ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ អន្លង់វែង ស្ថិតនៅលើភ្នំ២០០ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានប្រារព្ធពិធីបញ្ចប់ការចាក់បេតុង៣ជ្រុង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធីកសាងវិមានស្តូបឈ្នះឈ្នះ ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអនុគណៈកម្មការសាងសង់ស្ដូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះអន្លង់វែង។

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ឧត្តមសេនីយ៍ឯក សឿន រឿត ប្រធានក្រុមការងារសាងសង់ នៃអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង បានចាត់ទុកវត្តមានរបស់សម្ដេចពិជ័យសេនា នាឱកាសប្រារព្ធពិធីបញ្ចប់ការចាក់បេតុង៣ជ្រុង ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះអន្លង់វែងនាពេលនេះ គឺជាកត្តាជំរុញលើកទឹកចិត្តដ៏ធំធេង និងផ្តល់ភាពកក់ក្តៅទ្វេឡើងថែមទៀត ដល់ក្រុមការងារ និងបុគ្គលិក កម្មករទាំងអស់គ្នា ក្នុងការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង ឲ្យកាន់តែជឿនលឿនទៅមុខ។ ឯកឧត្តម សឿន រឿត បញ្ជាក់ថា៖ រហូតមកដល់ពេលនេះ ការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង លើការងារសាងសង់គ្រោងបំពុងបេតុងតួស្តូបទំហំ៥៩ម៉ែត្រX៥៩ម៉ែត្រ ដែលសម្រេចបានមួយរយភាគរយរួមមាន៖ ការងារខួងធ្វើតេស្ដដី វាស់វែងអក្សសសរគ្រឹះក្នុងរណ្ដៅគ្រឹះ ចាក់បេតុងសសរគ្រឹះ បុកបំបែកក្បាលសសរគ្រឹះ ចាក់បេតុងជើងតាង ចាក់បេតុងកសសរ ចាក់បេតុងសម្អាតបាតផ្ទឹម ចាក់បេតុងផ្ទឹមផ្ទាល់ដី តបណ្ដាញអគ្គិសនីចូលការដ្ឋាន សាងសង់គ្រឹះសៃឡូ ដំឡើងគ្រឿងបង្គុំសៃឡូ ដំឡើងប្រព័ន្ធការពាររន្ទះបណ្ដោះអាសន្ន ខួងអណ្ដូងជម្រៅ២៣០ម៉ែត្រ ចាក់បេតុងធ្នឹមផ្ទាល់ដី ចាក់សាបក្នុងតួស្ដូកជាន់ផ្ទាល់ដី ចាក់បេតុងកម្រាលខណ្ឌជាន់ទី៤ជញ្ជាំង៥ទិស បង្កាន់ដៃរត់ដែកពុម្ព និងបេតុងទម្រដំរី រត់ដែកផ្ទឹមកម្រាលខណ្ឌជាន់ដំបូលជញ្ជាំង៥ទិស ចាក់បេតុងជញ្ជាំង៣ទិស កម្ពស់២៤,៥៥ម៉ែត្រ កម្ពស់២៨,៥៥ម៉ែត្រ កម្ពស់៣២,៥៥ម៉ែត្រ កម្ពស់៣៦,៥៥ម៉ែត្រ កម្ពស់៤០,៥៥ កម្ពស់៤៤,៥៥ម៉ែត្រ ចាក់បេតុងសសរមូល និងជញ្ជាំង៣ទិស កម្ពស់៤៧,៥៥ម៉ែត្រ និងបូកជញ្ជាំងសួនជាន់ទី១ ទី២ ទី៣ ទី៤ តំបន់ABCD។ ការងារដែលកំពុងអនុវត្តគ្រោងនឹងបញ្ចប់នាពេលខាងមុខរួមមាន៖ ចាក់បេតុងសសរមូល ចាក់បេតុងទម្ររូបចម្លាក់ បូកជញ្ជាំង៧ទិស ការងារចងដែកផ្ទឹម រត់ដែកផ្ទឹម ដែកកម្រាលខណ្ឌ ចាក់បេតុងកម្រាលខណ្ឌ និងកម្រាលខណ្ឌជម្រៀលជនពិការ។ ឯកឧត្តម សឿន រឿត បានបញ្ជាក់ទៀតថា៖ លើការងារបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម អាវុធយុទ្ធភណ្ឌ ក្រុមការងារបានធ្វើការបោសសម្អាតមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម សម្រេចលទ្ធផលមួយរយភាគរយ លើផ្ទៃដីសរុប ១.៦៨០.៩០០ម៉ែត្រការ៉េ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹក ក្រុមការងារបានរៀបចំប្រឡាយទឹក ទីតាំងទីមួយ និងទីពីរ នឹងធ្វើការឈូសឆាយផ្លូវក្បាលទន្សោងផ្ទះប៉ុលពត ដែលមានទទឹង១១ម៉ែត្រ ប្រវែង១០គីឡូម៉ែត្រ បានរួចរាល់ជាស្ថាពរ។ ចំពោះទិសដៅអនុវត្តបន្ត ឯកឧត្តមបានបញ្ជាក់ថា៖ បន្តការងារបេតុង ជញ្ជាំងទម្ររូបចម្លាក់ បន្តការងារបូកជញ្ជាំង៧ទិស និងបន្តការងារចងដែកផ្ទឹម និងកម្រាលខណ្ឌជម្រៀលជនពិការ។

ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា៖ ក្រៅពីការងារសាងសង់ស្ដូប ក្នុងការងារខ្លឹមសារ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានខិតខំបំពេញតួនាទី និងការងារយ៉ាងសកម្ម ក្នុងការរៀបចំខ្លឹមសារ និងរូបភាព ដោយធ្វើការសហការជាមួយខេត្តនានា ក្នុងយុទ្ធភូមិភាគទី៤ ដើម្បីត្រៀមឆ្លាក់បំពាក់នូវស្តូបឈ្នះឈ្នះ នៅពេលខាងមុខ។ ឯកឧត្ដម គិត្តិសង្គហបណ្ឌិត គន់ គីម បានសង្កត់ធ្ងន់ថា៖ ការចុះមកជាញឹកញាប់របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ នៅស្តូបឈ្នះឈ្នះអន្លង់វែង បានលើកទឹកចិត្តយ៉ាងខ្លាំង ចំពោះកម្មករដែលបានខិតខំពុះពារ ការលំបាក ធ្វើការងារសាងសង់ រហូតបានសម្រេចនាពេលនេះ។ ឯកឧត្តមក៏បានគោរពថ្លែងអំណរគុណដល់ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលតែងតែបានផ្តល់អនុសាសន៍ និងយកចិត្តទុកដាក់ដល់ក្រុមការងារសាងសង់ ឲ្យសម្រេចការងារនេះ ក្នុងការសាងសង់ស្តូបឈ្នះឈ្នះទុកឲ្យកូនចៅជំនាន់ក្រោយទាំងអស់គ្នា បានចងចាំនូវនយោបាយឈ្នះឈ្នះ។ ឯកឧត្ដមគិតិ្តសង្គហបណ្ឌិត គន់ គីម បានបញ្ជាក់បន្ថែមថា៖ សម្រាប់អ្នកចង់ដឹងអំពីនយោបាយឈ្នះឈ្នះ អាចមកមើលនូវស្តូបឈ្នះឈ្នះអន្លង់វែង និងដឹងច្បាស់អំពីដំណើរការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមចុងក្រោយនៅទីនេះ ដែលយើងត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

ថ្លែងក្នុងពិធីបញ្ចប់ការចាក់បេតុង៣ជ្រុង ស្ដូបឈ្នះឈ្នះ អន្លង់វែង សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានដឹកនាំអនុគណៈកម្មការសាងសង់ស្ដូប និងស្វែងរកការជួយគាំទ្រពីក្រសួងស្ថាប័ន និងវិស័យឯកជន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរណប។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ នាពេលបច្ចុប្បន្ននេះ វិមានឈ្នះឈ្នះនៅរាជធានីភ្នំពេញ បានក្លាយជាសំណង់ប្រវត្តិសាស្ត្រប្រកបដោយមោទនភាព វប្បធម៌ ដែលជាការចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។ ជាក់ស្ដែងវិមានឈ្នះឈ្នះ បាននិងកំពុងទទួលលទ្ធផលដ៏ត្រចះត្រចង់ តាមរយៈប្រជាជនរាប់លាននាក់ បានមកទស្សនាស្វែងយល់ និងផ្តល់តម្លៃខ្ពស់មិនធ្លាប់មាន ក្នុងការគាំទ្រការដឹកនាំស្ថាបនិកមគ្គុទេសក៍ឯក នយោបាយឈ្នះឈ្នះ ជាពិសេសគុណតម្លៃនៃសន្តិភាព ត្រូវបានលើកកម្ពស់រួមទាំងទទួលបានពុទ្ធិសំខាន់ៗ។ ការសាងសង់វិមានឈ្នះឈ្នះ នៅរាជធានីភ្នំពេញ និងស្ដូបឈ្នះឈ្នះកោះកុង អន្លង់វែង ប៉ៃលិន ហើយនាពេលថ្មីៗនេះ យើងក៏បានផ្សព្វផ្សាយដល់បណ្ដាខេត្ត សាងសង់សួនតេជោសន្តិភាព បានបញ្ជាក់ច្បាស់ថា សំណង់ប្រវត្តិសាស្ត្រទាំងអស់នេះ គឺជាកត្តាដ៏សំខាន់បំផុត ក្នុងការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូប ឲ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកល នៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឲ្យមានសង្គ្រាម និងអស្ថិរភាពសង្គម ជាពិសេសយុវជនបន្តវេន ត្រូវសាមគ្គីគ្នា រក្សាសន្តិភាពនេះឲ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់តរៀងទៅ ដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសយើង។ ឆ្លាតក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ស្នើដល់ក្រុមការងារពាក់ព័ន្ធ នៃអនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង ត្រូវយកចិត្តទុកដាក់បន្តអនុវត្តដំណើរការសាងសង់ស្ដូបឈ្នះឈ្នះអន្លង់វែង តាមផែនការគ្រោងទុក ស្របតាមបទដ្ឋានបច្ចេកទេស និងពេលវេលាកំណត់ ដោយធានាគុណភាពសំណង់ប្រើប្រាស់បានយូរអង្វែង។ បន្តសហការជាមួយក្រុមការងារខ្លឹមសារជ្រើសរើសសម្រិតសម្រាំងរូបភាពជាបណ្តើរៗ សម្រាប់ចម្លាក់លើផ្ទាំងជញ្ជាំងទាំង៨ជ្រុង ដែលបានឯកភាពគ្នាកន្លងមក ដោយចម្លងចេញ១ភាគ៣ ពីចម្លាក់តាមជញ្ជាំងវិមានឈ្នះឈ្នះ រួមមានព្រឹត្តិការណ៍ ២០ មិថុនា ១៩៧៧ ដល់ ០៧ មករា ឆ្នាំ១៩៧៩ រហូតដល់២៩ ធ្នូ ឆ្នាំ១៩៩៨ ដែលជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ ចំពោះ២ភាគ៣ទៀត គឺជាចម្លាក់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្ដែង នៅក្នុងភូមិសាស្ត្ររួម ជាមួយសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានតាមរយៈនយោបាយឈ្នះឈ្នះ នៅទិសយោធភូមិភាគទី៤ ៕
































