កងទ័ពកម្ពុជា-ចិន បានបិទបញ្ចប់វគ្គសមយុទ្ធរូមគ្នា នាគមាស លើកទី ៦ ២០២៤ នៅលើដីគោក នៃទីលានបាញ់គ្រាប់ពិត របស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំបន់ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹកលើកទី១ នៅលើលម្ហសមុទ្រកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង(Jia Jian Cheng) មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ ក្រៅពីនោះគេសង្កេតឃើញមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក ជាមន្ត្រីជាន់ខ្ពស់តំណាងស្ថាប័នក្រសួង ក្នុងរាជរដ្ឋាភិបាល មន្ត្រីយោធាជាន់ខ្ពស់ក្នុងស្ថាប័នក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធាបណ្ដាប្រទេសជាមិត្ត ចូលរួមសង្កេតការណ៍ជាច្រើនរូប។

ប្រធានក្រុមដឹកនាំសមយុទ្ធនាគមាស ២០២៤ កម្ពុជា-ចិន បានរាយការណ៍ថា៖ សមយុទ្ធ “នាគមាស-២០២៤” បានរៀបចំក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារ សង្គ្រោះមនុស្សធម៍» នៃកងទ័ពទាំងពីរកម្ពុជា-ចិន ដែលមានរយៈពេលរួម ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ទើបបញ្ចប់ ។ សមយុទ្ធនេះត្រូវបានរៀបចំចំនួន ២ ទីតាំង ដោយទីតាំងទី១ ជាសមយុទ្ធលើដីគោក ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងទីតាំងទី២ ស្ថិតនៅដែនសមុទ្រ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។ សមយុទ្ធនាគមាស-២០២៤ បានរៀបចំខ្លឹមសារប្រតិបត្តិការលើគោកជាកម្លាំងទ័ពពិត ធ្វើការចល័តតាមទីតាំង ផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្តែង និងបែងចែកតាមដំណាក់កាលនីមួយៗ ដែល ដំណាក់កាលទី១ ការប្រឆាំងភេរវកម្មតាមដងផ្លូវក្នុងទីក្រុង មាន០៤ ប្រតិបត្តិការដូចជា៖ ប្រតិបត្តិការស៊ើបការណ៍គ្រប់ផ្នែក ប្រតិបត្តិការឡោមព័ន្ធបិទខ្ទប់ ប្រតិបត្តិការវាយលុកគ្រប់ផ្នែក និងប្រតិបត្តិការវាយសម្រុកចូល ។ ដំណាក់កាលទី២ ការបោសសម្អាតជុំរុំភេរវករនៅតំបន់ភ្នំ មាន ០៤ ប្រតិបត្តិការ៖ ដែលក្នុងនោះមានប្រតិបត្តិការស៊ើបការណ៍រុករក ប្រតិបត្តិការបាញ់សង្គ្រប់ដោយអាវុធគាំទ្រ ប្រតិបត្តិការបោសសម្អាត និងប្រតិបត្តិការប្រមូលកម្លាំងដកទ័ពចេញ។
ចំពោះប្រតិបត្តិការលើផ្ទៃសមុទ្រ មានខ្លឹមសារសំខាន់ៗ ដូចជា៖ ការអនុវត្តប្រើប្រាស់និងគ្រប់គ្រងនាវា ប្រតិបត្តិការពង្រាយរូបភាពប្រយុទ្ធ ប្រតិបត្តិការសហការរុករកជួយសង្គ្រោះ ប្រតិបត្តិការប្រឆាំងភេរវកម្ម និងប្រតិបត្តិការរំដោះចំណាប់ខ្មាំង។ លើសពីនេះ ភាគីទាំងពីរបានធ្វើការរៀបចំផែនការរួម និងបែកចែកក្រុមហ្វឹកហាត់តាមសេនារីយោរួម ទទួលលទ្ធផលគួរជាជាទីមោទនៈ និងមានការរៀបចំផែនការប្រកបដោយភាពមត់ចត់ និងប្រសិទ្ធភាពខ្ពស់។ យោងតាមផែនការសមយុទ្ធដែលភាគីទាំងពីរ បានពិភាក្សាសម្រេច បានបង្កើតនូវយន្តការសម្រាប់ទំនាក់ទំនងសម្រសម្រួល ក៏ដូចជា រៀបចំផែនការសម្រាប់ហ្វឹកហ្វឺនប្រចាំថ្ងៃ ដោយមានការចូលរួមពីក្រុមដឹកនាំសមយុទ្ធភាគីទាំងពីរ កងឯកភាពជំនាញ កំឡុងពេលហ្វឹកហាត់មានការបាញ់គ្រាប់ពិត និងកម្លាំងទ័ពពិត ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ។
ដោយឡែកសមយុទ្ធមួយទៀត ដែលជាផ្នែកមួយ របស់សមយុទ្ធនាគមាស ២០២៤ គឺបានធ្វើឡើងស្របពេលតែមួយនៅលើលំហសមុទ្ររបស់កម្ពុជា មានឈ្មោះថា៖ សមយុទ្ធកងទ័ពជើងទឹក នាគមាស២០២៤ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់នាវាដឹកទំនិញ»។ សមយុទ្ធកងទ័ពជើងទឹកនាគមាសកម្ពុជា-ចិន ២០២៤ ដែលជាផ្នែកមួយរបស់ សមយុទ្ធនាគមាស២០២៤ បានប្រព្រឹត្តទៅនៅលើលំហសមុទ្ររបស់កម្ពុជា ដែលបានបិទបញ្ចប់ប្រកបដោយជោគជ័យនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ចេរ ជៀនឈឹង(Jia Jian Cheng) នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ សមយុទ្ធនេះ ភាគីទាំងពីរបានបញ្ជាក់ថា៖ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹក ប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងកិច្ចការពារដែនអធិបតេយ្យផ្ទៃលំហសមុទ្ររបស់កម្ពុជា ឲ្យបានរឹងមាំ។ នេះគឺជាលើកទីមួយ មិនធ្លាប់មានពីមុនមក សម្រាប់កងទ័ពជើងទឹកកម្ពុជា ដែលបានធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដោយភាគីកងទ័ពប្រទេសទាំងពីរ បានអះអាងថា៖ ការធ្វើសមយុទ្ធលើគោក និងផ្នែកមួយនៃលំហសមុទ្ររបស់កម្ពុជា មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។
ឧត្ដមសេនីយ៍ឯក ចេរ ជៀនឈឹង(Jia Jian Cheng) មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា៖ សមយុទ្ធនាគមាសឆ្នាំ២០២៤នេះ នឹងជួយជំរុញឲ្យទំនាក់ទំនងរវាងចិនកម្ពុជា កាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀត ជាពិសេសនោះវិស័យការពារជាតិ ប្រទេសទាំងពីរ។ ឯកឧត្ដម បានចាត់ទុកសមយុទ្ធនាគមាសឆ្នាំ២០២៤ គឺជាសមិទ្ធផលថ្មី នៃការពង្រឹងពង្រីកចំណងសាមគ្គីមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាម សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដមមានមោទនភាពជាទីបំផុត ដែលបានធ្វើជាម្ចាស់ផ្ទះជាលើកទី៦ សមយុទ្ធនាគមាសឆ្នាំ២០២៤ នៅពេលនេះ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចិរភាពក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់គណៈកម្មការដឹកនាំដំណើរការសមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងទ័ពរំដោះប្រជាជនចិន អនុព័ន្ធយោធាចិន ប្រចាំកម្ពុជា។ ដឹកនាំតាមស្ថាប័នក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រៀបចំសមយុទ្ធរួមគ្នាលើកនេះ ដំណើរការដោយរលូន ទទួលបានជោគជ័យតាមកម្មវិធីគ្រោងទុក។ តាមរយៈទស្សនាការសម្ដែងប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា នូវការសង្គ្រោះមនុស្សធម៌ ការដឹកនាំសមយុទ្ធនៅទីបញ្ជាការ និងរបាយការណ៍របស់ក្រុមការងារ ដឹកនាំសមយុទ្ធនាគមាសឆ្នាំ២០២៤ កងទ័ពទាំងពីរ កម្ពុជា-ចិន បានបង្ហាញថា៖ សមយុទ្ធរួមគ្នាលើកនេះ កងទ័ពប្រទេសទាំងពីរ បានពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អប្រសើរ បង្កើនការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្លើយតបការគំរាមកំហែងសន្តិសុខគ្រប់បែបយ៉ាង នាំមកនូវផលប្រយោជន៍ សុភមង្គលដល់ប្រទេសជាតិ និងប្រជាជនទាំងពីរ រួមវិភាគទានដល់ការគាំពារសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានបញ្ជាក់ថា៖ សមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពទាំងពីរកម្ពុជាចិន ដែលដំណើរការទទួលបានជោគជ័យនាថ្ងៃនេះ បានផ្តើមចេញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានលើកកម្ពស់ជាបន្តបន្ទាប់ សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតយោធា ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នានាពេលកន្លងមក។ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជាចិន បានពង្រឹង និងពង្រីកឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាព នៃការទទួលខុសត្រូវខ្ពស់។ កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកការងារហ្វឹកហ្វឺន គឺជាកត្តាគន្លឹះដែលខណ្ឌមួយ សម្រាប់អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សវ័យក្មេង បន្តវេន ដែលជាជ្រុងអាទិភាពមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដែលជាការរួមវិភាគទានដល់កិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ និងពិភពលោក ៕




































