ពិធី​រំលឹក​ខួប​លើក​ទី​៧៦ ​នៃទិ​វា​អន្តរជាតិ​កង​កម្លាំង​រក្សា​សន្តិភាព ​អង្គការ​សហ​ប្រជា​ជាតិ ​និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខ័ន្ធ​ ដល់​កង​កម្លាំង​រក្សា​សន្តិភាព ​ដែល​បាន​ពលីជី​វិត​ ក្នុង​បុព្វ​ហេតុ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​(UN)

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​ឧសភា ​ឆ្នាំ​២០២៤​​ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ឯកឧត្តម​ ចូ​សិប​ ស៊ូ​អើរ (Joseph Scheuer) អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​(អ.ស.ប.) ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៧៦ ​នៃ​ទិវា​អន្តរជាតិ​កង​កម្លាំង​រក្សា​សន្តិភាព ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ដល់​កង​កម្លាំង​រក្សា​សន្តិភាព ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​(UN) នៅ​សាលា​ហ្វឹក​ហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព​ពហុជាតិ​(PKO)​ ស្រុក​ភ្នំ​ស្រួច ​ខេត្ត​កំពង់​ស្ពឺ។ 

នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខ័ន្ធ​ដល់​កង​កម្លាំង​រក្សា​សន្តិភាព ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​(UN)

ឆ្នាំ​២០២៤​នេះ ​គឺ​ជា​ខួប​លើក​ទី​៧៦ ​នៃ​ការ​រក្សា​សន្តិភាព​របស់​ អង្គការ​​សហ​ប្រជា​ជាតិ ​និង​ជា​ខួប​លើក​ទី​៣២​ ដែល ​អ.ស.ប.​ បាន​បង្កើត​បេសក​កម្ម​ ដែល​ហៅ​កាត់​ថា​ UNTAC ​មក​​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ចូល​រួម​ចំ​ណែក​ស្តារ​ឡើង​វិញ​ នូវ​សុខ​សន្តិភាព ​ជូន​ប្រទេស​កម្ពុជា​ ដែល​ហែក​ហួរ​ដោយ​សង្រ្គា​ម​ស៊ីវិល​ប្រមាណ​ជាង​៣​ទសវត្សរ៍។ កម្លាំង​រក្សា​សន្តិភាព​ប្រមាណ​ជាង​ ១៥​ពាន់​នាក់ ​នគរបាល​ស៊ីវិល​ប្រមាណ​ជាង​ ៣​ពាន់​នាក់ ​និង​បុគ្គលិក​ស៊ីវិល​ អ.ស.ប.​ ចំនួន​៩០០នាក់ ដែល​មក​ពី​៤៥​ប្រទេស ​បាន​ចូល​រួម​យ៉ាង​សកម្ម​ ពី​ឆ្នាំ​១៩៩២ ​ដល់​ឆ្នាំ​១៩៩៣ ​ក្នុង​បេសក​កម្ម​អ៊ុន​តាក់​(UNTAC)នៅ​កម្ពុជា​ ហើយ​ក្នុង​នោះ​កម្លាំង​រក្សា​សន្តិភាព​ទាំង​យោធា ​និង​ស៊ីវិលចំនួន​៨២​នាក់ ​​បាន​ពលី​ជីវិត​លើ​ទឹក​ដីកម្ពុជា​។​

ឧត្តម​សេនីយ៍​ទោ ​សែម រតនា អគ្គ​នាយក​រង​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព

នៅ​ក្នុង​របាយ​ការណ៍​ស្វាគមន៍​របស់ ​ឧត្តម​សេនីយ៍​ទោ ​សែម រតនា អគ្គ​នាយក​រង​ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ​បាន​ឲ្យ​ដឹង​ថា​៖ រយៈ​ពេល ​១៧​ឆ្នាំ ​ក្រោយ​ពី ​UNTAC បញ្ចប់​បេសក​កម្ម​នា​ឆ្នាំ​១៩៩៣ ​ពោល​គឺ​នៅ​ឆ្នាំ​២០០៦​ កម្ពុជា​ក៏​បាន​ក្លាយ​ជា​ប្រទេស​បរិច្ចាគ ​ដោយ​បាន​បញ្ជូន​កម្លាំង​របស់​ខ្លួន​ទៅ​ស្វែង​រក​សុខ​សន្តិភាព​ជូន​បណ្តា​ប្រទេស ​និង​ប្រជា​ជាតិ​ ដែល​រង​ទុក្ខ​វេទនា​ដូច​​កម្ពុជា​នា​អតីត​កាល​ផង​ដែរ​។​ នៅ​ក្នុង​រយៈ​ពេល​១៨​ឆ្នាំ​នេះ ​ កម្ពុជា​ដែល​ជា​សមាជិក​ដ៏​សកម្ម​មួយ​របស់​​អ.ស.ប.​ បា​ន​បញ្ជូន​កម្លាំង​ចូល​រួម​បេសក​កម្ម​សរុប​ចំនួន​ ៩​ពាន់ ​៥៧០​នាក់​ ក្នុង​នោះ​មាន​នារី​ចំនួន ​៨១៨​នាក់ ​ទៅ​កាន់​បេសក​កម្ម​ចំនួន​១២ ​ក្នុង​ប្រទេស​ចំនួន​១០​ មាន​ជា​អាទិ៍៖​ ប្រទេស​ស៊ូដង់​ ស៊ូដង់​ខាង​ត្បូង ​ឆាដ​ លីបង់​ ស៊ីរី​ សាយ​ប្រឺស​ ម៉ាលី​ អាហ្វ្រិ​ក​កណ្តាល​ យេ​ម៉េន ​និង​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​កុង​ហ្គោ​។​ ហើយ​ជា​អកុសល ​វីរយុទ្ធជន​កម្ពុជា​ចំនួន​១១​រូប​ បាន​ពលី​ជីវិត​លើ​សមរ​ភូមិ​ នៃ​តំបន់​បេសក​កម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី ​និង​អាហ្វ្រិ​កកណ្តាល​។​

ឯកឧត្តម​ ចូ​សិប​ ស៊ូ​អើរ​ (Joseph Scheuer) អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​(អ.ស.ប.) ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា

ឯកឧត្តម ​ចូសិប​ ស៊ូ​អើរ​ (Joseph Scheuer) អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​អំណរ​គុណ ​ចំពោះ​យុទ្ធ​ជន​ និង​យុទ្ធ​នារី ​ដែល​បាន​បំពេញ​ភារកិច្ច​ ក្រោម​ទង់​របស់​​អ.ស.ប. ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​របស់​​អ.ស.ប. ដើម្បី​សន្តិភាព ​ហើយ​ថ្ងៃ​នេះ​យើង​គោរព​នូវ​ការ​ចង​ចាំ​ចំពោះ​សមាជិក​ដែល​បាន​បាត់​បង់​ជីវិត​ ក្នុង​បុព្វ​ហេតុ​សន្តិភាព​។​ ឯកឧត្តម ​ក៏​បាន​ថ្លែង​ដែរ​ថា៖ ចាប់​តាំង​ពី​ឆ្នាំ​១៩៤៨ ​រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​អ្ន​ក​ថែ​រក្សា​សន្តិភាព​ជា​បុរស ​និង​ស្ត្រី​ ប្រមាណ​២​លាន​នាក់​ ចូល​រួម​ប្រតិបត្តិ​ថែ​រក្សា​សន្តិភាព​ពិភព​លោក​ក្រោម​ឆ័ត្រ​អ.ស.ប​. ក្នុង​នោះ​មាន​យុទ្ធ​ជន ​យុទ្ធ​នារី​ ថែ​រក្សា​សន្តិភាព​ប្រមាណ ​៤២០០​នាក់ បាន​ពលី​ជីវិត​ ក្នុង​បុព្វ​ហេតុ​រក្សា​សន្តិភាព​នេះ ​ក្នុង​នោះ​មាន​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ ចំនួន​ ១១នាក់​ផង​ដែរ​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖ ការ​ចូល​រួម​របស់​យោធិន​កម្ពុជា ​ក្នុង​ប្រទេស​កំពុង​ហួង​ហែង​ដោយ​សារ​ភ្លើង​សង្គ្រាម​ បាន​បញ្ជាក់​យ៉ាងច្បាស់​​ឡើង​វិញ​នូវ​ការ​តាំង​ចិត្ត​របស់​កម្ពុ​ជា ចំពោះការ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ក្នុង​សហគមន៍​យុទ្ធសាស្ត្រ​រួម​គ្នា​ ដើម្បី​រក្សា​សន្តិភាព​ និង​អនាគត​ដ៏​ល្អ​ប្រសើរ​ទាំង​អស់​គ្នា​។ 

ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

នាយ​ឧត្ត​ម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ថ្លែង​ថា​៖ សន្តិភាព​ មាន​គុណ​តម្លៃ ​និង​ជា​ឧបរកណ៍​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ សម្រាប់​មនុស្ស​ជាតិ​នៅ​លើ​ពិភព​លោក​។​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​ក្នុង​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ ដោយ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​ប្រតិបត្តិការ​រក្សា​សន្តិភាព​ ដើម្បី​រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​សមាជិក ​សហគមន៍​អន្តរជាតិ​ និង​សង្គម​ស៊ីវិល​ក្នុង​ការ​ស្វែង​រក​សន្តិភាព ​សន្តិសុខ ​និង​ស្ថិរភាព​អន្តរជាតិ​ប្រកប​ដោយ​ចីរភាព​ ដើម្បី​ផ្តល់​ការ​គាំទ្រ ​តាម​សំណូមពរ​ជាក់​ស្តែង​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ស្រប​នឹង​កាលៈ​ទេសៈ ​និង​បរិបទ​សកល​នា​ពេល​បច្ចុប្បន្ន​។​ នាយឧត្តម​សេនីយ៍ ​បាន​លើក​ឡើង​ថា​៖ ចំពោះ​កម្ពុជា ​ការ​ប្រារព្ធ​ទិវា​ឆ្នាំ​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​នឹក​ឃើញ​អំពី​គុណ​តម្លៃ​នៃ​«សន្តិភាព» ដែល​កម្ពុជា​សម្រេច​បាន​ដោយ​លំបាក ​ដែល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ​និង​ពិភព​លោក​នៅ​បន្ត​ច្បាំង​គ្នា​ និង​បង្ក​ការ​បំផ្លិ​ច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​ និង​អាយុ​ជីវិត​ប្រជាជន​។​ ជា​ការ​ពិត​​នៅ​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ​ទោះបី​ប្រទេស​ជាតិ​កម្ពុជា​ មាន​សុខ​សន្តិភាព ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​​វិស័យ​យ៉ាង​ណា​ក្តី​ ក៏​រាជ​រដ្ឋាភិបាល ​និង​ប្រជាជន​កម្ពុជា​នៅ​តែ​ចង​ចាំ​ និង​ដឹង​គុណ​ជា​និច្ច​ និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​អង្គការ​សហ​ប្រជា​ជាតិ ​ដែល​បាន​បញ្ជូន​កង​រក្សាសន្តិភាព​«កង​ទ័ព​មួក​ខៀវ»​ មក​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា​ ដែល​នាំ​ឱ្យ​កម្ពុជា​មាន​ថ្ងៃ​នេះ។​

នាយ​ឧត្តម​សេនីយ៍​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​បាន​រំលឹក​ថា​៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ ​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​សម្រេច​បញ្ជូន​កង​ទ័ព​មួក​ខៀវ ​ទៅ​ស្វែង​រក​សុខ​សន្តិភាព​ នៅ​បណ្តា​ប្រទេស​លើ​ពិភព​លោក​ ដែល​ជួប​ទុក្ខ​លំបាក​តាំង​ពី​ឆ្នាំ​២០០៦ ​រហូត​មក​ដល់​ឆ្នាំ​២០២៤ ​«រយៈ​ពេល​១៨​ឆ្នាំ»​ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​ចំនួន​ ៩,៥៧០​នាក់ ​ក្នុង​នោះ​ស្ត្រី​៨១៨​នាក់ ​ទៅ​បំពេញ​បេសក​កម្ម​ចំនួន១២​ចំនួន​ ១០​ប្រទេស​ នៅ​តំបន់​អាហ្វ្រិក​ មជ្ឈឹម​បូព៌ា ​និង​អឺរ៉ុប​។​ បច្ចុប្បន្ន​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ចំនួន​​៦៣៩​នាក់​ មាន​ស្ត្រី​១២៥​នាក់ ​ស្មើ​នឹង​១៩% ​កំពុង​បំពេញ​បេសក​កម្ម​ចំនួន​៦ នៅ៥​ប្រទេស​ ដែល​កំពុង​​ជួប​វិបត្តិ​ ដើម្បី​កសាង​រួម​គ្នា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ​សម្រាប់​អនាគត​នូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ នីតិរដ្ឋ ​សិទ្ធិ​ស្ត្រី​ សិទ្ធិ​មនុស្ស​ សុខ​ភាព​ និង​ការ​អប់រំ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ