នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ្រ័រ Jean-Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Jean-Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ជាការលើកទឹកចិត្តដល់នាយទាហាន ពលទាហានកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កាន់តែមានភាពរីកចម្រើន និងជោគជ័យបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានបញ្ជាក់ថា នៅក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ អាស្រ័យដោយនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានប្រែក្លាយជាប្រទេសមួយ ដែលធ្លាប់ទទួលកងទ័ពមួកខៀវ ទៅជាប្រទេសផ្តល់វិភាគទានយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ដែលចាប់ផ្តើមតាំងពីឆ្នាំ២០០៦ បានបញ្ជូនកងអនុសេនាធំបោសសំអាតមីនជាលើកដំបូង មានចំនួនត្រឹមតែ១៣៥នាក់ប៉ុណ្ណោះ ទៅកាន់ប្រទេសស៊ូដង់។ បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយ ក្នុងការបញ្ជូនកងដោះមីនរបស់ខ្លួន ទៅជួយសម្រាលទុក្ខវេទនារបស់ប្រជាជនដទៃទៀត ដែលទទួលរងដោយសារផលវិបាក នៃសង្គ្រាមដូចកម្ពុជាដែរ។ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៤នេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន៥៧០នាក់ ចូលរួមក្នុងបេសកកម្មអ.ស.ប នៅក្នុង១០ប្រទេស និងបច្ចុប្បន្ន កងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន៦២៧នាក់ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល លីបង់ ស៊ូដង់ខាងត្បូង ស៊ូដង់ និងកុងហ្គោ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានបញ្ជាក់បន្ថែមថា នាពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តបញ្ជូនកងកម្លាំង ទៅបំពេញបេសកកម្មនៅបណ្តាប្រទេស ដែលកំពុងជួបវិបត្តិក្នុងនោះបានផ្តល់អាទិភាពចំពោះកងកម្លាំងជាស្ត្រី ដែលជាការរួមចំណែកក្នុងកិច្ចដំណើរការរក្សាសន្តិភាព តាម សំណូមពររបស់អង្គការសហប្រជាជាតិ។ កម្ពុជាក៏បានដាក់បញ្ចូលកងកម្លាំងទៅក្នុងប្រព័ន្ធត្រៀមជាស្រេច“UNPCRS” រួមមាន កងវិស្វកម្មព្រលានយន្តហោះ១កង កងស្ពានបណ្តែតទឹក និងចល័តលើគោក១កង និងកងអាវុធហត្ថ១កង ឮនិងបានត្រៀមប្រុងប្រៀបរៀបចំរចនាសម្ព័ន្ធទាំងផ្នែកទន់រឹង ដូចជាការកសាងសង់អគារថ្មីៗបន្ថែម ឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ដល់កងឯកភាពថ្មី, សម្ភារៈបុគ្គលម្នាក់ៗ, ជ្រើសរើសនាយទាហាន ពលទាហាន, ពិនិត្យសុខភាព និងការហ្វឹកហ្វឺនបង្កើនសមត្ថភាពកងកម្លាំងរក្សាសន្តិភាព មុនពេលចេញដំណើរស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តម Jean-Pierre Lacroix បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានស្ម័គ្រចិត្តបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម បានបង្ហាញពីការដឹងគុណបំណាច់ចំពោះកងរក្សាសន្តិភាពកម្ពុជា ដែលបានពលីជីវិតក្នុងតំបន់បេសកកម្ម ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខ នៅលើពិភពលោក។
ឯកឧត្តម Jean-Pierre Lacroix បានបញ្ជាក់ថា នាពេលខាងមុខអង្គការសហប្រជាជាតិមានតម្រូវការចាំបាច់កងកម្លាំងរក្សាសន្តិភាពលើជំនាញបោសសំអាតមីន កម្ទេចគ្រាប់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ និងការកសាងស្ពានថ្នល់។ នាពេលកន្លងមកជំនាញទាំងបី កងរក្សាសន្តិភាពកម្ពុជាពិតជាមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញការងារក្នុងតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ ទាំងសមត្ថភាពជំនាញវិជ្ជាជីវៈ និងបានប្រើប្រាស់ភាសាអង់គ្លេស និងបារាំងស្ទាត់ជំនាញ។
ឯកឧត្តម Jean-Pierre Lacroix សម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យក្នុងការបង្កើនកងកម្លាំងជានារីចូលរួមបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ព្រោះថានាពេលបច្ចុប្បន្នកងរក្សាសន្តិភាពជានារី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងសហគមន៍ដែលកំពុងប្រឈមរងគ្រោះដោយវិបត្តិសង្គ្រាមរ៉ាំរៃដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រោះធម្មជាតិផ្សេងៗទៀត។
ឯកឧត្តម Jean-Pierre Lacroix សូមគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមកម្លាំងនៅក្នុងប្រព័ន្ធត្រៀមជាស្រេច (UNPCRS) ទាំងបីកង កងវិស្វកម្មព្រលានយន្តហោះ កងស្ពានបណ្តែតទឹកចល័តលើគោក និងកងអាវុធហត្ថដែលជាកម្លាំងដ៏សំខាន់ដែលជាតម្រូវការចាំបាច់របស់អង្គការសហប្រជាជាតិនាពេលខាងមុខ។ ឯកឧត្តមសន្យានឹងខិតខំស្វែងរកការគាំទ្រសម្រាប់ទទួលយកកងរក្សាសន្តិភាពកម្ពុជា សម្រាប់ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិបន្ថែមទៀត។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានស្នើឯកឧត្តម Jean-Pierre Lacroix ជួយគាំទ្រលើកិច្ចការមួយចំនួនដូចតទៅ៖
– ផ្តល់លទ្ធភាពជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្នុងប្រព័ន្ធត្រៀមជាស្រេច”UNPCRS” កងអនុសេនាធំកងវិស្វកម្មព្រលានយន្តហោះ, កងស្ពានបណ្តែតទឹកនិងចល័តលើគោក, និងកងអនុសេនាធំកងអាវុធហត្ថ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
– ជួយគាំទ្រដល់ការធ្វើម្ចាស់ផ្ទះ វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី “កម្ពុជា អ.ស.ប កូរ៉េ” ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅបំណាច់ឆ្នាំ២០២៤នេះ ឱ្យដំណើរការទទួលបានជោគជ័យតាមកម្មវិធីគ្រោងទុក ៕

















