នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិ ដែលធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញ ចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកការងារជំនាញ, ឯកឧត្តម អគ្គនាយកភស្តុភា ហិរញវត្ថុ និងអង្គភាពជំនាញរួមមាន៖ តំណាងអគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក, បញ្ជាការដ្ឋានកងទ័ពជើងទឹក, បញ្ជាការដ្ឋានកងទ័ពជើងអាកាស, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស, បញ្ជាការដ្ឋានកងអង្គរក្ស, បញ្ជាការដ្ឋានកងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស, កងពលតូចដឹកជញ្ជូនលេខ៩៩, អង្គភាពវិស្វកម្ម និងបណ្តាអង្គភាពទាំងអស់ ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួមសង្គ្រោះគ្រោះមហន្តរាយ ជួយដល់ប្រជាពលរដ្ឋនាពេលកន្លងមក។

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារកម្លាំងប្រតិបត្តិការណ៍ ការងារសង្គ្រោះ គ្រោះមហន្តរាយ របស់កងទ័ព ដែលមានជំនាញ និងបានសហការគ្នាបានយ៉ាងល្អ ក្នុងការជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ដែលកើតឡើងកន្លងមក មានដូចជា គ្រោះមហន្តរាយ ធ្លាក់យន្តហោះនៅតំបន់ភ្នំបូកគោ, រលំអាគារនៅខេត្តព្រះសីហនុ, រលំអាគារនៅខេត្តកែប, បាក់ស្រុតលំនៅដ្ឋាននៅតាមសណ្តរព្រែកថី ក្នុងខេត្តកណ្តា, រំដោះប្រជាជន និងទ្រព្យសម្បត្តិ ពីការជន់លិចទឹកជំនន់ ដែលមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងម្តងៗ និងដឹកទឺកចែកជូនប្រជាពលរដ្ឋ ពេលជួបគ្រោះរាំងស្ងួត ព្រមទាំងជួយសង្គ្រោះស្ទើរគ្រប់ករណី ដែលកើតមានគ្រោះមហន្តជាយថាហេតុកន្លងមក។
ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងការពារជាតិបានយកចិត្តទុកដាក់លើការងារអុវត្ត ការងារសង្គ្រោះគ្រោះមហន្តរាយ ដោយបានធ្វើការប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ ដើម្បីត្រៀមលក្ខណៈសង្គ្រោះគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ អោយបានទាន់ពេលវេលា។ ឯកឧត្តម ម៉ឹង សំផន បានបន្តថា៖ កងទ័ពជាកម្លាំងស្លូលដ៏មុតស្រួច ក្នុងការបំពេញការងារជួយសង្គ្រោះ គ្រោះមហន្តរាយ មិនថាក្នុងតំបន់ឬលើពិភពលោកឡើយ កងទ័ពជាកម្លាំងដ៏សំខាន់ក្នុងការជួយសង្គ្រោះជនរងគ្រោះ។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានជំរុញដល់បណ្តាអង្គភាពមានការពាក់ព័ន្ធ និងការងារសង្គ្រោះគ្រោះមហន្តរាយ ត្រូវពិនិត្យ ឧបករណ៍ សម្ភារៈប្រើប្រាស់ ដែលមានអោយបានត្រឹមត្រូវ ដូចជា៖ ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត និងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋ អោយបានទាន់ពេលវេលានៅពេលដែលមានគ្រោះធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ។ តាមរយៈកិច្ចប្រជុំនាឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានសំដែងនូវសេចក្តីសង្ឃឹមថា៖ គ្រប់បណ្តាលអង្គភាពជំនាញរបស់ ខភម ដែលមានការពាក់ពន្ធ័ទាំងអស់ នឹងត្រៀមខ្លួនអនុវត្តនូវភារកិច្ចជួយសង្រ្គោះគ្រោះមហន្តរាយ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ អោយសំរេចបានលទ្ធផលល្អ តាមការណែនាំរបស់រាជរដ្ឋភិបាលបានដាក់ចុះ ៕




























