សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ មាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១-មិថុនា ដែលប្រារព្ធនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានសមាសភាព អត្តយុទ្ធជនមកពីរាជ-ខេត្ត រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមប្រមាណ ៣.១០០នាក់។ ការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិមួយ ដែលធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបការៈ ដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ជាពិសេសអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ការងាររបស់សមាគមអតីតយុទ្ធជន ផ្ដោតគោលដៅ៣ចំណុចគឺ កិត្តិយស ជីវភាព និងឱកាស។

សម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចិរភាព ក្នុងនោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្តិភាពការងារ និងជនពិការ តាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមានការកសាងតំបន់ប្រវត្តិសាស្ត្រយោធា វិមានរំឭកគុណ និងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅតាមតំបន់ទីតាំងប្រវត្តិសាស្ត្រ ដើម្បីចារិកទុក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្ដុះមនសិការ កតញ្ញូ សុខដុម និងការចូលរួម និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រគោរពដឹងគុណដល់ សម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ព្រមទាំងចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារី ស្នេហាជាតិ ដែលបានធ្វើពលិកម្មប្រកបដោយស្ថិរភាពដើម្បីជាតិមាតុភូមិ។
សម្តេចធិបតី បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជា តាមរយៈ ទី១៖ ការផ្តល់កិត្តិយសដោយកំណត់យកថ្ងៃទី២១ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា ក្នុងនោះគោលបំណងរំឭកដល់គំរូវីរៈភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ក្នុងការរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅក្នុងការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គម។ ទិវានេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់តបស្នងសងគុណដល់អតីតយុទ្ធជន និងចង់ឲ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជន ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងឆន្ទៈមនសិការ ស្នេហាជាតិ ដោយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ទី២ ៖ ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅ របស់អតីតយុទ្ធជននៅបន្តគិតគូរ និងបានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ ដែលទាបជាងឬស្មើ ៧៧ម៉ឺនរៀល ឲ្យដល់៨២ម៉ឺន៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤។ ការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៥ម៉ឺនរៀល និងការដំឡើងរបបឧបត្ថម្ភប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពមន្ត្រីរាជការស៊ីវិល និងសពអតីតយុទ្ធជនជាដើម។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណថែទាំសុខភាព ប.ស.ស ជូនដល់ជនមានពិការភាព និវត្តន៍ជន និងជនបាត់បង់សុវត្ថិភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយប.ស.ស ដោយមិនគិតប្រាក់។
ទី៣ ៖ ការផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យចូលរួមក្នុងកិច្ចការបម្រើជាតិមាតុភូមិដោយផ្ទាល់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការចូលរួមដើម្បីធ្វើការបន្តវេនផងដែរ។ ជាមួយនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារថ្នាក់ជាតិចុះជួយរាជធានី-ខេត្ត សប្បុរសជនដៃគូអភិវឌ្ឍន៍នានា ដែលបានបរិច្ចាគថវិកា និងសម្ភារៈ និងរួមសហការជិតស្និទ្ធជាមួយសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការបង្កគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន និងគ្រួសារ ឲ្យទទួលបានការលើកកម្ពស់ជីវភាពសុខុមាលភាព កាន់តែប្រសើរឡើងជាលំដាប់ និងកាន់តែមានភាពកក់ក្តៅជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕






























































