ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន អង្គភាពស៊ីវិល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារសម្ព័ន្ធមេត្រីភាព ដែលមានការចូលរួមមកពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ទូទាំងកងយោធពលខេមរភូមិន្ទ។ កិច្ចប្រជុំរៀបចំឡើង នៅក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាព តាមបណ្ដាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ នឹងពិនិត្យពិភាក្សាលើការងារត្រៀមរៀបចំសិក្ខាសាលាការងារសម្ព័ន្ធមេត្រីភាព សម្រាប់ឆ្នាំ២០២៤។
ថ្លែងនៅក្នុងកិច្ចប្រជុំលោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ការងារសម្ព័ន្ធមេត្រីភាព គឺជាគំនិតផ្ដួចផ្ដើម ប្រកបដោយគិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី ហើយនៅក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តគិតគូរ និងយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្ត ឲ្យមានការចងសម្ព័ន្ធមេត្រីភាព ជាពិសេសនៅក្នុងដំណាក់កាលនេះ និងតបទៅមុខ។ ក្នុងនោះផងដែរ ក៏ទទួលបាននូវការគាំទ្រ និងអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។
លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្ថែមទៀតថា៖ ការងារសម្ព័ន្ធមេត្រីភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបានបំពេញភារៈកិច្ចយ៉ាងម៉ឺងម៉ាត់ នៅក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្តិភាព ជូនដល់ប្រជាជនកម្ពុជា។ ហេតុនេះស្មារតីសាមគ្គីភាព និងវប្បធម៌ នៃការចែករំលែកស្របតាមទិសស្លោក«សមរភូមិក្រោយជួយសមរភូមិមុខ» ក្នុងឆ្នាំ២០២៤នេះ គឺមានអង្គភាព នៃកងយោធពលខេមរភូមិន្ទមួយចំនួន ទទួលបានការអនុញ្ញាតចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិល។ លោកជំទាវនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានបន្តទៀតថា៖ សម្រាប់២០២៤នេះ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សិក្ខាសាលាសម្ព័ន្ធមេត្រីភាព នឹងរៀបចំឡើងនៅទិសយោធភូមិភាគទី៥ ក្នុងគោលបំណងសំខាន់របស់អង្គសិក្ខាសាលានេះ គឺដើម្បីបន្តលើកទឹកចិត្តដល់ទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាព បន្ដប្រពៃណីសិល្បៈ នៃការចែករំលែក នៃការងារសម្ព័ន្ធមេត្រីភាព ឱ្យបានសកម្មថែមទៀត ដើម្បីពង្រឹង និងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឲ្យមានគុណប្រយោជន៍ និងជាយុទ្ធសាស្ត្រយូរអង្វែង បង្វែរទិសមួយផ្នែក នៃជំនួយសម្ព័ន្ធមេត្រីភាព ប្រើទស្សនវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់ អគារលេនដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា។ រួមគ្នាជាមួយនឹងដៃគូសម្ព័ន្ធមេត្រីភាព ដែលមានស្រាប់ សហការផ្ដួចផ្ដើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខុមាលភាពដល់យោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ទៅដល់យោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍ផងដែរ។ ចុងបញ្ចប់នៃកិច្ចប្រជុំ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានដាក់ចេញនូវទិសដៅមួយចំនួន ដើម្បីឲ្យក្រុមការងារអនុវត្ត ឲ្យបានល្អប្រសើរ ឆ្ពោះទៅការរៀបចំសិក្ខាសាលានាពេលខាងមុខនេះផងដែរ ៕







































