កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ នៅទីស្ដីការក្រសួងការពារជាតិ បានរៀបចំពិធីផ្សព្វផ្សាយការរៀបចំកសាងសមិទ្ធផលប្រវត្តិសាស្ត្រសួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមានឈ្នះឈ្នះ។

ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបអំពីខ្លឹមសារបច្ចេកទេស និងដំណើរការសាងសង់សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ សួនតេជោសន្តិភាព របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានឲ្យដឹងថា៖ សួនតេជោសន្តិភាពមានការរៀបចំឡើងទៅតាមគំនិតផ្ដួចផ្ដើម និងដឹកនាំផ្ទាល់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អតីតអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលបានរៀបចំអំពីដំណើរការ នៃការអនុវត្តនយោបាយឈ្នះឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្ដែង នៃប្រវត្តការណ៍នៃការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ សួនតេជោសន្តិភាពបានរចនាឡើង ក្នុងសណ្ឋានទម្រង់រាងគូទខ្យង លើផ្ទៃក្រឡា២៩X២៣ម៉ែត្រ និងមានកម្ពស់៩ម៉ែត្រ៩ទឹក១ហ៊ុន១លី។ សួនតេជោសន្តិភាពបែងចែកជា ៣ផ្នែក សំខាន់ៗរួមមាន៖ ផ្នែកទី១ បរិវេណខាងក្រៅ ជាសួនច្បារព័ទ្ធជុំវិញដោយរុក្ខជាតិបៃតង, ផ្នែកទី២ សណ្ឋានទម្រង់គូទខ្យង ដែលបានរៀបចំខ្លឹមសារសិលាចារឹកទៅតាមរចនាប័ទ្មវិមានឈ្នះឈ្នះ សរុប១៨ផ្ទាំង, ផ្នែកទី៣ ស្នូលកណ្តាល ដែលជាពូលនៃសួនរៀបចំសាងសង់ឡើងជារូប ដែលបែងចែកជា៣ថ្នាក់៖ ថ្នាក់ទី១មានបីជ្រុង តំណាងឲ្យការធានា៣យ៉ាង, ថ្នាក់ទី២មានប្រាំជ្រុង តំណាងឲ្យយុទ្ធសាស្ត្រឌីហ្វីដ(DIFID), ថ្នាក់ទី៣ មាន៧ជ្រុង តំណាងឲ្យកត្តាទាំង៧ដែលនាំមកនូវជ័យជម្នះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា៖ ដោយសារភាពចាំបាច់ និងតម្រូវការជាប្រវត្តិសាស្ត្រនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានផ្តល់ការអនុញ្ញាតកសាងស្តូបវិមានឈ្នះឈ្នះ ចំនួន៣កន្លែងទៀត ដោយយកលំនាំវិមានឈ្នះឈ្នះ ធ្វើនៅខេត្តកោះកុង ស្រុកអន្លង់វែង និងខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន ដើម្បីជាតឹកតាង និងពង្រីកការផ្សព្វផ្សាយបញ្ជ្រាបទុកដាក់ និងការផ្ដល់ការរៀនសូត្រអំពីនយោបាយឈ្នះឈ្នះ អំពីប្រវត្តិសាស្ត្រ នៃដំណើរការអនុវត្តទៅតាមទិសនានា។ បច្ចុប្បន្ននេះស្ត្រីទាំង៣ កំពុងដំណើរការយ៉ាងសកម្មហើយនឹងមានគម្រោងសម្ភោធជាផ្លូវការ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងនៅអន្លង់វែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ ក្នុងឱកាសនោះសម្តេចពិជ័យសេនា បានសម្តែងនូវឧបការៈគុណ ដោយមិនអាចកាត់ថ្លៃបានចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និងបានដឹកនាំគោលនយោបាយនេះ រហូតសម្រេចបានការបញ្ចប់សង្គ្រាម ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា នូវបុព្វបទ នូវការកសាងមាតុភូមិដ៏កម្សត់ ឲ្យមានឈ្មោះដ៏ឧត្ដុងឧត្ដមដូចបច្ចុប្បន្ននេះ។ សម្តេចពិជ័យសេនា ក៏បានស្នើឲ្យមានការចូលរួមពីគ្រប់តួអង្គទាំងអស់ អតីតរប្រតិបត្តិនយោបាយឈ្នះឈ្នះ ហើយកំពុងក្លាយជាប្រតិបត្តិករ នៃសន្តិភាព រួមចំណែកការផ្តល់នូវតឹកតាងអំណះអំណាងជាក់លាក់ពិតប្រាកដ រួមទាំងបទពិសោធ ដើម្បីក្រុមការងារសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ចារឹកតាក់តាងតាក់តែងចងក្រងទុកសម្រាប់ជារតកសម្រាប់មនុស្សជាតិ ទាំងក្នុងនិងក្រៅប្រទេស និងបានកសាងនូវទស្សនវិស័យវិមានឈ្នះឈ្នះ ក្រោមបាវចនា នៃកតញ្ញូ និងសុខដុម។ សម្ដេចពិជ័យសេនាក៏បានផ្តល់សៀវភៅប្លង់ស្ថាបត្យកម្ម សួនតេជោសន្តិភាព ជូនបណ្ដាខេត្ត និងប្រគល់លិខិតថ្លែងអំណរគុណដល់មន្ត្រី និងសប្បុរសជន ដែលបានចូលរួមនៅក្នុងការកសាងវិមានឈ្នះឈ្នះនេះផងដែរ ៕



































