ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៅប្រទេសឡាវ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តានគួង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពវៀតណាម។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តានគួង បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងនោះការផ្លាស់ប្តូរទស្សនកិច្ច រវាងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រទេសទាំងពីរ បានអនុវត្តជាបន្តបន្ទាប់។ ទាក់ទងទៅនឹងការបណ្តុះបណ្តាលសិក្ខាកាម ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តានគួង បានបញ្ជាក់ថា៖ កងទ័ពទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា បានយ៉ាងជិតស្និទ្ធ ក្នុងនោះក្រសួងការពារប្រទសវៀតណាម បានទទួលសិក្ខាកាម មកពីខ.ភ.ម មកសិក្សានៅប្រទេសវៀតណាមរយៈពេលវែង និង រយៈពេលខ្លី ហើយក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនសិក្ខាកាមកងទ័ពប្រជាជនវៀតណាម ទៅសិក្សាភាសាខ្មែរ នៅព្រះរាជាណាចក្រកម្ពុជាវិញផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តានគួង បានចាត់ទុក ការផ្លាស់ប្តូរសិក្ខាកាមរវាងកងទ័ពទាងពីរថា៖ ជាចំណុចយុទ្ធសាស្ត្រមួយ ដែលយើងត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា មិនថាតែកងទ័ព និងកងទ័ពនោះទេ គឺរវាងប្រទេសទាំងពីរតែម្តង។ ឯកឧត្តម បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម នៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ដែលបានធ្វើការសហការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្របសម្រួល បង្កើននូវសុវត្ថិភាព និង ស្ថិរភាពរវាងប្រទេសទាងពីរនៅតាមតំបន់ព្រំដែន។ ឯកឧត្តម ង្វៀន តានគួង ក៏បានលើកឡើងពីរកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រសួងការពារជាតិ ឡាវ-កម្ពុជា វៀតណាមដែលបានធ្វើសមយុទ្ធរួមគ្នា ត្រីភាគីពាក់ព័ន្ធ និង វេជ្ជសាស្ត្រយោធាក៏ដូចជាការរក្សាសន្តិសុខរួមតាមតំបន់ព្រំដែនដែលនេះបានបញ្ជាក់អោយឃើញពីការសាមគ្គីភាព រវាងប្រទេសទាំងបី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ ក្នុងនាមយើងជាថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសទាំងពីរ ត្រូវខិតខំប្រឹងប្រែង ចាត់តាំងក្រុមការងារឱ្យបានល្អ ក្នុងការត្រៀមកិច្ចប្រជុំត្រីភាគីក្នុងឆ្នាំនេះ រវាងប្រទេសទាំង៣កម្ពុជា-ឡាវ និង វៀតណាម។ តាងនាមឱ្យក្រសួងការពារប្រទេសវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តានគួង បានអញ្ជើញថ្នាក់ដឹកមាំក្រសួងការពារជាតិកម្ពុជា និងខ.ភ.ម ចូលរួមក្នុងការតាំងពិព័រណ៍សព្វាវុធលើកទីពីរ របស់ប្រទេសវៀតណាម ក៏ដូចជាចូលរួមក្នុងឱកាសប្រារព្ធខួបលើកទី៨០ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម។
មានមតិឆ្លើយតបវិញ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា៖ ក្រសួងការពារជាតិ រវាងប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម មានទំនាក់ទំនង ជាប្រវត្តិសាស្ត្រជាមួយគ្នាតាំងពីយូរយាណាស់មកហើយ ក្នុងនោះ ឯកឧត្តម ក៏បានទៅធ្វើទស្សនកិច្ចនៅវៀតណាម ក្នុងឆ្នាំ២០២៣ កន្លងមកដោយបានជួបជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាមផងដែរ។ ឯកឧត្តម ទៀ សីហា បានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំត្រីភាគី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣។ តាមរយៈជំនួបនោះ ឯកឧត្តម ទៀ សីហា និង ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តានគួង (Nguyen Tan Cuong) បានបង្ហាញការគាំទ្រដូចគ្នា ទៅលើការផ្លាស់ប្តូរ នាយទាហានវ័យក្មេងក្នុងការរៀនសូត្រអំពីទំនៀមទម្លាប់ ក៏ដូចជាប្រពៃណី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញអោយយុវជនជំនាន់ក្រោយ ធ្វើការបន្តនូវកិច្ចសហប្រតិបត្តិការ និងការបង្កើននូវសាមគ្គីភាព រវាងប្រទេសទាងពីរ ជាពិសេសកងទ័ពទាំងពីរឱ្យដូចជំនាន់មុនៗ ៕

















