ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ មានរៀបចំកម្មវិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រូបង្វឹក គ្រូជំនួយ អត្តពលិកជនពិការជ័យលាភី ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ កន្លងទៅ នៅប្រទេសឥណ្ឌូនេស៊ី ជូនទៅដល់គ្រូបង្វឹក អត្តពលិក ជ័យលាភី ទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ។ ពិធីនេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិ (CAMSOC-CAMAPGOC)។

ឯកឧត្ដម យី វាសនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិប៉ារ៉ាហ្គេម បានថ្លែងឲ្យដឹងថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរដល់កីឡាករ កីឡាការិនីជនពិការជាប្រចាំ ហេតុនេះហើយបានជាសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ កីឡាការិនីជនពិការ។ ឯកឧត្តមបានបន្ថែមឲ្យដឹងទៀតថា៖ ចំពោះកីឡាប៉ារ៉ាហ្គេមលើកទី១១ យើងបានបញ្ជូនវិញ្ញាសាកីឡាជនពិការចំនួន១១ប្រភេទកីឡា លទ្ធផលទទួលបានមេដាយសរុបចំនួន១៨គ្រឿង នៅក្នុងនោះមានមេដាយមាស ចំនួន៧គ្រឿង ប្រាក់និងសំរឹទ្ធចំនួន១១គ្រឿង។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីហ្វឹកហាត់ចូលរួមប្រកួតរហូតទទួលបានជ័យលាភី ជាមោទនភាពសម្រាប់ប្រទេសកម្ពុជាយើង។ ជោគជ័យនេះបានបង្ហាញអំពីវិស័យកីឡាកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ មានវឌ្ឍនភាពល្អប្រសើរ ទាក់ទិនទៅនឹងគុណភាពកីឡាករ កីឡាការិនីជនពិការ របស់យើង។ សម្តេចបានបន្តទៀតថា៖ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំយុវជន និងកីឡា រួមជាមួយនឹងការគាំទ្រដ៏ផុសផុលរបស់ប្រជាជនកម្ពុជាគ្រប់រូប នូវរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រលាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសនានា ឲ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេសស័ក្តិសមទៅនឹងពាក្យថា កីឡាជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ អរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព។ សម្ដេចពិជ័យបានបញ្ជាក់ទៀតថា៖ ដើម្បីឲ្យវិស័យកីឡាជាតិរបស់យើងរឹងមាំ មានចិរភាព ស្របតាមសភាពការណ៍រីកចម្រើន នៃសង្គមសេដ្ឋកិច្ចត្រូវទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រើប្រាស់ធនធាន ឲ្យអស់លទ្ធភាព ក្នុងការបង្កើនសមត្ថភាព និងឆន្ទៈស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ ជ័យលាភីជាម្ចាស់មេដាយមាស ប្រាក់និងសំរិទ្ធ មានទាំងគ្រូបង្វឹក និងគ្រូជំនួយ បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេដាយមាសទទួលបាន៥ពាន់ដុល្លារ មេដាយប្រាក់ចំនួន៣ពាន់ដុល្លារ និងមេដាយសំរិទ្ធមួយគ្រឿង ទទួលបាន២ពាន់ដុល្លារ ចំពោះគ្រូបង្វឹកទទួលបានប្រាក់រង្វាន់១០០% ស្មើនឹងកម្រិតមេដាយខ្ពស់ជាងគេ គ្រូជំនួយទទួលបាន៧០% នៃមេដាយដែលអត្តពលិករបស់ខ្លួនដណ្តើមបាន ៕











































