នាយទាហាន នាយទាហានរង និងពលទាហាន នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានស្ម័គ្រចិត្តចូលរួមជាមួយយុវជន សិស្ស និងនិស្សិត ផ្តល់ឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងយុទ្ធនាការបរិច្ចាកឈាម ទិវានៃក្តីស្រលាញ់ ក្រោមមូលបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់”។
លោក សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែជម្ងឺកូវីដ-១៩ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាលបានខាក់ខាន រៀបចំកម្មវិធីយុទ្ធនាការបរិច្ចាកឈាមនេះ នៅក្នុងទិវានៃក្តីស្រលាញ់ ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលជាតិ បានរៀបចំកម្មវិធីនេះឡើង ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” ដែលមានគោលបំណងសំខាន់ពីរគឺ៖ ១.ដើម្បីបង្កលក្ខណៈឲ្យយុវជន យុវនារីទូទៅចែករំលែកនូវក្តីស្រលាញ់ របស់គាត់ចូលរួមជាមួយនឹងការបរិច្ចាកឈាមជួយជីវិតជនរងគ្រោះ។ ២.ដើម្បីអំពាវនាវដល់គ្រប់ស្ថាប័នអង្គភាព វិស័យឯកជន អង្គការជាតិ អង្គការអន្តរជាតិ ចូលរួមភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជម្រុញការលើកកម្ពស់ការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានកត់ត្រាទុកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលបានរៀបចំឡើងជាលើកដំបូង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលជាគំនិតផ្តួចផ្តើមរបស់ លោក ហុក គឹមចេង អតីតនាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការបរិច្ចាកឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រ ឱសថណាផលិតបាននោះទេ។ សូមកុំរងចាំដល់ពេលវេលាមួយដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល។
ក្នុងឱកាសនោះដែរលោកនាយក សុខ ប៉ូ បានជម្រាបជូននូវស្ថានភាព និងតម្រូវការនៅក្នុងឆ្នាំ២០២៣ កន្លងមកថា៖ ចំនួនអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្ត មានតែ ០.៨៤% ប្រៀបធៀបជាមួយនឹងប្រជាជនសរុប ១៤លាននាក់ ក្នុងប្រទេសកម្ពុជា។ ដើម្បីឲ្យមានឈាមស្តុកគ្រប់គ្រាន់ លុះត្រាតែយើងមានអ្នកបរិច្ចាកឈាមដោយស្ម័គ្រចិត្តស្មើនឹង ១% នៃប្រជាជនសរុប ១៧ លាននាក់។ យើងត្រូវការឈាម ១ ផ្លោក រៀងរាល់ ៥ នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជម្ងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបមានពី ៣០០ទៅ៣៥០ផ្លោក នៅរាជធានីភ្នំពេញ, តម្រូវការនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៣កន្លងមក មានចំនួន ១សែន ៤ម៉ឺន ៣ពាន់ ១៤៣ផ្លោក ដែលលើសពីឆ្នាំមុន មានចំនួន ២០%។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមនៅទូទាំងប្រទេស ចំណែកឈាមដែលទទួលបានពីសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ ឆ្លើយតបបានត្រឹមតែ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ក្នុងខណៈដែលនៅប្រទេសជិតខាងរបស់យើង ការបរិច្ចាកឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់លើសដល់៩០% នៃតម្រូវការ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមដ៏ចាំបាច់ និងជាបន្ទាន់របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រសួងសុខាភិបាល នាពេលនេះ នាយទាហាន នាយទាហានរង និងពលទាហាន នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយទោ កុសល សុវណ្ណវិសាល នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ប្រមាណ ១២០នាក់ បានស្ម័គ្រចិត្តចូលរួមជាមួយយុវជន សិស្ស និងនិស្សិត ផ្តល់ឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ដើម្បីជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះ និងត្រូវការឈាមជាចាំបាច់ ៕






















