ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពភូមិន្ទថៃ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណាត់តាពង្ស ប្រាវកែវ (NUTTAPONG PRAOKAEW) នាយក នាយកដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញដំណើរទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាក្រុមលេខាធិការ នៃគណៈកម្មការព្រំដែនទូទៅ ថៃ-កម្ពុជា នៅទីក្រុងភ្នំពេញ។
ក្នុងខណៈនោះ នាយឧត្តមសេនីយ៍ យន្ត មីន ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នាយកដ្ឋានកិច្ចការព្រំដែន និងក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា នៅកម្ពុជាលើកនេះថាពិតជាមកនូវការពង្រឹងពង្រីកចំណងទាក់ទង កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នកិច្ចការព្រំដែន និងក្រុមលេខាធិការ នៃគណៈកម្មការព្រំដែនទូទៅ ប្រទេសទាំងពីរកម្ពុជា និងថៃ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពជិតស្និទ្ធ នឹងពង្រឹងបាននូវស្ថិរភាព សន្តិសុខតំបន់ព្រំដែនប្រទេសទាំងពីរ ក្លាយទៅជាព្រំដែនមានសុខសន្តិភាព មានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនរុងរឿង សម្រាប់ជាប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។
ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា៖ ប្រទេសយើងទាំងពីរ គឺជាប្រទេស ដែលមានភូមិផងរបងជាប់គ្នា ប្រជាជនមានពណ៌សម្បុរ ប្រពៃណី វប្បធម៌ សាសនា ប្រហាក់ប្រហែលគ្នា ហើយក៏ធ្លាប់មានប្រពៃណីទំនាក់ទំនង សហប្រតិបត្តិការដ៏ល្អប្រសើរជាមួយគ្នារាប់រយឆ្នាំមកហើយ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បាននិងកំពុងបន្តដឹកនាំឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើន ពិសេសបានយកចិត្តទុកដាក់ធ្វើការទំនាក់ទំនងល្អ ជាមួយនឹងប្រទេសជិតខាង បណ្ដាប្រទេសនៅក្នុងសហគមន៍អាស៊ាន និងសកលលោក ដើម្បីធ្វើយ៉ាងណារួមគ្នាថែរក្សា សុខសន្តិភាព ស្ថិរភាព ក្នុងប្រទេសរបស់ខ្លួន និងក្នុងតំបន់ឲ្យមានស្ថិរភាពល្អប្រសើរ ឈានឆ្ពោះទៅរកភាពរុងរឿងសម្បូរសប្បាយ។ ឯកឧត្តម យន្ត មីន ក៏បានជម្រាបជូនប្រតិភូដែលថា កម្ពុជាមិនដែលមានសុខសន្តិភាពទេអស់រយៈពេលជាងប្រាំរយឆ្នាំមកហើយ ទើបតែនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យកម្ពុជាមានថ្ងៃនេះ នាំប្រទេសរបស់ខ្លួនមានសុខសន្តិភាពពិតប្រាកដ ប្រជាពលរដ្ឋរស់នៅមិនមានការភ័យខ្លាច ដោយសារគ្រាប់មីន ដោយសារសង្គ្រាម រស់នៅដោយសុខសាន្ត ហើយសុខសន្តិភាពនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស ការពារបានយ៉ាងដាច់ខាត មិនឲ្យអ្នកណាមកបំផ្លាញសន្តិភាពនេះបានឡើយ។ ឯកឧត្តម ជឿជាក់ថាប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ យ៉ាងជិតស្និទ្ធ ដូចបងប្អូននឹងគ្នា យើងនឹងមានសន្តិភាពពិតប្រាកដ។
ជាការឆ្លើយតប ឧត្ដមសេនីយ៍ឯក ណាត់តាពង្ស ប្រាវកែវ (NUTTAPONG PRAOKAEW) បានជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកម្ពុជាលើកនេះ គឺដើម្បីចូលរួមប្រជុំពិភាក្សា រវាងក្រុមលេខា នៃគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា លើប្រធានបទមួយចំនួន ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំជី.ប៊ី.ស៊ី(GBC) ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្ដមបានបញ្ជាក់ថា៖ ប្រធានបទដែលត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជានាពេលនេះ គឺបានផ្ដោតសំខាន់ទៅលើការរួមគ្នាដោះមីនតាមបណ្តោយព្រំដែន ទប់ស្កាត់ និងបង្ក្រាបការជួញដូរអាវុធឆ្លងដែន បញ្ហាគ្រឿងញៀន និងការចេញចូលឆ្លងដែនដោយខុសច្បាប់ រួមនឹងបទល្មើសផ្សេងៗជាច្រើនទៀត នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ នឹងកិច្ចការមួយចំនួនទៀត ដែលពាក់ព័ន្ធដល់ស្ថិរភាព សន្តិសុខ តាមបណ្ដោយព្រំដែន ហើយក៏ចង់ស្ដាប់ផងដែរ អំពីការលើកឡើងឬក៏មតិយោបល់ពីភាគីខាងកម្ពុជាផងដែរ ៕

















