ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ បានចូលជួបសម្តែងការគួរសម ឯកឧត្តម អឹង អេងហេន(Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី។
ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានថ្លែងអំណរគុណដល់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ និងបានថ្លែងសន្ទរកថាដ៏ល្អ។
មានមតិឆ្លើយតបវិញ ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី ដែលបានផ្ដល់ឱកាសឲ្យគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានមកចូលរួមក្នុងកិច្ចសន្ទនាសាំងគ្រីឡា ឆ្នាំ២០២៤។ ឯកឧត្តម ទៀ សីហា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី។
ជាការមតិឆ្លើយតប តាមរយៈ ឯកឧត្តម ទៀ សីហា ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានផ្ដាំផ្ញើសាកសួរទុក្ខដល់ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាមិត្តចាស់ ហើយជាអ្នកដែលមានវ័យចំណាស់ជាងគេ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM)។
ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានលើកឡើងពីទំនាក់ទំនងកិច្ចសហការ រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ កម្ពុជា-សិង្ហបុរី ដែលក្នុងនោះ ទាំងវិស័យស៊ីវិល និងយោធា ប្រទេសសិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានបានយ៉ាងល្អប្រសើរ ហើយកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពីសិក្ខាកាម ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅសិង្ហបុរី។ ឯកឧត្តម បានបញ្ជាក់ថា៖ ចូលមកដល់ឆ្នាំ២០២៤នេះ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក យើងបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជាបានបំពេញជំនាញលើវិស័យកងទ័ពជើងទឹក។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា៖ ក្នុងឆ្នាំ២០២៤នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងខ.ភ.ម ការធ្វើទំនើបកម្មលើរចនាសម្ព័ន្ធ និងជំនាញដល់កងទ័ព។
ឯកឧត្តម អឹង អេងហេន(Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកប្រទេសទាំងពីរ ដែលទៅថ្ងៃខាងមុខ យើងនឹងផ្តោតការធ្វើលំហាត់សមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹកអាស៊ានផងដែរ។ ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានបញ្ជាក់ថា៖ យើងនឹងធ្វើការរួមគ្នាដើម្បីសន្តិភាព ក្នុងតំបន់អាស៊ានរបស់យើង ៕













