សមយុទ្ធកងទ័ពជើងទឹក «នាគមាស-ឆ្នាំ២០២៤» លើផ្ទៃសមុទ្រ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធ កងយោធពលខេមរភូមិន្ទ និងឯកឧត្តម ឧត្តមនាវីទោ កៅ ស៊ីវឈឹង នាយរងសេនាធិការតំបន់ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្ទៃសមុទ្រ និងនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ បន្ទាប់ពីភាគីកងទ័ពប្រទេសទាំងពីរ បានបើកកិច្ចប្រតិបត្តិការរួមគ្នា ធ្វើលំហាត់សមយុទ្ធជាក់ស្ដែង នៅលើលំហរសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល ១២ថ្ងៃមកនោះ។

លំហាត់សមយុទ្ធកងទ័ពជើងទឹក «នាគមាស-ឆ្នាំ២០២៤» លើផ្ទៃសមុទ្រ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្ដើម បើកប្រតិបត្តិការស្របគ្នាជាមួយនឹងលំហាត់សមយុទ្ធលើដីគោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នោះផងដែរ។ នេះគឺជាលើកទី១ សម្រាប់លំហាត់សមយុទ្ធ កងទ័ពជើងទឹក នៃប្រទេសទាំងពីរកម្ពុជា-ចិន នៅលើលំហរសមុទ្រ ហើយក៏ជាលើកទី ៦ ផងដែរ ដែលភាគីកងទ័ពប្រទេសទាំងពីរសហការគ្នាបើកប្រតិបត្តិការសមយុទ្ធនៅលើដីគោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលជាប្រធានគណៈកម្មការដឹកនាំសមយុទ្ធភាគីកងយោធពលខេមរភូមិន្ទ បានលើកឡើងថា៖ សមយុទ្ធប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៤នេះ ត្រូវបានពង្រីក ទំហំធំជាងបណ្ដាឆ្នាំមុនៗ ហើយមានខ្លឹមសារកាន់តែស៊ីជម្រៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានចាត់ទុកសមយុទ្ធឆ្នាំ២០២៤ នេះថា៖ មិនត្រឹមតែជាសមយុទ្ធកម្រិតកងទ័ពជើងគោក និងជើងគោកប៉ុណ្ណោះទេ តែក៏នៅមានពង្រីកដល់លំហរសមុទ្រផងដែរ។ ហើយសមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន ពង្រីកដល់កម្រិតកងទ័ពជើងអាកាស និងបណ្ដាកងទ័ពជំនាញផ្សេងៗទៀត នៅពេលអនាគត។ សមយុទ្ធកងទ័ពជើងទឹក នាគមាសកម្ពុជា-ចិន ២០២៤ ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ នៅទំនាក់ទំនងភាពជាដៃគូរ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តនយោបាយ រវាងគ្នាទៅវិញទៅមក បម្រើឲ្យការកសាងសហគមន៍វាសនារួមតែមួយកម្ពុជា-ចិន នៅក្នុងយុគ្គសម័យថ្មី និងជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្ដូរបទពិសោធន៍ រវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធកងទ័ពជើងទឹក នាគមាស ២០២៤ នាលើកនេះ បានក្លាយជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ មិនអាចបំបែកបាន រវាងប្រទេស និងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។ សមយុទ្ធនេះ បានផ្ដល់សារៈសំខាន់ដល់ការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមដល់កងទ័ព នៃប្រទេសទាំងពីរ ដើម្បីជាការបង្ហាញសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីបញ្ហាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។ កន្លងមកកងទ័ពរំដោះប្រជាជនចិន ដែលបានជួយបណ្ដុះបណ្ដាលដល់កងយោធពលខេមរភូមិន្ទ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការជួយកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធហ្វឹកហ្វឺន នៅវិទ្យាស្ថានទ័ពជើងគោក ក្នុងខេត្តកំពង់ស្ពឺ ការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធការពារដែលអាកាស ប្រព័ន្ធការពារកាំជ្រួចស្វាយប្រវត្តិ ការបំពាក់អាវុធធុនធ្ងន់ ការជួយកសាងទីលានបាញ់គ្រាប់ពិតចម្រុះ ដ៍ទំនើបកម្រិតអន្តរជាតិ។ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន មានការវិវឌ្ឍន៍ឥតឈប់ឈរ ធ្វើឲ្យទំនាក់ទំនងមិត្តភាព ប្រពៃណី មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងនោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតដល់កិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយការជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ជួយគ្នា នឹងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះដែរ ឧត្តមនាវីទោ កៅ ស៊ីវឈឹង នាយរងសេនាធិការ តំបន់ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានលើកឡើងថា៖ សមយុទ្ធកងទ័ពជើងទឹក នាគមាសឆ្នាំ២០២៤នេះ នឹងជួយជំរុញឲ្យទំនាក់ទំនង រវាងចិន-កម្ពុជា កាន់តែរឹងមាំស៊ីជម្រៅថែមទៀត ជាពិសេសនោះវិស័យការពារជាតិ នៃប្រទេសទាំងពីរ។ តាមរយៈនៃការផ្លាស់ប្ដូរបទពិសោធន៍ បង្កើនការយល់ដឹង និងវិធីសាស្ត្រផ្សេងៗ។ សូមបញ្ជាក់ថា៖ សមយុទ្ធកងទ័ពជើងទឹក នាគមាសកម្ពុជា-ចិនឆ្នាំ២០២៤ និងសមយុទ្ធនាគមាសលើដីគោក នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាភ្នំជុំសែនរីករាយ ក្នុងខេត្តកំពង់ឆ្នាំង មានកម្លាំងទ័ពចូលរួមសរុបជាង ២០០០នាក់ ក្នុងនោះកងទ័ពកម្ពុជាចំនួន ១៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនមានចំនួន ៧៦០នាក់ បំពាក់ទៅដោយគ្រឿងយុទ្ធោបករណ៍ មានរថក្រោះ រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទ នាវា ឧត្តម្ភាគចក្រ ដ្រូន បរិក្ខារស៊ើបការ បរិក្ខារពេទ្យសង្គ្រោះ បរិក្ខារបោសសំអាតជាតិផ្ទុះ បរិក្ខារបន្សាបជាតិពុល គីមី និងបរិក្ខារបញ្ជូនសារជាច្រើនមុខទៀតដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមច្បាស់ៗ ក្នុងពិធីបិទសមយុទ្ធកងទ័ពជើងទឹក “នាគមាស ២០២៤” នៅលើផ្ទៃសមុទ្រ នាខេត្តព្រះសីហនុថា៖ នេះគឺជាលើកទី១ ហើយដែលកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ចិន បានបើកប្រតិបត្តិការលំហាត់សមយុទ្ធរួមគ្នានាគមាសឆ្នាំ២០២៤ ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន” ហើយសមយុទ្ធនាគមាសឆ្នាំ២០២៤នេះ កងទ័ពទាំងពីរបានពង្រីកដល់ការធ្វើសមយុទ្ធកងទ័ពជើងទឹក ទាំងពីរ ដែលមានការចូលរួមពីនាវិក និងនាវាចម្បាំង នៃកងទ័ពទាំងពីរ ហើយបានធ្វើការហ្វឹកហាត់ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងបានបញ្ជា ដឹកនាំរួមគ្នាប្រឆាំងភេរវករលើផ្ទៃសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ចប់ដោយជោគជ័យ មានសុវត្ថិភាព។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្ថែមទៀតថា៖ សមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹង សមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤នេះ មិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ។ ផ្អែកតាមលទ្ធផលសមយុទ្ធនាគមាសឆ្នាំ២០២៤ ឯកឧត្តម បានផ្តល់មតិមួយចំនួន ដើម្បីឲ្យកងទ័ពទាំងពីរ ដកពិសោធន៍ និងបន្តអនុវត្តសមយុទ្ធនេះនៅពេលខាងមុខខាងមុខ កាន់តែមានប្រសិទ្ធភាព ដោយត្រូវបន្តយកចិត្តទុកដាក់សហការគ្នាលើគ្រប់វិស័យ និងផ្លាស់ប្តូរបទពិសោធន៍ពីរគ្នាទៅវិញ ទៅមក ដើម្បីបង្កើនសមត្ថភាពជំនាញ ជាពិសេសបច្ចេកវិទ្យាយោធា ដែលមានការវិវត្តយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។ ត្រូវប្រជុំផ្លាស់ប្តូរបទពិសោធន៍ក្នុងការធ្វើសមយុទ្ធជើងទឹកនាគមាសឆ្នាំ២០២៤ លើកទី១នេះ ដើម្បីដកពិសោធន៍ និងដាក់ចេញទិសដៅបន្តទៀត។ ត្រូវបន្តលើកកម្ពស់សាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការតាមយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ដែលបានដាក់ចេញ ដើម្បីកសាងសហការតែមួយ និងជោគវាសនាតែមួយ ៕






























































