ឯកឧត្តម លី កុសល សួរសុខទុក្ខយោធិនជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

        ក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក លី សុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាង​ នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺនៃ ខ.ភ.ម ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣​។

       ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយក មន្ទីរពេទ្យព្រះកេតុមាលា បានសំដែងនូវការស្វាគមន៍ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងសហការីទាំងអស់ ដែលបានអញ្ជើញមសួរសុខទុក្ខបុគ្គលិក និងយោធិនជម្ងឺនៃ ខ.ភ.ម ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា នាពេលនេះ។ ឯកឧត្តម វេជ្ជបណ្ឌិត លី សុវណ្ណ បានបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ មន្ទីរពេទ្យព្រះកេតុមាលា បានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍រីកចម្រើគួរឲ្យកក់សំគាល់។ ជាមួយគ្នានេះ ដោយបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ទាំងផ្នែកបច្ចេកទេស ពិនិត្យព្យាបាល-សង្គ្រោះ និងការអភិវឌ្ឍន៍ ធនធានមនុស្ស ឧបករណ៍ សម្ភារៈពេទ្យ ក៏ដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយបានខិតខំសាងសង់ និងជួសជុល កែលម្អគុណភាពអគារសម្រាកនិងព្យាបាលជាច្រើនទទួលបានលទ្ធផលគួរជាទីមោទនៈបំផុតនាពេលនេះ។

        ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាន, ឯកឧត្តម​ លី កុសល សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ ព្រះកេតុមាលា ដែលបានខិតខំប្រឹងប្រែងលះបង់ពុះពារគ្រប់ការលំបាក ទាំងកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះអាយុជីវិត ពិនិត្យនិងព្យាបាលដល់យោធិន នាយទាហាន ពលទាហាន នៃខ.ភ.ម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អ្នកជំងឺជនស៊ីវិលផងដែរ នាពេលកន្លងមកនេះ។ ឯកឧត្តម លី កុសល ក៏បានពាំនាំនូវបណ្តាំការសាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃ ខ.ភ.ម ជូនចំពោះថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យ និងយោធិនជម្ងឺ នៃខ.ភ.ម ដែលកំពុងសម្រាកព្យាបាលសុខភាព នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

         ឯកឧត្តម បានមានប្រសាសន៍ថា កងទ័ពគឺជាកម្លាំងស្នូលចាំបាច់បំផុតក្នុងខឿនការពារប្រទេសជាតិមាតុភូមិ និងបូរណភាពទឹកដីមិនអាចខ្វះបាន។ កន្លងមកប្រទេសជាតិរបស់យើងបានធ្លាក់ក្នុងភ្លើងសង្គ្រាមផ្ទៃក្នុងដ៏រាំរ៉ៃជាងបីទស្សវត្ស ចាប់ពីទស្សវត្សទី៦០រហូតដល់ឆ្នាំ១៩៩៨ ទើបទទួលបានសន្តិភាពទាំងស្រុង។ ការទទួលសន្តិភាពកើតចេញពីការចង់បានសន្តិភាព ការបង្រួមបង្រួមជាតិតែមួយក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន រួមជាមួយនឹងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងមានការចូលរួមពីបងប្អូនយុទ្ធមិត្តទាំងអស់បូជាទាំងកម្លាំអកាយចិត្ត សាច់ស្រស់ឈាមស្រស់ ជាការចូលរួមចំណែកដ៏ធំមួយដែលរាជរដ្ឋាភិបាលមិនអាចបំភ្លេចបានរហូតធ្លាក់ខ្លួនមានជម្ងឺរបួសនិងពិការ ទើបមកសម្រាកព្យាបាលនៅទីនេះ។ ក្រោយព្យាបាលរួចហើយពេលវិល ត្រឡប់ទៅអង្គភាពវិញ យុទ្ធមិត្តរបស់យើងត្រូវខិតខំចូលរួមរៀនសូត្រ ហ្វឹកហាត់បន្តទៀត ទាមទារឲ្យមានការយល់ដឹងពីទំនើបកម្មបច្ចេកវិទ្យានានា សម្ភារៈសព្វាវុធក្នុងប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារជាតិឲ្យបានរឹងមាំ។ ជាមួយគ្នានេះ ឯកឧត្តម លី កុសល ក៏បានផ្តាំផ្ញើរនិងជំរុញលើកទឹចិត្តដល់វេជ្ជបណ្ឌិត គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យព្រះកេតុមាលា បន្តបំពេញតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួន ខិតខំកសាង និងអភិវឌ្ឍសមត្ថភាពជំនាញ ឯកទេសនានា ដើម្បីឲ្យទទួលបានកាន់ខ្លាំងក្លា និងទទួលបានជោគជ័យដល់ការពិនិត្យព្យាបាលសុខភាពជូនយោធិនជម្ងឺរបួស នៃ ខ.ភ.ម គ្រួសារកងទ័ព និងប្រជាពលរដ្ឋរបស់យើងតទៅទៀត។ ក្នុងខណៈនោះ ឧត្តមសេនីយ៍ឯក លី កុសល បាននាំយកអំណោយរបស់ក្រសួងការពារជាតិ ចែកជូនដល់យោធិនជម្ងឺនៃ ខ.ភ.ម មានចំនួន ៣២០នាក់ ដែលក្នុងម្នាក់ៗទទួលបាន មី ត្រីខកំប៉ុង ទឹកដោះគោ ស្ករស និងថវិកា ៣ម៉ឺនរៀលផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ