គណៈប្រតិភូសម្រាកបំប៉នសុខភាពកងទ័ពប្រជាជនឡាវមួយក្រុមដឹកនាំដោយ វរសេនីយ៍ទោ សាក់លើម ថងខាំម៉ូន អនុប្រធាននាយកដ្ឋានអប់រំ និងបណ្តុះបណ្តាល វិទ្យាស្ថានការពារជាតិ កៃសន ព្រំវិហាន បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅទីស្ដីការក្រសួង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ជម្រាបជូន ឯកឧត្តម រដ្ឋលេខាធិការ ក្នុងឱកាសនោះ វរសេនីយ៍ទោ សាក់លើម ថងខាំម៉ូន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងខ.ភ.មទាំងអស់ ដែលបានទទួលស្វាគមន៍ចំពោះ គណៈប្រតិភូរបស់លោកនាពេលនេះ ហើយលោកបានបន្តទៀតថា៖ វត្តមានរបស់ប្រតិភូលោកនាពេលនេះ គឺមកសម្រាកបំប៉នសុខភាព និងធ្វើដំណើរទស្សនកិច្ចទីកន្លែងទេសចរណ៍មួយចំនួន នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ជាក់ថា៖ សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ពិសេសស្ថានភាពនយោបាយ សង្គម និងស្ថិរភាព នៃកំណើនសេដ្ឋកិច្ចជាតិ ហើយព្រះរាជាណាចក្រកម្ពុជាក៏ជាប្រទេសមួយ ដែលកំពុងស្រូបយកភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាដោយមានការកើនឡើងនូវចំនួនជារៀងរាល់ឆ្នាំផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន ជួសមុខឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ។ ឯកឧត្តម ក៏បានជូនពរចំពោះគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងការសំរាកបំប៉នសុខភាពរបស់ខ្លួននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានលើកឡើងនូវចំណងសាមគ្គី ភាពមិត្តភាពរបស់កងទ័ពប្រជាជនទាំង២ កម្ពុជា និងឡាវ ដែលមានជាយូរលង់ណាស់មកហើយ ក្នុងការរួមគ្នាប្រយុទ្ធជាមួយសត្រូវរួម តាំងពីសម័យអាណានិគមនិយមរហូតមកដល់បច្ចុប្បន្នកងទ័ពទាំងពីរនៅតែមានចំណងសាមគ្គីភាពដ៏រឹងមាំ និងមានកិច្ចសហប្រតិបត្តិការជារៀងរហូត ហើយបានជួយគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន ដែលមានប្រទេសជិតខាងគ្នា។ ឯកឧត្តម ក៏សង្ឃឹមផងដែរថា៖ ចំណងសាមគ្គីភាពនេះនឹងនៅស្ថិតស្ថេរគង់វង្សជារៀងរហូត ៕




















