប្រកប​ដោយ​ស្ថិរភាព​អង់​អាច​ក្លាហាន​ភក្ដី​ភាព​ ដើម្បី​បុព្វ​ហេតុ​អធិបតេយ្យ​បូរណ​ភាព​ដែន​ដី​ សន្តិភាព​ ស្ថិរភាព​នយោបាយ​ សន្តិ​សុខ​សណ្ដាប់​ធ្នាប់​សាធារណៈ​ រួម​ចំណែក​យ៉ាងសំខាន់​​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​នៅ​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ នាយឧត្តមសេនីយ៍ ទៀ សីហា ​ក៏​បាន​លើក​ឡើង​អំពី​ការ​ស្វះ​ស្វែង​រក​ការ​បាត់​ទំនាក់​ទំនង​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​អំពី​ការ​វិវឌ្ឍរីក​ចម្រើន​ នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​(AI)នា​ពេល​បច្ចុប្បន្ន។​ ហើយ​ឆ្លៀតឱកាលនោះ​ដែរ​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​អគ្គ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក៏​បាន​ផ្ដល់​កិត្តិយស​បញ្ចុះ​បឋម​សិលា​ បើក​ការ​ដ្ឋាន​សាង​សង់​សាល​មហោ​ស្រព​គោក​ធ្លក​កង​រាជ​អាវុធ​ហត្ថ​ ដែល​មាន​ទំហំ​២,០៣២ម៉ែត្រ​ការ៉េ​ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​អស់​២លាន​៥​សែន​ដុល្លារអាមេរិក​ ដែល​ជា​គម្រោង​មួយ​ក្នុង​គម្រោង​២២ ​មាន​នៅ​ក្នុង​ផែន​ការ​ប្លង់​ស្ថាបត្យ​កម្ម​ នៃ​វិទ្យាស្ថាន​កង​រាជ​អាវុធ​ហត្ថ​កំបូល​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ