នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដដែលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈឯកឧត្តមត្រូវបានបញ្ចប់បេសកកម្មការងារការទូតនៅកម្ពុជា។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានជួយសម្របសម្រួលកិច្ចការងារជាច្រើន ដល់វិស័យការពារជាតិ និងនៅក្នុងវិស័យផ្សេងៗជាច្រើនទៀត ក្នុងការចូលរួមចំណែកកសាងស្តារអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសការជួយសម្របសម្រួលផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា ដូចប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន តែងបានលើកឡើងថា៖ ការស្គាល់មិត្តក្នុងគ្រាមានការលំបាក។ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្ដែងនូវក្ដីនឹករឭក អាឡោះអាល័យ ហើយសង្ឃឹមថា ឯកឧត្តម ឯកអគ្គរដ្ឋទូត Wang Wentian ត្រូវបញ្ចប់បេសកកម្មការងារការទូតពីព្រះរាជាណាចក្រកម្ពុជា ក៏ពិតមែន ឯកឧត្តមនឹងបន្តជួយមកដល់ប្រទេសកម្ពុជាជាបន្តទៀត ពិសេសលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិកម្ពុជា និងចិន ហើយក៏បានជូនពរដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន នឹងទទួលជោគជ័យថ្មីៗបន្ថែមទៀត នៅលើការបំពេញបេសកកម្មការងារជូនប្រទេស និងប្រជាជនចិន។
ឯកឧត្តម Wang Wentian បានថ្លែងនូវអំណរគុណផងដែរ ចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានឆ្លៀតពេលដ៏មមាញឹក ឲ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសម និងជម្រាបលាពេលនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា៖ ឯកឧត្តមបានមកបំពេញការងារការទូតនៅកម្ពុជា មានរយៈពេលជាង៥ឆ្នាំមកហើយ ហើយពិតជាមានការអាឡោះអាល័យខ្លាំងណាស់ ឯកឧត្តមក៏បានអរគុណចំពោះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលតែងតែបានជួយបង្កលក្ខណៈងាយស្រួលដល់ការបំពេញការងារការទូត ដោយរលូននៅកម្ពុជា។ ឯកឧត្តម Wang Wentian បានថ្លែងថា៖ ជិត៦ឆ្នាំ នៃការបំពេញការងារការទូតនៅកម្ពុជា បានមើលឃើញទំនាក់ទំនងចិន និងកម្ពុជា មានសន្ទុះយ៉ាងខ្លាំងក្លា ចាប់តាំងពីឆ្នាំ២០១៩ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើផែនការសម្មភាពវាសនារួម ចិន និងកម្ពុជា ដល់ឆ្នាំ២០២៣ប្រទេសទាំងពីរបានឈានដល់ការកសាងវាសនារួម នៃយុគសម័យថ្មី ហើយទំនាក់ទំនងប្រទេសទាំងពីរ ពិតជាបានដើរទៅមុខគួរឲ្យកត់សម្គាល់។ ទាក់ទងទៅនឹងការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា អំពីកូវីដ-១៩ ឯកឧត្តមបានបញ្ជាក់ថា៖ នេះគឺជាគំរូសម្រាប់ទំនាក់ទំនងបែបថ្មី ហើយកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ជាផ្នែកសំខាន់ នៃទំនាក់ទំនងប្រទេសទាំងពីរ ៕













