ឯកឧត្តម ទៀ សីហា អនុញ្ញាតឲ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នាយ​​​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ២០២៤ បាន​អនុញ្ញា​ត​ឲ្យ​ ឯកឧត្ដម PARK Jung-Wook ​ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណ​រដ្ឋ​កូរ៉េ​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​បំពេញ​បេសក​កម្ម​ការ​ងារ​ការ​ទូត​កូរ៉េ​ ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ក្នុង​ជំនួប​នោះ​ ​នា​យ​ឧត្តម​សេនីយ៍​ ទៀ សីហា ក្នុង​នាម​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ ចំពោះ​វត្តមាន​ របស់​ឯកឧត្តម ​ឯក​អគ្គរដ្ឋ​ទូត​ និង​សហការី​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​មក​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ឯកឧត្ត​ម​នា​ពេល​នេះ​។ ក្រៅ​ពី​នោះ​ ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​ផង​ដែរ​ ដែល​បាន​ជួយ​សម្រប​សម្រួល​គ្រប់​ទម្រង់​បទដ្ឋាន​ របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា​ ពិសេស​សម្ដេច​បវរធិបតី​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​នា​រយៈ​ពេល​កន្លង​មក​។​ ក្នុង​ឱកាស​​បំពេញ​ដំណើរ​ទស្សន​កិច្ច​នៅ​ទី​នោះ​​ប្រមុខ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ បាន​ពង្រឹង​ចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ ប្រកប​ដោយ​ផ្លែ​ផ្កា​ ក្នុង​ការ​ពង្រឹង​លើ​វិស័យ ​សន្តិសុខ ពិសេស​ការ​ពង្រឹង​លើ​វិស័យ​ការ​ពារ​ជាតិ​ របស់​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​កូរ៉េ។​ ដូច​ដែល​ឯកឧត្តម​ និង​លោក​អនុព័ន្ធ​យោធា​សាធារណ​រដ្ឋ​កូរ៉េ​នៅ​ទី​នេះ​ស្រាប់​ កន្លង​មក​ភាគី​ទាំង​ពីរ​បាន​យក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​ទាក់​ទង​ កិច្ច​​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​ រវាង​ប្រទេស​ទាំង​ពីរ​។ ជា​មួយ​និង​នេះ​ផង​ដែរ​ឯកអគ្គ​រដ្ឋ​​ទូត​​ក៏​​ដូច​​ជា​​ខាង​​អនុព័ន្ធ​យោធា​ ដែល​ប្រចាំ​នៅ​កម្ពុជា​ស្រាប់​ នូវ​រាល់​កិច្ច​សហប្រតិបត្តិ​ការ​ គឺ​តែង​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ពង្រឹង​ពង្រី​ក​ជា​មួយ​នឹង​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប​ ឯកឧត្ដម​ PARK Jung-Wook បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ ​ឯកឧត្ដម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ចំពោះ​ការ​ផ្តល់​ពេល​វេលា​ អនុញ្ញាត​ឲ្យ​ឯកឧត្តម​ និង​សហការី​ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភា​ក្សា​ការ​ងារ​ នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​នា​ពេល​នេះ។​ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​ ក៏​បាន​ចូល​រួម​សម្តែង​នូវ​ការ​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​​យុទ្ធជន​ពលី​ ដែល​បាន​ជួប​ឧប្បត្ដិហេតុ​ផ្ទុះ​គ្រាប់​នា​ពេល​កន្លង​ទៅ​ នៅ​​យោធភូមិ​ភាគ​ទី​៣ របស់​ប្រទេស​កម្ពុជា​។ ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ ក៏​សូម​អបអរសាទរ​ ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិ​សាស្ត្រ​របស់​ សម្ដេច​​មហា​បវរធិបតី​ ទៅ​កាន់​ប្រទេស​កូរ៉េ​ ហើយ​បាន​ជួប​ប្រា​ស្រ័យ​ទាក់​ទង​ពិភាក្សា​គ្នា​ ប្រកប​ដោយ​អត្ថន័យ​ជា​ប្រវត្តិ​សាស្ត្រ​។ តាម​រយៈ​នៃ​ដំណើរ​ទស្សន​កិច្ច​ និង​ជំនួស​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ រវាង​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ គឺ​បាន​​ធ្វើ​​ឲ្យ​ចំណង​សាមគ្គី​ភាព​ មិត្ត​ភាព​ រវាង​ប្រទេស​ទាំង​ពីរ​ ប្រែ​ក្លាយ​ពី​មិត្ត​ភាព​ធម្មតា​ ទៅ​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។ តាម​រយៈ​​នេះ​ផង​ដែរ​ចំណង​មិត្ត​ភាព​ រវាង​រដ្ឋាភិបាល​ កងទ័ព​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ដំឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ធម្មតា ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ ដែល​ជា​ការ​ពង្រឹង​មូល​ដ្ឋាន​គ្រឹះ​ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ របស់​ប្រទេស​ទាំង​ពីរ​ ពិសេស​គឺ​ការ​ងារ​មួយ​ ដែល​មាន​សារៈ​សំខាន់​ និង​លេច​ធ្លោបំផុត​ចាប់​តាំង​ពី​ចាប់​ផ្ដើម​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ តាំង​ពី​ឆ្នាំ​១៩៩២​មក​។

ឯកឧត្ដម​ PARK Jung-Wook ​បាន​សង្កត់​ធ្ងន់​ថា​៖ តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​របស់​ សម្ដេច​ធិបតី​ នៅ​សាធារណ​រដ្ឋ​កូរ៉េ​ ភាគី​ទាំង​ពីរ ​បា​ន​ជំរុញ​ផង​ដែរ​ លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​វិស័យ​ការ​ពារ​ជាតិ ​សេដ្ឋកិច្ច​ និង​វិស័យ​ទេស​ចរណ៍​ រវាង​ប្រជាជន​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។ ​ក្នុង​នោះ​ដែរ​ភាគី​ទាំង​ពីរ​ ក៏​បាន​បើកនៅ​ផ្លូវ​មួយ​ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ប្រទេស​ទាំង​ពីរ​ ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​។ ទាក់​ទង​ទៅ​នឹង​វិស័យ​ការ​ពារ​ជាតិ​ ឯកឧត្តម ឯក​អគ្គរដ្ឋ​ទូត​បាន​ជម្រាប​ជូន​​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ ផង​ដែរ​ថា​៖ កង​ទ័ព​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ នៅពេលខាង​មុខ​នេះ ​នឹង​ធ្វើ​ការ​ចូល​សំចត​នាវា​ចម្បាំង​រប​ស់ខ្លួន​ ជា​លើក​ទី​មួយ​ ក្នុង​អំឡុង​ពេល​ឆមាស​ទី​២ នៅ​ឆ្នាំ​នេះ​ ក្នុង​ន័យ​មួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ជើង​ទឹក​​នៃ​ប្រទេស​ទាំង​ពីរ​ គឺ​កូរ៉េ​ និងកម្ពុជា។​ តាម​រយៈ​នេះ​លោក​​អនុព័ន្ធ​​យោធា​ នៃ​សាធារណរដ្ឋ​កូរ៉េ​ នឹង​ផ្ដល់​ព័ត៌មាន​ជា​បន្ត​បន្ទាប់ទៀត​អំពី​កម្ម​វិធី​នេះ​។ ពាក់​ព័ន្ធ​ដល់​អនុសាសន៍​ផ្នែក​យោធា ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ ទោះ​បី​ភាគី​ទាំង​ពីរ​មិន​ទាន់​បាន​ចុះ​ហត្ថ​លេខា​ លើ​អនុស្សារណៈ​យោគ​យល់​គ្នា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​កង​ទ័ព​ជើង​ទឹក​ទាំង​ពីរ​ នៅ​តែ​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​សន្តិសុខ​លម្ហ​សមុទ្រ ដើម្បី​ឲ្យ​មាន​សន្តិភាព​ ស្ថិរភាព​ សន្តិសុខ​នៅ​ក្នុង​តំបន់​។ ក្នុង​ន័យ​នេះ​ ​ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​ក៏​បាន​ស្នើ​សុំ​ដល់​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ជួយ​ជំរុញ​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នេះ​ ដែល​អាច​ធ្វើ​ទៅ​បាន។ ​ចំណុច​មួយ​ទៀតពាក់ព័ន្ធទៅនឹង​បញ្ហា​ថែ​រក្សា​សន្តិភាព​ភីស៊ីអូ(PCO) គឺ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ ក៏​បាន​សម្តែង​នូវ​ការ​លើក​ទឹក​ចិត្ត​ ក្នុង​ការ​ជំរុញ​បន្ថែម​ទៀត​ លើ​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​បណ្តុះ​បណ្តាល​វិស័យ​ថែ​រក្សា​សន្តិភាព​នេះ​ ដែល​នឹង​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ខែវិ​ច្ឆិកា​ឆ្នាំ​នេះ​ ដែល​នៅ​ក្នុង​កម្ម​វិធី​នោះ​ មាន​យោធា​ចារ្យ​ ដែល​មាន​សមាស​ភាព​មក​ពី​ប្រទេស​ជប៉ុន ​អូស្ត្រាលី និង​សមាសភាព​មក​ពី​សាធារណ​រដ្ឋ​កូរ៉េ​ផង​ដែរ។

​ជា​ការ​ឆ្លើយ​តប​ ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់​ថា​៖ ចាប់​តាំង​ពី​ឯកឧត្ដម​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​​ការ​ពារ​ជាតិ​ របស់​កម្ពុជា​ ឯកឧត្តម​បាន​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​គ្រប់​ទំរង់​របាយ​ការណ៍​ ដែល​ពាក់​ព័ន្ធ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ លើ​វិស័យ​ការ​ពារ​ជាតិ​។ ​ពាក់​ព័ន្ធ​​ដល់​ចំណុច ​ដែលឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េ​ បាន​លើក​ឡើង​ខាង​លើ​នោះ​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​បញ្ជាក់​ថា​៖ កង​ទ័ពជើង​ទឹក​កម្ពុជា​ កំពុង​តែ​ទន្ទឹង​រង់​ចាំ​ អំពី​វត្ត​មាន​ជា​លើក​ដំបូង​របស់​នាវា​ចម្បាំង​កង​ទ័ព​ជើង​ទឹក​កូរ៉េ​ ចូល​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ ខេត្ត​ព្រះសីហនុ​។ ជា​ការ​ពិត ​យើង​​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​ជា​ពិសេស​ គឺ​ការ​អប់រំ​ហ្វឹក​ហ្វឺន​ តាម​ការ​ចង្អុល​បង្ហាញ​ក៏​ដូច​ជា​ការ​ណែ​នាំ​របស់​ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ ដើម្បី​ធ្វើ​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ​ ជា​ពិសេស​ចាប់​យក​នូវ​ជំនាញ​សម្រាប់​កង​ទ័ព​របស់​យើង​ ឲ្យ​កាន់​តែ​ច្បាស់​លាស់​បំផុត​ ដូច្នេះ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​នឹង​បណ្ដា​ប្រទេស​​មិត្ត​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​ពង្រីក​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​កង​ទ័ព​កម្ពុជា​មាន​គុណ​ភាព ដែល​អាច​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​របស់​ខ្លួន​បាន​រឹង​មាំ។ ​ចំណុច​មួយ​ទៀត​ពាក់​ព័ន្ធ​ទៅ​ដល់​បញ្ហា​សន្តិសុខ​លម្ហ​សមុទ្រ​នេះ​ កម្ពុជា​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ ព្យាយាម​ប្រឹង​ប្រែង​ ដើម្បី​ឲ្យ​បាន​ទាន់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេស​កូរ៉េ​។

ឯកឧត្តម​ ទៀ សីហា បាន​បញ្ជាក់​ថា​៖ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត មាន​ឆន្ទៈ​ខ្ពស់​ ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​អឹមអូយូ(MOU)​នេះ​ ឲ្យ​បាន​លឿន​បំផុត ​ហើយ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​បន្ថែ​ម​ទៀត​ ដើម្បី​ជំរុញ​ការ​ងារ​នេះ​ឲ្យ​បាន​លឿន។​ ចំណុចមួយ​ផ្សេង​ទៀត​កម្ពុជា​ក៏​បាន​បន្ត​ និង​សហការ​គ្នា​ ជា​ពិសេស​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ហើយ​កម្ពុជា​អបអរសាទរ​ពេល​កន្លង​មក​ ក្រោម​ការ​ហ្វឹក​ហ្វឺន​រួម​គ្នា​ក្នុង​នៃ​សម​យុទ្ធ​ពហុជាតិ​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ បាន​សម្រេច​ទៅ​ជោគ​ជ័យ​ក្រោម​ម្លប់​សន្តិភាព​ ការ​ហ្វឹក​ហាត់​នេះ​ គឺ​ទទួល​បាន​នូវ​ជំនាញ​ថ្មីៗ​ និង​ផ្លែផ្កា​ជា​ច្រើន​ បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​គំនិត​ បទ​ពិសោធ និង​ជំនាញ​នៃ​វគ្គ​ហ្វឹក​ហ្វឺន​ទាំ​ង​នោះ​។ ក្រោយ​កត់​សម្គាល់​នូវ​កត្តា​ចំណុច​ខាង​លើ​នេះ​ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​បញ្ជាក់​ថា​៖ យើង​បាន​ចុះ​នូវ​ពិធី​សារ​ ឬ​អនុស្សារណៈ​ជា​ច្រើន​ជា​មួយ​នឹង​សាធារណ​កូរ៉េ​ ជា​ពិសេស​រវាង​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​កូរ៉េ​ផង​ដែរ​។ ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ​២០២២កន្លង​មក​នេះ​ គឺ​យើង​បាន​ចុះ​អនុស្សារណៈ​ នៃ​ការ​យោគ​យល់​គ្នា​ទៅ​វិញទៅ​មក​ រវាង​កង​ទ័ព​ជើង​គោក​ នៃ​ប្រទេស​ទាំង​ពីរ​។ ប្រការ​នេះ​ឯកឧត្តម​គិតថា​ កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាន់​តែ​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​ តាម​ការ​ណែនាំ​របស់​ សម្ដេច​ធិបតី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ពិសេសថ្នាក់ដឹកនាំ​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​។ ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​ បាន​អរគុណ​ចំពោះ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ ដែល​បាន​គាំទ្រ​ដល់​គ្រប់​សកម្ម​ភាព​រប​ស់​សាធារណ​រដ្ឋ​កូរ៉េ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ