នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រសួងការពារជាតិ បានធ្វើការប្រជុំត្រៀមទទួលគណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ កិច្ចប្រជុំបានប្រព្រឹត្តឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជានាយកខុទ្ទកាល័យ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ដែលមានភារៈកិច្ចពាក់ព័ន្ធ ចូលរួមការទទួលគណៈប្រតិភូផងដែរ។
គួរបញ្ជាក់ថា៖ នេះគឺជាលើកទី២ ដែលគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្ដម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីលើកទី១ ដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូការពារជាតិអាមេរិក មកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានប្រារព្ធឡើងនៅទីរួមខេត្តសៀមរាប ដែលកាលនោះកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ដែលដឹកនាំដោយ ឯកឧត្ដម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ដែលនឹងអញ្ជើញបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ គឺនាំមកនូវការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ពិសេសរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-អាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ការធ្វើនៅកម្មវិធីទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិអាមេរិកនេះ គឺមានការចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ជួបសម្តែងការគួរសម និងពិភាក្សាជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ។
លើកឡើងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានផ្ដាំផ្ញើក្នុងអង្គប្រជុំ ចំពោះគណៈកម្មការ ដែលទទួលខុសត្រូវតាមផ្នែកនីមួយៗ ក្នុងការរៀបចំកម្មវិធីទទួលគណៈប្រតិភូ ដឹកនាំដោយ ឯកឧត្ដម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ត្រូវអនុវត្តទៅតាមកម្មវិធីដែលបានគ្រោងទុក ដោយការយកចិត្តទុកដាក់ខ្ពស់ ចំពោះភារៈកិច្ចខ្លួន គឺធ្វើយ៉ាងណាឲ្យកម្មវិធីនេះប្រព្រឹត្តដោយរលូន ៕


















