ក្រសួងការពារជាតិ បានប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាម នៅក្នុងកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

នៅក្នុងពង្រាងសេចក្តីកំណត់ ដែលចេញដោយអគ្គលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងថា ការងារដឹកនាំបញ្ហាជាទូទៅចែកជា ២សណ្ឋាន៖ សណ្ឋានទី១ ការដឹកនាំបញ្ហាតាមរយៈផ្ទាល់មាត់ តាមទូរស័ព្ទ ទូរសារ ប្រព័ន្ធអេឡិចត្រូនិច ។ល។ សណ្ឋានទី២ ការដឹកនាំបញ្ហាតាមរយៈលិខិតស្នាម ដូចជា ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីជូនដំណឹង(សជណ) ប្រកាស សេចក្តីសម្រេច សេចក្តីកំណត់ សេចក្ដីណែនាំ ។ល។ ការអនុវត្តកន្លងមក ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានអនុវត្តការដឹកនាំបញ្ជា តាមរយៈ២សណ្ឋានខាងលើដោយទទួលបាននូវលទ្ធផលការងារធំៗជាច្រើនធ្វើឱ្យវិស័យការពារជាតិមាន ការរីកចម្រើនឈានឡើងគួរឱ្យកត់សម្គាល់ត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិកោតសរសើរពីវីរភាពរបស់ កងយោធពលខេមរភូមិន្ទ។
ក្នុងការអនុវត្តការងារលិខិតស្នាមរយៈកន្លងមកទោះបីការងារលិខិតស្នាមមានបរិមាណច្រើន និង សភាពបន្ទាន់ក៏ការចរាចរលិខិតមានភាពសកម្ម និងដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព បម្រើឱ្យការដឹកនាំបញ្ញាតាមរយៈលិខិតស្នាមទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ដើម្បីបន្តអនុវត្តការងារដឹកនាំបញ្ញាតាមរយៈលិខិតស្នាមឱ្យមានប្រសិទ្ធភាព ពិសេសក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងការពារជាតិដាក់ចេញនូវសេចក្ដីកំណត់ ជូនបណ្តាស្ថាប័នកងឯកភាពនៅទូទាំង កងយោធពលខេមរភូមិន្ទ ត្រូវអនុវត្ត ៖
១-ការប្រជុំឆ្លងរបាយការណ៍ប្រចាំត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ -ការប្រជុំឆ្លងរបាយការណ៍ខែ របស់ក្រសួងការពារជាតិ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការប្រចាំការ។
២-តួនាទី និងភារកិច្ចរបស់រដ្ឋលេខាធិការប្រចាំការត្រូវអនុវត្តតាមអនុក្រឹត្យលេខ ១១៨ និង១១៩ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ និងមានសិទ្ធិចុះហត្ថលេខាលើសំណើសុំលិខិតឆ្លងដែន និងអនុញ្ញាតច្បាប់ ជូននាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពខេមរភូមិន្ទ។ លើកលែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង(នាយសេនាធិការចម្រុះ) មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គរក្ស ត្រូវមាន ការសម្រេចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ទទួលជួយរដ្ឋមន្ត្រីលើការងារជំនាញ មានសិទ្ធិដោះស្រាយ ការងារជំនាញ រួចត្រូវរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ ជ្រាប៕






























