ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោក ហ្វាប្រីច អេទៀនណេ (Fabrice ETIENNE) ភារធារីស្ថានទូតបារាំងប្រចាំកម្ពុជា និងសហការី ដែលរួមមាន លោកប្រធានសហប្រតិបត្តិការយោធាបារាំង និងទីប្រឹក្សាយោធាបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការយោធា កម្ពុជា-បារាំង ស្តីពីការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាព ក្នុងកងយោធពលខេមរភូមិន្ទ និងការបណ្តុះបណ្តាល សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ឆ្នាំ២០២៤-២០២៧។

នៅក្នុងឱកាសនោះ លោក ហ្វាប្រីច អេទៀនណេ (Fabrice ETIENNE) បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជា ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលបេសកកម្មទាំងនោះភាគច្រើននៅក្នុងបណ្ដាប្រទេសមានជម្លោះ ដែលប្រើប្រាស់ភាសាបារាំង ហើយកងទ័ពមួកខៀវកម្ពុជាភាគច្រើនអាចប្រើប្រាស់ភាសាបារាំងនៅទីនោះបានយ៉ាងល្អ។ លោក ហ្វាប្រីច អេទៀនណេ (Fabrice ETIENNE) បានបញ្ជាក់ថា៖ កន្លងមកនេះកងទ័ពបារាំងមានតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើផ្នែកភាសាបារាំង។ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កងទ័ព នៃប្រទេសទាំងពីរ បារាំង-កម្ពុជា បានធ្វើឱ្យមានការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការយ៉ាងល្អ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ភួង ស៊ីផាន បានគូសបញ្ជាក់ពីការជួយជ្រុំជ្រែងរបស់ប្រទេសបារាំងដល់កម្ពុជា ពិសេសក្នុងការជួយធ្វើឲ្យប្រសើរឡើង ជំរុញឲ្យការសម្របសម្រួលបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា ហើយឈានដល់ការចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ ឯកឧត្តម ភួង ស៊ីផាត បានបន្តថា៖ នៅឆ្នាំ១៩៩៤ ប្រទេសបារាំងបានជួយដល់កងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស ការផ្ដល់សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗជាច្រើន ពិសេសជាងនេះទៅទៀត គឺការជួយបង្កើតឲ្យមានអង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ តាមរយៈនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សង្ឃឹមយ៉ាងមុតមាំថា កងទ័ពប្រទេសទាំងពីរ កម្ពុជា-បារាំង និងបន្តពង្រឹងពង្រីកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀត ៕















