សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងពិធី​បញ្ចប់​ការ​ចាក់​បេតុង​៣​ជ្រុង ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ប៉ៃលិន ខេត្តប៉ៃលិន​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

បន្ទាប់​ពី​បាន​ប្រារព្ធ​ពិធី​បញ្ចប់​ការ​ចាក់​បេតុង​៣ជ្រុង​ ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះឈ្នះ​អន្លង់​វែង​ ស្ថិត​នៅ​លើ​ភ្នំ២០០ នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​រួច​មក​ នា​រសៀល​ថ្ងៃទី​១២ ខែ​មីនា​ ឆ្នាំ២០២៤ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​​ និង​ជា​ប្រធាន​​មូនិធីកសាង​វិមាន​ស្តូប​ឈ្នះ​ឈ្នះ​ បាន​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ប្រារព្ធពិធី​បញ្ចប់​ការ​ចាក់​បេតុង​៣​ជ្រុង​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះឈ្នះ​ប៉ៃ​លិន​ ស្ថិត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បន្ត​ទៀត​ ដែល​ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ អ៉ី ឈាន ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស​ និង​ជា​ប្រធាន​អនុ​គណៈកម្មការសាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ​ឈ្នះ​ប៉ៃលិន​ និង​លោក​ជំទាវ​ បាន ស្រី​មុំ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​។

ឧត្តម​សេនីយ៍​ឯក​ សឿន រឿត ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​ នៃ​អនុ​គណៈ​កម្មការ​សាង​សង់​ស្តូប​ឈ្នះ​ឈ្នះ​

ក្នុង​សុន្ទរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​សង្ខេប ​របស់​ឧត្តម​សេនីយ៍​ឯក​ សឿន រឿត ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​ នៃ​អនុ​គណៈ​កម្មការ​សាង​សង់​ស្តូប​ឈ្នះ​ឈ្នះ​ប៉ៃលិន​ បាន​ចាត់​ទុក​វត្តមាន​របស់​ សម្ដេច​ពិជ័យ​សេនា​ នាឱកាសប្រារព្ធ​ពិធី​បញ្ចប់​ការ​ចាក់​បេតុង​៣​ជ្រុង ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ប៉ៃលិន​នា​ពេល​នេះ​ គឺ​ជា​កត្តា​ជំរុញ​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង​ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ទ្វេ​ឡើង​ថែម​ទៀត​ ដល់​ក្រុម​ការ​ងារ​ និង​បុគ្គលិក​កម្មករ​ទាំង​អស់​គ្នា​ ក្នុង​ការ​សាង​សង់​ស្តូប​ឈ្នះ​ឈ្នះ​ប៉ៃលិន​ ឲ្យ​កាន់​តែ​​សកម្ម​ ជឿន​លឿន​ទៅ​មុខ​។ ឯកឧត្តម​ សឿន រឿត បាន​ជម្រាបជូនអំពី​វឌ្ឍន​ភាព​ការ​ងារ​ ដែល​អនុ​គណៈកម្មការ​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ​ឈ្នះ​ប៉ៃលិន​ សម្រេច​បាន​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​ចាក់​បេតុង​៣​ជ្រុង​ ក្នុង​នោះ​លើ​ការ​ងារ​សិក្សា​គម្រោង​ប្លង់​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ក្រុម​ការ​ងារ​បាន​សិក្សា​ប្លង់​ស្ថាបត្យ​កម្ម​​តួ​ស្តូប​ និង​គ្រោងបង្គុំ​ស្តូប​សម្រេច​បាន​មួយ​រយ​ភា​គ​រយ​ លើ​ការ​ងារ​សាង​សង់​គ្រោង​បង្គុំ​បេតុង​តួ​រស្តូប​ ទំហំ​៥៩ម៉ែត្រ គុណ​នឹង​ ៥៩ម៉ែត្រ។​ ការ​ងារ​ដែល​សម្រេច​បាន​មួយ​រយ​ភាគ​រយ​រួម​មាន៖ ​ការងារ​ខួង​អណ្ដូង​គ្រឹះ​ ការ​ងារ​ចង​សសរ​គ្រឹះ ​ចាក់​បេតុង​សសរ​គ្រឹះ​ ខួង​អណ្ដូង​ ចាក់​បេតុង​ជើង​តាង​ ចាក់​បេតុង​សសរ​តឿ ​ចាក់​បេតុង​សសរ​ឡើង​ជាន់​ទី​១ ទី២ ទី៣ និង​ទី​៤​ ព្រម​ទាំង​ការ​ងារ​ផ្សេង​ៗ​ ជា​ច្រើន​ទៀត​។ ចំពោះ​ការងារ​ដែល​ត្រូវ​បន្ត​អនុវត្ត​រួម​មាន​៖ បន្ត​ចាក់​ក្បាច់​ជ្រីជុំ​វិញ​តួរ​ស្តូប​ ក្រា​ល​ម៉ាប ​ក្រាល​ការ៉ូឡា​ រៀបត​បណ្ដាញ​អគ្គិសនី​ បណ្ដាញ​ទឹក​ស្អាត​ បន្ត​ការងារ​បូក​ជញ្ជាំង​៧ទិស ៥ទិស និង​លាប​ថ្នាំ​នៅ​ពេល​ខាង​មុខ ​ក្រៅពី​​នេះ​ក្រុម​ការ​ងារ​បន្ត​ឆ្លាក់​រូប​ដំរី​ តោ​ និង​នាគ​ផង​ដែរ​។ ឯកឧត្តម​ សឿន រឿត បាន​ថ្លែង​អំណរ​គុណ​ដល់​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ដែល​តែង​តែ​ផ្តល់​នូវ​អនុសាសន៍​ជាប់​ជា​ប្រចាំ​ ក្នុង​ពេល​ដំណើរ​ការ​សាង​សង់​ស្តូប​ឈ្នះឈ្នះ​ប៉ៃលិន​ ដែល​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំ​ក្លាចំពោះ​ក្រុម​ការងារ​ធ្វើ​ការ​​ងារសាង​សង់​សម្រេ​ច​បាន​លទ្ធផល​ល្អ​នា​ពេល​នេះ​។

សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​​ និង​ជា​ប្រធាន​​មូនិធីកសាង​វិមាន​ស្តូប​ឈ្នះ​ឈ្នះ​

ថ្លែងនៅក្នុងពិធីបញ្ចប់ការ​ចាក់​បេតុង​៣​ជ្រុង​ ស្តុប​ឈ្នះ​ឈ្នះ​ប៉ៃលិន​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​ឯកឧត្តម​ អស់​លោក​ លោក​ស្រី​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ប្រជាពល​រដ្ឋ​ ព្រម​ទាំងក្មួយៗ​សិស្សា​នុ​សិស្ស​ទាំង​អស់​ ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​សម្តែង​នូវ​ការ​កោត​សរសើរ​​​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី ​សមាជិក​អនុ​គណៈកម្មការ​ និង​ក្រុម​ការងារ​ពាក់​ព័ន្ធ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​សាង​សង់​ស្តូប​ឈ្នះឈ្នះនេះ​។ ជាមួយ​គ្នានេះសម្តេច​ពិជ័យ​សេនា ​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​មូល​ដ្ឋាន​ សមត្ថកិច្ច​ពាក់​ព័ន្ធ​ ព្រម​ទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ដែល​បាន​គាំទ្រ​ និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ក្រុម​ការងារ​ ក្នុង​កិច្ច​ដំណើរ​ការ​សាង​សង់​ស្តូប​ឈ្នះឈ្នះ​ បាន​រលូន​តាម​កម្ម​វិធី​គ្រោង​ទុក​។

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជាក់​​ថា៖ នា​ពេល​បច្ចុប្បន្ន​នេះ​វិមាន​ឈ្នះឈ្នះ​ នៅ​រាជធានី​ភ្នំពេញ ​បានក្លាយ​ទៅ​ជា​សំណង់​ប្រវត្តិ​សាស្ត្រ​ ប្រកប​ដោយ​មោទនភាព​ វប្បធម៌ ដែល​ជា​ការ​ចង​ចាំ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​ ជាក់​ស្ដែង​វិមាន​ឈ្នះ​ឈ្នះ​ បាន​និង​កំពុង​ទទួល​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​ តាម​រយៈ​ប្រជាជន​រាប់​លាន​នាក់​ បាន​មក​ទស្សនា​ស្វែង​យល់​ និង​ផ្តល់​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន ​ក្នុង​ការ​គាំទ្រ​ ការដឹក​នាំ​ស្ថាបនិក​មគ្គុទេសក៍ឯក​ នយោ​បាយ​ឈ្នះឈ្នះ​ ជា​ពិសេស​គុណ​តម្លៃ​ នៃ​សន្តិភាព ​ត្រូវ​បាន​លើក​កម្ពស់​ រួមទាំង​ទទួល​បាន​នូវ​ពុទ្ធិ​សំខាន់​ៗ។ ការ​សាង​សង់​វិមាន​ឈ្នះឈ្នះ​ នៅ​រាជ​ធានី​ភ្នំពេញ​ និង​ស្តូបឈ្នះ​ឈ្នះ​កោះកុង អន្លង់វែង ប៉ៃលិន ហើយ​នា​ពេល​ថ្មីៗនេះ យើង​បាន​ផ្សព្វ​ផ្សាយ​ដល់​បណ្ដា​ខេត្ត​សាង​សង់​សួនតេជោ​សន្តិភាព បាន​បញ្ជាក់​ច្បាស់​ថា​៖ សំណង់​ប្រវត្តិសាស្ត្រ​ទាំង​អស់​នេះ​ គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ដាស់​តឿន​កុលបុត្រ​ខ្មែរ​ ដែល​ជា​ទំពាំង​ស្នង​ឫស្សីគ្រប់​រូប​ ឲ្យ​ស្គាល់​អំពី​តម្លៃ​នៃ​សន្តិភាព​ ដែល​ជា​គុណ​តម្លៃ​សកល​នៃ​មនុស្សជាតិ​ ហើយ​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា​ ដើម្បី​ទប់​ស្កាត់​នូវ​គ្រប់​ឧបាយកល​ ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម​ និង​អស្ថេរភាពសង្គម​ ជា​ពិសេស​យុវជន​បន្ត​វេន​ ត្រូវ​សាមគ្គី​គ្នា​រក្សា​សន្តិភាព​នេះ​ ឲ្យ​នៅ​ស្ថិត​ស្ថេរ​យូរ​អង្វែង​ច្រើន​ជំនាន់​ត​ទៅ​ ដើម្បី​ភាព​រីក​ចម្រើន​រុង​រឿង​ នៃ​ប្រទេស​យើង​។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​សង្កត់​ធ្ងន់​ថា​៖ ប៉ៃលិន​គឺ​ជា​កន្លែង​ផ្ទុះ​ដ៏​ធំ​បំផុត​ នៃ​នយោបាយ​ឈ្នះឈ្នះ​ ជា​ចលនា​មួយ​ដ៏​គគ្រឹក​គគ្រេង​ និងឈានទៅ​ធ្វើ​សមាហរណកម្ម​កម្លាំង​ជា​មួយ​នឹង​រដ្ឋាភិបាល​ ហើយ​អន្លង់​វែង​ជា​កន្លែង​ចុង​ក្រោយ​ ដែល​បាន​បញ្ចប់​សង្គ្រាម​ នាំ​មក​នូវ​សន្តិភាព​ពេញ​លេញ​ទូ​ទាំង​ប្រទេស​។

ឆ្លៀតនៅ​ក្នុង​ឱកា​ស​នោះ​ សម្តេច​ពិជ័​យ​សេនា​ ទៀ បាញ់ ស្នើ​ដល់​ក្រុម​ការងារ​ពាក់ព័ន្ធ​ នៃ​អនុគណៈកម្មការ​សាង​សង់​ស្តូប​ឈ្នះឈ្នះ​ប៉ៃលិន ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ត​អនុវត្ត​ដំណើរ​ការ​សាង​សង់​ស្តូប​ឈ្នះ​ឈ្នះ​ប៉ៃលិន​ តាម​ផែន​ការ​គ្រោង​ទុក​ស្រប​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ និង​ពេល​វេលា​កំណត់​ដោយ​ធានា​គុណ​ភាព​សំណង់​ប្រើ​ប្រាស់​បាន​យូរ​អង្វែង​ ធ្វើ​ការ​ជ្រើ​សរើស​ជាង​ចម្លាក់​ផ្ទាំង​សិលា​ដែល​មាន​ស្នាដៃ ​ប្រកប​ដោយ​សមត្ថភាព​វិជ្ជា​ជីវៈ​ ធានា​នូវ​គុណភាព ​ថ្ម​ចម្លាក់​រក្សា​ទុក​បាន​យូរ​អង្វែង​ ចម្លាក់​រំលេច​ឲ្យ​មាន​ភាព​ទាក់​ទាញ​ចាប់​អារម្មណ៍ពី​ប្រជា​ពល​រដ្ឋ​ ភ្ញៀវ​ជាតិ​ និងអន្តរ​ជាតិ​មក​ទស្សនា​កម្សាន្ត​។ ជំរុញ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រណប​ ដូច​ជា​ដាំ​ដើមឈើ​ ការ​សាង​សង់​អគារ​លើក​កម្ពស់​សោភ័ណ​ភាព​ រូប​ស្តូប​ រូប​ឈ្នះ​ឈ្នះ​ សម្រាប់​ប្រជា​ពល​រដ្ឋ​មក​កម្សាន្ត​នា​ពេល​ខាង​មុខ។​ បន្ត​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ក្រុម​ការងារ​ប្រវត្តិ​សាស្ត្រ​យោធា​ ក្រសួង​ការ​ពារ​ជាតិ​ សិក្សាស្រាវ​ជ្រាវ​ឯកសារ​ វត្ថុតឹកតាង​មក​រក្សា​ទុក​ឲ្យ​បាន​ត្រឹម​ត្រូវ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​តាម​ស្មារតី​ពិធី​ផ្សព្វ​ផ្សាយ​កសាង​សមិទ្ធផល​ប្រវត្តិ​សាស្ត្រ​សួន​តេជោ​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​ ឆ្នាំ២០២៤ នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ