ឯកឧត្តម ជៀង អំ អញ្ជើញជាអធិបតី នៅក្នុងពិធីផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីនៅក្នុងពិធីផ្សព្វផ្សាយផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានការចូលរួមពីនាយទាហានមកពីចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និងស្ថាប័នបណ្តាកងឯកភាពគ្រប់ប្រភេទទ័ព ប្រមាណជាង៨០០នាក់។

     ឧត្តមសេនីយ៍ទោ ចាន់ សារឿន នាយក នាយកដ្ឋានអប់រំ នៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានឡើងអាននៅក្នុងរបាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ថា៖ កន្លងមកអគ្គនាយកដ្ឋានយោធសេវា ក៏ដូចជាជំនាញនាយកដ្ឋានអប់រំ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមផែនការណែនាំរបស់ក្រសួងការពារជាតិ ក្នុងការផ្សព្វផ្សាយ និងប្រមូលទិន្នន័យ តាមដានត្រួតពិនិត្យបូកសរុបលទ្ធផលការងារអប់រំរៀនសូត្រ នយោបាយចិត្តសាស្ត្រ ព្រមទាំងបានរៀបចំចងក្រងផលិតឯកសារជំនួយស្មារតីអប់រំចិត្តសាស្ត្រប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំដើម្បីចែកផ្សព្វផ្សាយរៀនសូត្រ តាមបណ្ដាកងឯកភាព ទូទាំងកងយោធពលខេមរភូមិន្ទ។ ក្នុងន័យនេះទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ការកសាងកងទ័ពអំពីសតិអារម្មណ៍នយោបាយចិត្តសាស្ត្រ គឺជាគន្លឹះក្នុងការកសាងពង្រឹងកម្លាំងប្រដាប់អាវុធ ឲ្យបានរឹងមាំតាមរយៈការបណ្តុះបណ្តាលអប់រំរៀនសូត្រ លើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់គោរពវិន័យ បទបញ្ជារបស់កងទ័ព អត្តចរិតសីលធម៌ថ្លៃថ្នូរ ស្អាតស្អំ ប្រយុទ្ធប្ដូរផ្ដាច់ និងហ៊ានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ។

      មានប្រសាសន៍ទៅកាន់អង្គពិធីនៅក្នុងឱកាសនោះ ឯកឧត្ដម ជៀង អំ បានលើកឡើងអំពីសភាពការណ៍អន្តរជាតិ ដោយពិភពលោកនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានបញ្ហាវិបត្តិរដ្ឋប្រហារយោធានៅភូមា ការផ្ទុះសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ផ្ទុះសង្គ្រាមអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ចំពោះសភាពការណ៍ជាតិ ឯកឧត្តម រដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ធ្វើឲ្យកងយោធពលខេមរភូមិន្ទ បានបំពេញតួនាទីជាស្នូល ក្នុងការការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិរឹងមាំ។ កងយោធពលខេមរភូមិន្ទ គឺជាកម្លាំងឈានមុខ និងជាគំរូលះបង់ដ៏ធំធេងលើសមរភូមិ ដោយបំពេញភារៈកិច្ចអនុវត្តម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ សរុបសេចក្ដីមកកងទ័ពរបស់យើងបន្ទាប់ពីសង្គ្រាម យើងបានចូលរួមនៅក្នុងយុទ្ធនាការទាំងឡាយ ដែលពាក់ព័ន្ធជាមួយនឹងការកើតឡើងនៅគ្រោះមហន្តរាយ ដូចជាទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួតជាដើម។ សក្ខីភាពទាំងនេះបានបង្ហាញឲ្យដឹងច្បាស់ថា៖ កងទ័ពរបស់យើងក្នុងរយៈពេលកន្លងមកនេះ បានធ្វើកិច្ចការជាច្រើន ស្របជាមួយនឹងគោលនយោបាយ ខឿនការពារជាតិរបស់ប្រជាជន ពោលគឺពេលដែលមានតម្រូវការប្រជាជនបានចូលរួម ប៉ុន្តែនៅពេលដែលប្រជាជនជួបការលំបាកយើងក៏បានចូលរួមជួយទៅដល់ប្រជាជនវិញ យ៉ាងឆាប់រហ័ស។ ឯកឧត្ដម ជៀង អំ បានបន្តទៀតថា៖ ក្នុងឆ្នាំ២០២៤ និងនៅបណ្ដាឆ្នាំខាងមុខ តាមការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងត្រូវជំរុញខ្លាំងក្លា ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព សេរីភាព និងចីរភាពកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់ភាពសុខដុមរមនាជូនដល់ប្រជាពលរដ្ឋ លើមាគ៌ាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ដូច្នេះកងយោធពលខេមរភូមិន្ទចាំបាច់ត្រូវ ធ្វើការកែទម្រង់ឲ្យទៅជាកងកម្លាំងការពារជាតិដ៏រឹងមាំ មានវិន័យម៉ឺងម៉ាត់ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងមានភាពបត់បែន ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍ និងលើកតម្កើងកិត្យានុភាព របស់ជាតិនៅលើឆាកអន្តរជាតិ។

ចំពោះមុខការអប់រំសតិអារម្មណ៍នយោបាយចិត្តសាស្ត្រ និងការងារមហាជន ក៏ដូចជាការអនុវត្តគោលនយោបាយចាត់តាំងកងទ័ព ឯកឧត្ដមជៀង អំ បានបញ្ជាក់ថា៖ យើងត្រូវតែបន្តពង្រឹងការអនុវត្តឲ្យបានស្រួចស្រាល់បំផុត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងអាណត្តិបន្តទៀត ដែលបានដាក់ចេញ។ ត្រូវបន្តធ្វើការកែទម្រង់កងទ័ពតាមផែនការ និងទិសដៅកែទម្រង់៥ឆ្នាំ របស់កងយោធពលខេមរភូមិន្ទ បន្តផ្សព្វផ្សាយអប់រំអំពីច្បាប់របស់រដ្ឋ បទវិន័យទូទៅចំពោះយោធិនត្រូវយកចិត្តទុកដាក់ចំពោះយោធិនទាំងមុនពេលចូលនិវត្តន៍ និងក្រោយពេលចូលនិវត្តន៍ ទន្ទឹមនឹងនេះក៏ត្រូវយកចិត្តទុកដាក់ចំពោះការងារអតីតយុទ្ធជន និងគ្រួសារ បន្តអប់រំអំពីសភាពការណ៍ថ្មីៗ និងភារៈកិច្ចកងយោធពលខេមរភូមិន្ទ ជាពិសេសការងារហ្វឹកហ្វឺនជំនាញ អាជីព និងបច្ចេកទេសកងទ័ព ក៏ដូចជាការងារអប់រំចិត្តសាស្ត្រទូទាំងកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញ និងលើកកម្ពស់ដល់ការងារកែទម្រង់ក្នុងកងយោធពលខេមរភូមិន្ទ និងអនុវត្តជាប្រចាំតាមអភិក្រម៥ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ និងបាវវចនា២ កែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ