ជំនួប​ពិភាក្សា​ការ​ងារ​ រវាង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ឯកឧត្តម​ Lloyd ​James ​Austin ​III​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅ​រសៀល​ថ្ងៃទី​០៤ ​ខែ​មិថុនា ​ឆ្នាំ​២០២៤ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ​ក្រសួង​ការពារ​ជាតិ​ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯកឧត្តម ​Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​។​

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ Lloyd Austin រដ្ឋមន្ត្រី ​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក ​និង​គណៈ​ប្រតិភូ ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ជាលើក​ទី២ ​បន្ទាប់​ពី​លើកទី​១​ ​ឯកឧត្តម ​អញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​-​បូក ​នៅ​ខេត្ត​សៀម​រាប​។​ ឯកឧត្តម ​នាយឧត្តម​សេនីយ៍ ​ទៀ សីហា ​បាន​ថ្លែង​អំណរ​គុណ​ចំពោះរដ្ឋាភិបាល កងទ័ព​សហរដ្ឋ​អាមេរិក​ ដែ​ល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​​ដល់​រាជរដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​កម្ពុជា ​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​សង្គ​ម​-​សេដ្ឋកិច្ច​កម្ពុជា ​ជា​ពិសេស​ការ​ជួយ​ពង្រឹង​ និង​លើក​កម្ពស់​សមត្ថភាព​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​រួម​ទាំង​កង​រក្សា​សន្តិភាព​កម្ពុជា​ទៅ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​ នា​ពេល​កន្លង​មក​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឯកឧត្តម Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក

     នៅ​ក្នុង​កិច្ច​ពិភាក្សា ​ឯកឧត្តម ​Lloyd Austin បាន​បង្ហាញ​ពី​ជំហរ​បន្ត​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-​​អាមេរិក​ ដែល​បាន​ថម​ថយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​ឈរ​លើ​ស្មារតី​បង្កើន​ជំនឿ​ទុក​ចិត្ត​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ រួម​ចំណែក​លើក​កម្ពស់​សន្តិភាព ​សន្តិសុខ ​វិបុលភាព ​និង​ការ​អភិវឌ្ឍ​។​

      ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​បាន​ជម្រាប​ជូន​ឯកឧត្តម​ Lloyd Austin ថា៖ រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ ​នៃ​រដ្ឋសភា ​ក្រោម​ការ​ដឹក​នាំ​របស់ ​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ា​ណែត ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ចាត់​ទុក​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ ​ជា​ការ​ងារ​អាទិភាព​។​ ក្នុង​ន័យ​នេះ ​ឯកឧត្តម​ បាន​សំណូម​ពរ​ឯកឧត្ត​ម ​Lloyd Austin បន្ត​ពង្រឹង​លើក​កម្ពស់​ក្រុម​កិច្ច​សន្ទនា​គោល​នយោបាយ​ការ​ពារ​ជាតិ,​ ក្រុម​ពិភាក្សា​ទ្វេភាគី​ការ​ពារ​ជាតិ ​និង​ក្រុម​សម្រប​សម្រួល​កិច្ច​សហប្រតិបត្តិការ​យោធា ​ធ្វើ​ការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ឡើង​វិញ​ជា​មួយ​ភាគី​អាមេរិក​ ក្នុង​ការ​រៀបចំ​គោល​នយោ​បាយ​ ផែន​ការ​សកម្មភាព​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​យោធា​កម្ពុជា-​អាមេរិក ​ដោយ​ផ្តោត​លើកិ​ច្ច​សន្ទនា​គោល​នយោ​បាយ ​និង​ពិគ្រោះ​យោបល់, ​ការ​កសាង​សមត្ថភាព​យោធិន,​ ប្រតិបត្តិ​ការ​រក្សា​សន្តិភាព ​និង​កិច្ច​សហប្រតិបត្តិការ​ជំនាញ​កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ ជើង​អាកាស​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​អាមេរិក​។​

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ​ សីហា​ និង​ឯកឧត្តម​ Lloyd Austin បាន​បង្ហាញ​ជំហរ​រួម​គ្នា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ កម្ពុជា​-​អាមេរិក ឡើង​វិញ ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច,​ ប្រតិបត្តិ​ការ​រក្សា​សន្តិភាព ​“លើក​កម្ពស់​ការ​ចូល​រួម​កង​កម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​ (យេនឌ័រ), ជួយ​ហ្វឹក​ហ្វឺន​កង​រក្សា​សន្តិភាព,​ ការ​បោស​សំអាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ”,​ ការ​បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​ជំនាញ​ទ័ព​ជើង​គោក ​ជើង​ទឹ​ក ជើង​អាកាស​ នៅ​សាលា ​West Point​ សហរដ្ឋ​អាមេរិក​ និង​ការ​បណ្តុះ​បណ្តាល​វគ្គ​ជំនាញ​បច្ចេក​ទេស​ផ្សេងៗ​។

     ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ ឯកឧត្តម​ Lloyd Austin រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអា​មេរិក​ គឺ​ជា​ឱកាស​មួយ​សម្រាប់​ពង្រឹង​ឡើង​វិញ​ នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​-​អាមេរិក ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ​ដែល​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​ជូន​កង​ទ័ព​ និង​ប្រជាជន​សម្រាប់​អនាគត ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ