កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និង GROUP CAPTAIN TONY PECK អនុព័ន្ធយោធាអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្ទេរ-ប្រគល់ ទទួលថ្នាក់រៀន និងសម្ភារៈជំនួយឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ជូនដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៅខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមឧបត្ថម្ភពីក្រសួងការពារជាតិអូស្រ្តាលី តាមរយៈអនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភ ជួសជុលអគារសិក្សា ជាឧបករណ៍សម្ភារៈ មានកុំព្យូទ័រ ម៉ាស៊ីនបញ្ចាំងស្លាយ ម៉ាស៊ីនកូពី ម៉ាស៊ីនបោះពុម្ព ប្រព័ន្ធទុយោទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ របស់មជ្ឈមណ្ឌល ដែលជាផ្នែកមួយនៃការផ្តល់កិច្ចគាំពារ ដល់នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។
នៅក្នុងនោះដែរ ឧត្តមសេនីយ៍ទោ នាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ ឧត្តមសេនីយ៍ត្រី នាយករង ទទួលបន្ទុកផែនការហ្វឹកហ្វឺន នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ និងក្រុមការងារការិយាល័យហ្វឹកហ្វឺន នាយកដ្ឋានបញ្ជូនសារ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយភាគីអូស្រ្តាលី ដែលខកខានជាច្រើនឆ្នាំកន្លងមក លើជំនាញបញ្ជូនសារ នៃកងយោធពលខេមរភូមិន្ទ ៕




































