ស្ថិតក្រោមប្រធានបទស្ត្រី និងក្មេងស្រី ក្នុងបរិបទកម្មឌីជីថល និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០២៤-២០២៨ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។ ក្រសួងការពារជាតិ បានប្រារព្ធពិធីរំឭកខួបលើកទី ១១៣ ទិវានារីអន្តរជាតិ ០៨ មីនា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមជារដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយកដ្ឋាន ព្រមទាំងយុវនារីចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងនារីរក្សាសន្តិភាព អង្គការសហប្រជាជាតិ បានចូលរួមជាច្រើន។
ពិធីរំឭកខួបលើកទី១១៣ ទិវានារីអន្តរជាតិ០៨ មីនា ជារៀងរាល់ឆ្នាំ គឺធ្វើឡើងក្នុងគោលបំណងរំឭកពីប្រវត្តិ នៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់នារី ទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះជាសកម្មភាពជំរុញការលើកកម្ពស់ស្ថានភាពជីវភាព តម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រី ដែលជាការរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ ដោយឡែកកងយោធពលខេមរភូមិន្ទមាននារីរាប់ពាន់នាក់ បានស្ម័គ្រចិត្តចូលបម្រើកងទ័ពនៅគ្រប់កងឯកភាពជំនាញ បច្ចេកទេស សុខាភិបាល ក៏ដូចជាទ័ពប្រយុទ្ធដែរ ហើយបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ប្រកបដោយអំណត់ព្យាយាម ពុះពារការលំបាក ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យបូរណភាពដែនដី និងអភិវឌ្ឍន៍ជាតិមាតុភូមិ និងជាពិសេសបានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ដែលបានទទួលលទ្ធផល នៃស្នាដៃយ៉ាងប្រសើរ។ ហើយបានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងនោះវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានយ៉ាងល្អ។ កន្លងមក ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមេបញ្ជាការគ្រប់កងឯកភាពអំពីយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ លើកកម្ពស់ការយល់ដឹងអំពីទស្សនៈយេនឌ័រ និងមានការគាំទ្រកាន់តែខ្លាំង ដល់ការបញ្ជ្រាបយេនឌ័រ កាត់បន្ថយការរើសអើងគ្រប់រូបភាព ហើយបានចាត់ទុកនារីជាការងារស្នូលរបស់អង្គភាពផងដែរ។ ធ្វើឲ្យស្ថានភាពស្ត្រីក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ក្នុងនោះមាននារីកងយោធពលខេមរភូមិន្ទបានមានទទួលនូវឱកាសបានឡើងឋានៈជាឧត្តមសេនីយ៍ និងមានកាន់តួនាទីសំខាន់ៗ ក្នុងកងឯកភាពរបស់ខ្លួនជាច្រើនរូបទៀតផង។
ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថាបច្ចុប្បន្ននេះស្ត្រីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងវិស័យនយោបាយ តុលាការ និងជាអ្នកដឹកនាំក្នុងវិស័យឯកជន ហើយបានទទួលការគាំទ្រយ៉ាងពេញលេញ និងផ្ដល់តម្លៃដល់ស្ត្រីខ្មែរពីព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ឯកឧត្តម បន្តថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានខិតខំយ៉ាងខ្លាំងក្លា ដើម្បីកែប្រែឥរិយាបថណា ដែលរារាំង សិទ្ធសមភាព រវាងបុរសនិងស្ត្រី តាមរយៈការដាក់ចេញនូវវិធានការនានាដូចជា៖ បង្កើនសមាមាត្រ នៃការចូលរួមរបស់ស្ត្រីក្នុងស្ថាប័នជាតិ ពង្រឹងតួនាទីស្ត្រីក្នុងមុខងារនយោបាយ ចូលរួមក្នុងរដ្ឋបាលសាធារណៈ ពង្រឹងការឈរឈ្មោះតាមបណ្ដា ភូមិ ឃុំ សង្កាត់ទូទាំងប្រទេស។ ឯកឧត្ដម ឧបកនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះយោធិននារីគ្រប់រូប ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារៈកិច្ច ប្រកបដោយឆន្ទៈមោះមុត ព្យាយាមពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព ការពារបូរណភាពដែនដី ការអភិវឌ្ឍ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពនិងដឹងគុណស្ត្រីទូទាំងប្រទេស ដែលបានលះបង់ប្តី កូនចៅ និងសាច់ញាតិចូលបម្រើក្នុងជួរកងទ័ព។ ទាក់ទងទៅ នឹងប្រធានបទស្ត្រី និងក្មេងស្រី ក្នុងបដិវត្តន៍កម្មឌីជីថល ឯកឧត្តម បានកត់សម្គាល់អំពីប្រសិទ្ធភាព នៃការអប់រំចំណេះដឹង សីលធម៌ និងគុណធម៌ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍស្ត្រីគឺចំពោះមុខ ទាមទារឲ្យស្ត្រីយើងខិតខំលើកកម្ពស់សមភាព សមត្ថភាពរបស់ខ្លួន ដើម្បីឲ្យមានសមភាពការងារបុរស និងដើរឲ្យទាន់បច្ចេកវិទ្យាទំនើប ឌីជីថលសព្វថ្ងៃផងដែរ។ ជាចុងក្រោយឯកឧត្តម ក៏បានផ្តាំផ្ញើដល់នារី នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តចូលរួមចំណែកក្នុងកិច្ចការពារជាតិមាតុភូមិ ហើយបានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្តល់ឱកាស និងបទពិសោធការងារដល់នារី ត្រូវសហការជាមួយកម្លាំងសមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ ទប់ស្កាត់រាល់អំពើហិង្សា ការរើសអើងក្នុងគ្រួសារ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជូនថវិកាសមាជិកចូលរួម ប្រមាណ១០៥០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ប្រាំម៉ឺនរៀល និងបានជូនបណ្ណសរសើរ ដែលក្រុមការងារបច្ចេកទេសរៀបចំផែនការការងារ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទផងដែរ ៕



























