ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលប្រព្រឹត្តទៅ នៅប្រទេសសិង្ហបុរី។ អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំនេះដែររួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការរទេស, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរង កងទ័ពជើងគោក។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ បានប្រព្រឹត្តទៅដោយមានសម័យប្រជុំពេញអង្គចំនួន៧ លើប្រធានបទ រួមមាន៖ -ភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក, -ការពង្រឹងការគ្រប់គ្រងវិបត្តិនៅពេលមានការប្រកួតប្រជែងកាន់តែកើនឡើង,-ការកសាងសន្តិសុខសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក,-បញ្ហាប្រឈមសណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់,-វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសកល,-ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក,-ការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់។
ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ថា៖ ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខ មានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខ ការលើកកម្ពស់នូវយន្តការពហុភាគីនិយម ដែលមានស្រាប់ ដូចជាកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ហើយដែលមានអាស៊ានជាស្នូលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ។ យើងគួរតែពង្រឹង និងប្រើប្រាស់ចំណុចខ្លាំងរបស់អាស៊ាន ក្នុងការទាក់ទាញប្រទេសផ្សេងៗមកចូលរួម ក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា ក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា៖ អាស៊ាននៅតែជាវេទិកា នៃកិច្ចសន្ទនាឈានមុខគេសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយសារតែគោលការណ៍បើកចំហ បរិយាបន្ន និងតម្លាភាព។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាចង់ឃើញដៃគូអាស៊ានបន្តគាំទ្រ និងប្រកាន់ខ្ជាប់នូវមជ្ឈភាព និងឯកភាពអាស៊ាន។ ការបែកបាក់របស់អាស៊ាន នឹងនាំទៅរកផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែចំពោះសមាជិកអាស៊ានតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ចំពោះប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
ឯកឧត្តម ទៀ សីហា បានបន្តថា៖ កម្ពុជាពិតជាមានមោទនភាពក្រៃលែង ដែលបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការស្វែងរកសន្តិសុខ និងសន្តិភាពដ៏រឹងមាំចាប់តាំងពីថ្ងៃដំបូង ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីពេលនោះមក កម្ពុជាក៏បានធ្វើការរួមចំណែកប្រកបដោយការស្ថាបនា និងសារៈសំខាន់ជាច្រើនដល់កិច្ចសហប្រតិបត្តិការរបស់អាស៊ានលើគ្រប់វិស័យ។ ជាក់ស្តែង សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) គឺសម្រេចបាននៅក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០០២ ហើយនៅក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តួចផ្តើមការបង្កើតមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ដែលបានដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាព ចែករំលែកឧត្តមានុវត្តលើកិច្ចការបោសសម្អាតមីន និងកាកសំណល់សង្គ្រាមដល់ប្រទេសសមាជិកអាស៊ាន។ លើសពីនេះនៅក្នុងឆ្នាំ២០២២ កម្ពុជាក៏បានរៀបចំគំនិតផ្តួចផ្តើមជាក់ស្តែងចំនួន ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងអាស៊ាន រួមមាន កិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ការលើកកម្ពស់យន្តការគាំទ្រដល់កម្លាំងថែរក្សាសន្តិភាពជាស្ត្រីរបស់អាស៊ាន និងកិច្ចសហការ រវាងស្ថាប័នអប់រំយោធាអាស៊ាន។ គំនិតផ្តួចផ្តើមទាំងនេះ បាននឹងកំពុងអនុវត្ត ហើយយើងសង្ឃឹមថានឹងមានឱកាសសហការជាមួយនឹងប្រទេសជាដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ជាពិសេសការលើកកម្ពស់ការគាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)។
ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា៖ នៅចំពោះមុខស្ថានភាពភូមិសាស្ត្រនយោបាយ ដែលមានការវិវត្តយ៉ាងឆាប់រហ័ស វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទទួលស្គាល់នូវគុណតម្លៃ គោរពសិទ្ធិ ការពារអធិបតេយ្យ និងឯករាជ្យភាពរបស់បណ្តាប្រទេសតូចៗ។ កម្ពុជាបានផ្តល់តម្លៃ និងគាំទ្រទៅលើយន្តការពហុភាគីនិយម ដែលមានសារៈសំខាន់ជាអនេកតាមរយៈក្របខ័ណ្ឌអន្តរជាតិ និងអាស៊ាន ដើម្បីធានាថា យើងទាំងអស់គ្នាអាចសម្រេចបាននូវយន្តការកិច្ចសហប្រតិបត្តិការ ដែលផ្តល់នូវគុណប្រយោជន៍រួម។ ការអភិវឌ្ឍ និងសន្តិភាពរបស់យើង គឺអាស្រ័យទៅលើការគោរពរប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអ.ស.ប និងធម្មនុញ្ញអាស៊ាន។ ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងច្បាស់ថា កម្ពុជាបានប្តេជ្ញាគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់អន្តរជាតិ ហើយចាប់ពីពេលនេះតទៅមុខ កម្ពុជានៅតែបន្តការបរិច្ចាកកម្លាំងកងរក្សាសន្តិភាពឱ្យចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ហើយនេះគឺជាភស្តុតាង នៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិសុខ និងសន្តិភាពសកល។ ម្យ៉ាងទៀត យើងនឹងនៅតែបន្តគាំទ្រសកម្មភាពពហុភាគីនិយម ជាពិសេស ផ្អែកលើការចារចា កិច្ចសន្ទនា និងការពិគ្រោះយោបល់ ដែលអាចរួមចំណែកជាវិជ្ជមានដល់ការដោះស្រាយជម្លោះទាំងនៅក្នុង និងក្រៅតំបន់ដោយផ្អែកលើគុណតម្លៃសន្តិភាព ដំណោះស្រាយឈ្នះ ឈ្នះ និងគោលការណ៍ការគោរពគ្នាទៅវិញទៅមក ៕
























