នៅសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួប ឯកឧត្តម ក្លូរ ឌ្រីស្មាន់ (lgor DRIESMANS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ដែលបានមកបំពេញបេសកកម្មការងារការទូតនៅកម្ពុជា។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះសហភាពអ៊ឺរ៉ុប ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ តាមរយៈនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ និងសង្ឃឹមជឿជាក់ថា៖ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង នៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ កាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម ក្លូរ ឌ្រីស្មាន់ (lgor DRIESMANS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះនាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងាការពារជាតិនាពេលនេះ។ ទន្ទឹមនិងនេះ ឯកឧត្តម បានបញ្ជាក់ថា៖ ទោះបីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហភាពអ៊ឺរ៉ុប មានហើយក៏ដោយ តែឯកឧត្តមសង្ឃឹមថា៖ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ពិសេសនៅលើវិស័យយោធា។
នៅក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ក្លូរ ឌ្រីស្មាន់ (lgor DRIESMANS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានផ្លាស់ប្តូរទស្សនៈយោបល់ទៅវិញទៅមក ទៅលើបញ្ហានយោបាយយោធា នៅក្នុងតំបន់ និងសកលលោក រួមនិងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូងផងដែរ។
ក្នុងនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានជម្រាបជូនឯកឧត្តម ក្លូរ ឌ្រីស្មាន់ (lgor DRIESMANS) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានជ្រាបផងដែរ អំពីការធ្វើទំនើបកម្មកងទ័ព និងការអភិវឌ្ឍន៍កំពង់ផែ នៅមូលដ្ឋានសមុទ្ររាម ៕




















