ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្ដីការក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យមើលអំពីវឌ្ឍនភាព នៃការត្រៀមធ្វើសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល នៅយោធភូមិភាគទី៥ នាពេលខាងមុខ ដែលមានអ្នកចូលរួមមកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ទូទាំងកងយោធពលខេមរភូមិន្ទ។ កិច្ចប្រជុំរៀបចំក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាព តាមបណ្ដាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ និងពិនិត្យពិភាក្សាលើការងារត្រៀមរៀបចំសិក្ខាសាលា ការងារសម្ព័ន្ធសម្រាប់ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំលោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖ ការងារសម្ព័ន្ធមេត្រីភាព គឺជាគំនិតផ្ដួចផ្ដើមប្រកបដោយគត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តគិតគូរ និងយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តឲ្យមានការចងសម្ព័ន្ធមេត្រីភាព ជាពិសេសនៅក្នុងដំណាក់កាលនេះ និងតទៅមុខទៀត ក្នុងនោះផងដែរក៏ទទួលបាននូវការគាំទ្រ និងអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្ថែមទៀតថា៖ ការងារសម្ព័ន្ធមេត្រីភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានបំពេញភារៈកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្តិភាពជូនប្រជាជនកម្ពុជា ហេតុនេះស្មារតីសាមគ្គីភាព និងវប្បធម៌នៃការចែករំលែក ស្របតាមទិសស្លោក “សមរភូមិក្រោយជួយសមរភូមិមុខ”។ ក្នុងឆ្នាំ២០២៤នេះ គឺមានអង្គភាពនៃកងយោធពលខេមរភូមិន្ទមួយចំនួន ទទួលបានការអនុញ្ញាតចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័នអង្គភាពស៊ីវិលបន្តទៀត។
លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្តទៀតថា៖ សម្រាប់ឆ្នាំ២០២៤នេះ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សិក្ខាសាលាសម្ព័ន្ធមេត្រីភាព និងរៀបចំឡើងនៅទិសយោធភូមិភាគទី៥ គោលបំណងសំខាន់របស់អង្គសិក្ខាសាលា គឺដើម្បីបន្តលើកទឹកចិត្តដល់ទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាព បន្ដប្រពៃណីសិល្បៈ នៃការចែករំលែក នៃការងារសម្ព័ន្ធមេត្រីភាពឱ្យបានសកម្មថែមទៀត ដើម្បីពង្រឹង និងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឲ្យមានគុណប្រយោជន៍ និងជាយុទ្ធសាស្ត្រយូរអង្វែង។ ជំនួយមួយផ្នែករបស់សម្ព័ន្ធមេត្រីភាពក៏បានបម្រើទស្សនវិស័យយូរអង្វែង ដូចជាក្រៅពីការស្ថាបនាសំណង់ អគារ លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា ក៏បានជួយទ្រទ្រង់ដល់ជីវភាព និងសុវត្ថិភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដល់យោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍ទៀតផង ៕













