នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីបាឋកថា ស្ដីពីការផ្ដល់ទស្សនទានអំពីវិស័យចាត់តាំងកងទ័ពតាមដំណាក់កាលនីមួយៗ និងគោលការណ៍ នៃការដឹកនាំបញ្ជារបស់នាយទាហាន ដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជំនាន់ទី៤ ឆ្នាំ២០២៤ ចំនួន២១៤នាក់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហៀ ហ៊ីន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា៖ ដោយយោងទៅលើលិខិតបទដ្ឋាន ជាពិសេសផ្អែកទៅលើ ក្របខ័ណ្ឌគុណវឌ្ឍន៍ជាតិ នៃកម្ពុជា មជ្ឈមណ្ឌលបានរៀបចំផែនការបណ្តុះបណ្តាល ដោយយកកម្មវិធីបណ្ដុះបណ្ដាលតាមប្រព័ន្ធក្រេឌីត គិតរយៈពេលសិក្សា ១៥ម៉ោង ស្មើ១ក្រេឌីត តាមក្របខ័ណ្ឌគុណវឌ្ឍន៍ជាតិបណ្តុះបណ្តាល៦០ក្រេឌីត ចេញដោយសញ្ញាបត្រ ឬបរិញ្ញាបត្ររង ច្រកសិក្សាដើម្បីទទួលបានគុណវឌ្ឍន៍កម្រិតសញ្ញាបត្រ ឬបរិញ្ញាបត្ររងនេះ បេក្ខជនទូទៅត្រូវរៀនចប់មធ្យមសិក្សាទុតិយភូមិ ប្រឡងធ្លាក់ឬជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈបីកម្រិតបួន វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ យោងទៅលើលិខិតបទដ្ឋានគតិយុត្ត លក្ខខណ្ឌជ្រើសរើសយោធិនមកសិក្សា និងខ្លឹមសារហ្វឹកហ្វឺនរបស់មជ្ឈមណ្ឌល ឯកឧត្តម ឧត្តមសេនីយ៍ទោ ហៀ ហ៊ីន ក៏បានសំណូមពរ មេត្តាជួយសម្រួលលើការងារបណ្តុះបណ្តាលបច្ចុប្បន្ន ជាកម្រិតសញ្ញាបត្រ ឬបរិញ្ញាបត្ររង ហើយមជ្ឈមណ្ឌល និងមានទិសដៅបន្តទៅរកការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្របន្ថែមទៀត ជាក់ស្ដែងនេះ កំពុងសិក្សាជាមួយនឹងបណ្ដាសាកលវិទ្យាល័យស៊ីវិលផ្សេងៗទៀត រួមទាំងមានកិច្ចសហការជាមួយគ្នាលើការផ្ទេរក្រេឌីតបន្តយកបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ នាយទាហានត្រូវយល់ច្បាស់អំពីគោលការណ៍យុទ្ធវិធី ប្រមូលព័ត៌មានកម្លាំងមិត្ត ជុំវិញសភាពការណ៍ក្នុង និងក្រៅប្រទេស គោលការណ៍ខ្លីត្រូវតែអនុវត្តឲ្យបានច្រើន កសាងធន់ធានមនុស្សជាកត្តាកំណត់ មានប្រាំថ្នាក់សម្រាប់នាយទាហាន។ ឯកឧត្តម ភួង ស៊ីផាន បានបន្តថា៖ ការពង្រឹងការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានតាមកម្រិតយល់ដឹង ឲ្យស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បន្តអនុវត្តលើការងារគ្រប់គ្រងសម្ភារៈបំពាក់ក្នុងអង្គភាព ការរៀនសូត្រចាប់ពីថ្នាក់យុទ្ធជន រហូតដល់ថ្នាក់នាយទាហានគ្រប់ជាន់ថ្នាក់ ទាហានត្រូវតែដឹងសមត្ថភាពយល់ដឹងបន្ថែម ដើម្បីស្របតាមសភាពការណ៍បច្ចុប្បន្ន។ នាយទាហានទាំងអស់ត្រូវមានសមត្ថភាពចំណេះដឹងកាយសម្បទារឹងមាំ មានសីលធម៌ ការដឹកនាំរបស់នាយទាហានថ្នាក់យុទ្ធសាស្ត្រ ថ្នាក់យុទ្ធការ ថ្នាក់ភូមិភាគ ថ្នាក់កងពលធំ កងពលតូច រហូតដល់វរសេនាធំ កងអនុសេនាធំ និងកងអនុសេនាតូច ៕

























