នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្ដាប់បទបង្ហាញ ស្តីពីទីតាំងឈរជើងកងទ័ព និងតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមភូមិសាស្ត្ររបស់យោធភូមិភាគទាំង៦ និងបណ្ដាកងឯកភាពរបស់កងយោធពលខេមរភូមិន្ទឈរជើង នៅទូទាំងប្រទេស ដើម្បីត្រៀមលក្ខណៈសម្បត្តិចុះពិនិត្យមើលភូមិសាស្ត្រ និងជួបសំណេះសំណាលសាកសួរសុខទុក្ខ ពិនិត្យមើលអំពីជីវភាពរស់នៅរបស់កងទ័ព ដែលបច្ចុប្បន្នកំពុងឈរជើងការពារអធិបតេយ្យ បូរណៈភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំថ្ងៃនេះ គឺចង់ដឹងអំពីភាពជាក់លាក់ និងវឌ្ឍនភាព នៃការរស់នៅរបស់កងទ័ព ក្នុងដំណាក់កាលថ្មីនេះ ថាតើមានជីវភាពរស់នៅល្អប្រសើរឬយ៉ាងណានោះ។ ជាមួយនេះដែរ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីរ ដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ចង់ពិនិត្យមើលផងដែរ អំពីភាពរីកចម្រើន និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនិងកង្វះខាតនានា ទាំងសម្ភារៈបរិក្ខារយោធា របៀបរបបផ្គត់ផ្គង់អាហារ និងពីជីវភាពរស់នៅរបស់កងទ័ពនាពេលបច្ចុប្បន្ននេះ ថាតើមានការរស់នៅល្អប្រសើរ ឬក៏ជួបនៅបញ្ហាប្រឈមនានាណាមួយ ដើម្បីយើងពិនិត្យ និងដោះស្រាយទៅតាមភាពជាក់ស្ដែង។
បទបង្ហាញអំពីទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងបទបង្ហាញអំពីទីតាំងប្រវត្តិសាស្ត្រយោធា តាមទិសនីមួយៗ សម្រាប់ដំណើរចុះពិនិត្យមើលភូមិសាស្រ្ត និងជួបសំណេះសំណាលសួរសុខទុក្ខយោធិនតាមទិសយោធភូមិភាគនីមួយៗ ចាប់តាំងពីទិសយោធភូមិភាគទី១ ទី២ ទី៣ ទី៤ ទី៥ និងទិសយោធភូមិភាគពិសេស ពិសេសបណ្ដាទីតាំងឈរជើង និងតំបន់ប្រវត្តិសាស្ត្រយោធា ដែលបង្ហាញដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដែលក្នុងបទបង្ហាញនេះ បានបង្ហាញយ៉ាងជាក់លាក់អំពីគោលដៅ សម្រាប់ដំណើរទស្សនកិច្ច ពិនិត្យទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងគោលដៅសម្រាប់ជួបសំណេះសំណាល ចុះសាកសួរសុខទុក្ខ ពីសំណាក់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូទៅកាន់គ្រប់គោលដៅ ទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធ និងការរៀបចំនូវវត្ថុអនុស្សាវរីយ៍ សម្រាប់ដំណើរចុះសាកសួរសុខទុក្ខកងទ័ពតាមបណ្ដោយព្រំដែន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កំពុងត្រៀមលក្ខណៈសម្បត្តិ ប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្ដល់សិទ្ធិដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនិងជំនាញពិភាក្សាកំណត់ពេលវេលា ឲ្យបានជាក់លាក់ ដើម្បីប្រតិភូបានចុះពិនិត្យ និងជួបសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនយោធិនដោយផ្ទាល់ ទៅតាមការគ្រោងទុក។ ទន្ទឹមនិងនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានផ្ដល់អនុសាសន៍ថា៖ យើងនឹងទៅដល់ដោយផ្ទាល់គ្រប់បណ្ដាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីចង់ដឹងអំពីជីវភាពរស់នៅរបស់បងប្អូន និងក៏ចង់ពិនិត្យមើលផងដែរអំពីវឌ្ឍនភាព នៃការរីកចម្រើនរបស់កងយោធពលខេមរភូមិន្ទក្នុងដំណាក់កាលថ្មីនេះ ៕























