ក្រុមហ៊ុន កា ទិក (CATIC) មកពីប្រទេសចិន បានសហការជាមួយ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិកម្ពុជា ធ្វើការបង្ហាញ ការបង្ហោះដ្រូនគ្មានមនុស្សបើក ធុន CW-15 និង CW-40 ដែលផលិតដោយក្រុមហ៊ុន កា ទិក (CATIC) (China National Aero-Technology Import & Export Corporation ) នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់កងយោធពលខេមរភូមិន្ទ ទស្សនា និងសិក្សាស្វែងយល់ អំពីបច្ចេកវិទ្យាថ្មីនេះ នៅព្រលានយន្តហោះយោធា ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ន និងលោកវរសេនីយ៍ឯកពិសេស តាំង ហាវ (Tang Hao) អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ។
នៅក្នុងមតិស្វាគមន៍របស់ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ បច្ចុប្បន្ននេះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មានភាពរីកចម្រើនយ៉ាងខ្លាំង និងឥតឈប់ឈរ បណ្តា ប្រទេសលើសកលលោក ពិសេសប្រទេសមហាអំណាច ហាក់កំពុងប្រណាំងប្រជែងឧត្តមភាពរៀងៗ ខ្លួន។ សមរភូមិប្រយុទ្ធបានកើតឡើងនៅតាមតំបន់ជាច្រើនគួរឱ្យភ័យខ្លាច គ្រឿងបំពាក់ដែលបានប្រើប្រាស់កាន់តែទំនើប និងភាពគ្រោះថ្នាក់កាន់តែធំឡើងៗ ពិសេសបំផុតគឺការប្រើប្រាស់ មធ្យោបាយគ្រឿងបំពាក់ដើម្បីបម្រើការប្រយុទ្ធកាន់តែសាហាវ ដែលចំណុចលេចធ្លោរគួរឱ្យ ចាប់អារម្មណ៍នាពេលថ្មីៗនេះ គឺការប្រើប្រាស់យានគ្មានមនុស្សបើក (Drone)។ ការយកដ្រូន ជាមធ្យោបាយយ៉ាងសំខាន់ដែលគេអាចប្រើប្រាស់ជាច្រើនជំនាញ ក្នុងវិស័យការពារជាតិ សន្តិសុខជាតិ សង្គមស៊ីវិល ការកម្សាន្ត និងការអភិវឌ្ឍន៍។ តាមការសិក្សាស្រាវជ្រាវឃើញថា ដ្រូន ផលិតក្នុងតម្លៃថោក ងាយស្រួលប្រើប្រាស់គ្រប់ទីកន្លែង គ្រប់ស្ថានភាពធាតុអាកាស គ្រប់ពេលវេលា មិនថាយប់ ឬថ្ងៃ វាយប្រហារប្រកបដោយប្រសិទ្ធិភាព ចំគោលដៅដែលគេកំណត់ចង់បាន ដែលធាតុនៃសកម្មភាពភេវកម្មយុទ្ធសាស្ត្រ ។ គោលដៅចម្បងនៃការបង្ហោះ បង្ហាញដ្រូន CW-15 និង CW-40 នាថ្ងៃនេះ គឺចង់បង្ហាញអំពីលក្ខណៈបច្ចេកទេស ប្រសិទ្ធិភាព និងជ្រុងមួយតូចរបស់ដ្រូននេះបំម្រើលើការស៊ើបការណ៍ ការកសាងភូមិសាស្ត្រ ការកំណត់គោលដៅ និងការកំណត់ទីតាំងច្បាស់លាស់ សម្រាប់បម្រើឱ្យផ្នែក កលយុទ្ធតែប៉ុណ្ណោះ ផ្ទុយទៅវិញនៅមានប្រភេទដ្រូនជាច្រើនទៀត ដែលមិនទាន់ត្រូវបានអនុញ្ញាតឱ្យនាំចូលមកកាន់ កម្ពុជាបាន ដែលសុទ្ធសឹង្ហតែទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងស៊ីជម្រៅក្នុងការនាំចូល-នាំចេញ ការគ្រប់គ្រងប្រើប្រាស់ ការរៀបដំឡើង និងការផលិតជាដើម ដែលសង្គមកម្ពុជាយើងកំពុង ប្រឈមអំពីតួនាទី-ភារកិច្ច របស់ បណ្តាក្រសួងស្ថាប័នសម្រាប់ធ្វើការពិចារណារួមគ្នា ក្នុងគោលដៅ កសាងច្បាប់មួយដោយជាក់លាក់ត្រឹមត្រូវ ។
ក្នុងឱកាសនោះដែល លោកវរសេនីយ៍ឯកពិសេស តាំង ហាវ (Tang Hao) អនុព័ន្ធយោធាចិនប្រចាំកម្ពុជាបានគូបញ្ជាក់ពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ ដែលប្រទេសចិន-កម្ពុជា បានអនុវត្តកន្លងមកលើគ្រប់វិស័យ ជាពិសេស ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា នៅក្នុងយុគ្គសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលជាផែនការសហប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ជាផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។ ដោយឡែកលើវិស័យកងទ័ព វរសេនីយ៍ឯកពិសេស តាំង ហាវ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ បានប្រាស្រ័យទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត និងក្នុងកម្រិតខ្ពស់ ហើយកំពុងមានការរីកចម្រើនលូតលាស់ទៅមុខ ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ។ លោកវរសេនីយ៍ឯកពិសេស តាំង ហាវ ជឿជាក់ថា ទៅថ្ងៃអនាគត់ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែរឹងមាំ តាមរយៈចំណងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា» ។ លោកបានគូសបញ្ជាក់ថា ការបង្ហាញ ការបង្ហោះដ្រូនធុន CW-15 និងCW-40 របស់ក្រុមហ៊ុន CATIC ក្នុងឱកាសនេះ គឺជា កិច្ចសហការថ្មីមួយទៀត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន តាមរយៈអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងក្រុមហ៊ុន CATIC ដើម្បីបង្ហាញពីលក្ខណៈបច្ចេកទេសដ្រូន មុខងារ និងតួនាទីរបស់ដ្រូនក្នុងគោលដៅបម្រើកិច្ចការស៊ីវិល និងកិច្ចការយោធា។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងក្រុមហ៊ុន CATIC ដែលបានសហការ រៀបចំកម្មវិធីបង្ហាញការបង្ហោះដ្រូនធុន CW-15 និងCW-40 ដើម្បីបង្ហាញជូនភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងកងយោធពលខេមរភូមិន្ទ ទស្សនានាពេលនេះ។ នាយឧត្តមសេនីយ៍ បញ្ជាក់ថា ការវិវត្តន៍រីកចម្រើន នៃបច្ចេកវិទ្យាមានសន្ទុះយ៉ាងលឿនមិនអាចប៉ាន់ស្មានបាន ជាពិសេសបច្ចេកវិទ្យា ដ្រូន បានបម្រើឱ្យសេចក្តីត្រូវការរបស់មនុស្សជាច្រើន ក្នុងគោលដៅស៊ីវិល និងយោធា ក្នុងនោះការបម្រើ ការងារយោធាដូចជា៖ ការស៊ើបការណ៍ ការវាយកម្ទេច ការទប់ទល់គ្រប់ស្ថានភាព និងគ្រប់អាកាសធាតុជាដើម ហើយការរីកចម្រើននៃបច្ចេកវិទ្យាដ្រូន បានវិវត្តឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តានេះហើយបានធ្វើ បណ្តាប្រទេសជាច្រើន បានខិតខំពង្រឹងពង្រីកគ្រឿងបំពាក់ដ្រូនតាមសេចក្តីត្រូវការជាក់ស្តែងរបស់ខ្លួន។ ក្រៅពីនោះក៏បានដាក់ចេញនូវវិធានការគ្រប់គ្រងដោយច្បាប់ ទាំងការផលិត ការនាំចូល និងការប្រើប្រាស់ ព្រមទាំងរៀបចំគ្រឿងបំពាក់ក្នុងការទប់ស្កាត់ដ្រូនគ្រប់ប្រភេទទៀតផង។ តាមរយៈនៃការបង្ហាញ ការបង្ហោះដ្រូននាថ្ងៃនេះ ឯកឧត្តមឥត សរ៉ាត់ បានសំណូមពរឱ្យអគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស ក្រសួងការពារជាតិ បន្តទំនាក់ទំនងជាមួយក្រុមហ៊ុន CATIC បន្ថែមទៀត ដើម្បីសិក្សា អំពីសេចក្តីត្រូវការដ្រូន សម្រាប់បម្រើឱ្យកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខជាតិ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ៕










































