លោក​ជំទាវ ដាំ ដា​រីនី​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍន​ភាព​ ការ​ងារ​យេន​ឌ័រ​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ព្រឹកថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ២០២៤ លោក​ជំទាវ នាយ​ឧត្តម​សេនីយ៍​ ដាំ ដា​រីនី​ រដ្ឋលេខា​ធិការ និ​ង​ជា​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ពិនិត្យ​វឌ្ឍន​ភាព​ ការ​ងារ​យេន​ឌ័រ​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ នៅ​សាល​ប្រជុំទី​ស្តី​ការ​ក្រសួងកា​រ​ពារ​ជាតិ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម លោក​ជំទាវ អនុ​ប្រធាន​ សមាជិក​ ក្រុម​ការ​ងារ​យេន​ឌ័រ​។​

លោក​ជំទាវ នាយ​ឧត្តម​សេនីយ៍​ ដាំ ដា​រីនី​ រដ្ឋលេខា​ធិការ និ​ង​ជា​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ ក្រសួង​ការ​ពារ​ជាតិ

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ លោក​ជំទាវ នាយ​ឧត្ត​ម​សេនីយ៍​ រដ្ឋ​លេខា​ធិការ​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ការ​ងារ​ទទួល​បាន​លទ្ធផ​ល​ល្អ​ប្រសើរ​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ នា​ពេល​កន្លង​មក​។ លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា​៖ រាជ​រដ្ឋា​ភិបាល​នីតិ​កាលទី៧ នៃ​រដ្ឋ​សភា​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ប្រកប​ដោយ​គត្តិបណ្ឌិត​របស់​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី​១ ជា​កម្ម​វិធី​នយោ​បាយ​ សម្រាប់​ការ​កសាង​ និង​ការ​ពារ​ជាតិ​ មាតុ​ភូមិ​ ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨។ ក្នុង​នោះ​រាជរដ្ឋាភិបាល​ក៏​បាន​​កំណត់​​ការ​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​ និង​ការបង្កើនភាព​អង់​អាច​របស់​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​គ្រប់​វិស័យ​ជា​អាទិភាព​ ក្នុង​របៀប​វារៈ​គោល​នយោ​បាយ​ តាម​រយៈ​ការ​ពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម ​ដែ​លមាន​អារ្យធម៌ខ្ព​ស់​ ប្រកប​ដោយ​សីលធម៌​ សមធម៌ និង​បរិយាប័ន្ន​ ដែល​ក្នុ​ងនោះ​ស្ត្រី​គឺ​ជា​ស្នូល​។

លោក​ជំទាវ​ នាយឧត្តមសេនីយ៍ ​រដ្ឋលេខាធិ​ការ​ ក៏​បាន​លើក​ឡើងប​ន្ថែម​ទៀត​ថា​៖ ក្រសួងការ​ពារ​ជាតិ​​ក្រោម​ការ​ដឹក​នាំ​របស់​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយ​ក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ជា​និច្ច​កាល​ តែង​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ​ តាម​រយៈ​ការ​គាំទ្រ​ដល់​កា​រ​ចូល​រួម​ក្នុង​ការ​អនុវត្ត​ការ​ងារ​របស់​យោធិន​នារី​ ក្នុង​គ្រប់​កិច្ច​ការ​។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​៖ ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្រ្ជាបយេនឌ័រ​ក្រសួង​ការ​ពារ​ជាតិ​ ដំណាក់​កាល​ទី​២ ឆ្នាំ​២០២៤-២០២៨ បានបង្ហាញ​ពី​ទស្សន​វិស័យ​រយៈ​ពេល​៥ឆ្នាំ​ខាង​មុខ​ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថ​ភាព​ ចំណេះ​ដឹង​ ជំនាញ ការ​​ទទួល​បាន​នូវ​តួនាទី​ភារៈកិច្ច​ និង​របៀប​នៃ​ការ​អនុវត្ត​ការ​ងារ​ ដើម្បី​ឲ្យ​យោធិន​នារី​អាច​ចូល​រួម​បាន​ដូច​ជា​បុរស​។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ សមត្ថភាព និង​ការ​ចូល​រួម​អនុវត្ត​ការ​ងារ​របស់​យោធិន​នារី​ គឺ​មាន​ភាព​ល្អ​ប្រសើរ​ គួរ​ឲ្យ​កត់​សម្គាល់​ ក្នុ​ង​នោះ​គឺ​យើង​មា​ន​យោធិន​នារី​ ដែល​មាន​ជំនាញ​​បើក​រថក្រោះ​ ជំនាញ​កាំភ្លើង​ធំ​ ជំនាញ​ការ​ពារ​អាកាស​ ជំនាញ​សង្គ្រោះ​ ជំនាញ​នគរបាល​យុត្តិធម៌​ និង​ជំនាញ​ផ្សេងៗ​ជា​ច្រើន​ទៀត​ផង។ ក្នុងឱកាសនោះផងដែរ លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍​ រដ្ឋលេខាធិការ​ ក៏​បាន​អំពាវ​នាវ​ដល់​សមាជិក​ និង​បណ្ដាញ​ក្រុម​ការ​ងារ​យេនឌ័រ​នៅ​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ សូម​ចូល​រួម​គាំទ្រ​ និង​បរិច្ចាគ​ដោយ​ស្ម័គ្រ​ចិត្ត​ ជា​មួយ​យុទ្ធនាការ «​មួយ​ម៉ឺន​រៀល​ មួយ​ម៉ឺន​នាក់​» ក្រោម​​គំនិត​ផ្ដួច​ផ្ដើម​របស់​ លោក​ជំទាវ​បណ្ឌិត​ ពេជ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ ស្ត្រីទីមួយ​នៅ​កម្ពុជា​ ក្នុង​គោល​បំណង​ជួយ​ដល់​មូល​និធិគន្ធ​បុប្ផា​កម្ពុជា​ ដើម្បីផល​ប្រយោជន៍​កុមារ​កម្ពុជា។ ​នៅ​ទី​បញ្ចប់​លោក​ជំទាវ​ ក៏​បាន​ប្រគល់​ជូន​មាន​អំណាច​របស់​ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​ បានឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ជូន​ដល់​យោធិន​នារី​ជំនាញ​ចំនួន​១០​នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ឃីដ​មួយ​កញ្ចប់​ មី​មួយ​កេស​ ត្រី​ខ​មួយ​យួរ​ ថវិកា​២០​ម៉ឺន​រៀល​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ