នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យសេនានុព័ន្ធថៃ ប្រចាំនៅកម្ពុជាមាន៖ កងទ័ពជើងគោក កងទ័ពជើងទឹក និងជើងអាកាស ចូលជួបសម្ដែងការគួរសម និងជម្រាបលា កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក កនវ៉ារ៉ាណុន ឃ្លុនព្រំសុវណ្ណ ប្រធានសេនានុព័ន្ធ កងទ័ពភូមិន្ទថៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោកវរសេនីយ៍ឯក អានីរោធ រតនាផន (Anirut Rattaporn) នាយការិយាល័យសេនានុព័ន្ធ កងទ័ពជើងអាកាស(ចាស់) ត្រូវបញ្ចប់អាណត្តិ ចូលជម្រាបលា ហើយលោកវរសេនីយ៍ឯក ផាត្ថា កានថាប់ធីម (Patha Kantabtim) ត្រូវបានតែងតាំងជានាយការិយាល័យសេនានុព័ន្ធ កងទ័ពជើងអាកាសថ្មី ប្រចាំនៅកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំ ដែលលោក តំណាងកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស នៃកងទ័ពភូមិន្ទថៃ បានមើលឃើញពីទំនាក់ទំនងដ៏ល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដោយមានការរីកចម្រើនជាលំដាប់។ លោកវរសេនីយ៍ឯក បានបញ្ចក់ថា សេនានុព័ន្ធ កងទ័ពភូមិន្ទថៃ ប្រចាំនៅកម្ពុជា នឹងខិតខំបំពេញការងារការទូតយោធានៅកម្ពុជា នៅតែជំរុញ ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ និងកងទ័ពទាំងពីរ កាន់តែល្អបន្ថែមទៀត និងបន្តជួយគាំទ្រដល់កងយោធពលខេមរភូមិន្ទជានិច្ច។
ប្រសាសន៍ឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងនាមសម្តេចពិជ័យសេនា និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ក៏បានលើកឡើងថា កន្លងមកនេះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជន កម្ពុជា-ថៃ ពិសេសរវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពភូមិន្ទថៃ នារយៈពេលចុងក្រោយនេះ គឺមានភាពរីកចម្រើនលើគ្រប់វិស័យ ទាំងនៅលើផ្នែកសន្តិសុខ នយោបាយ យោធា សេដ្ឋកិច្ច និងការទូតជាដើម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានរំលឹកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដ៏ល្អនៃប្រទេសដែលជាភូមិផង របងតែមួយ នឹងមិនមានបញ្ហាអ្វីកើតឡើងនោះទ្បើយ។ ឯកឧត្តម បានបន្តទៀតថា នៅក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាល ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ, ទំនាក់ទំនង នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ គឺនៅបន្តមានភាពស្និទ្ធស្នាលគ្នា ពិសេសកងទ័ព ដែលឈរជើងនៅតាមបណ្ដោយព្រំដែន ដោយភាគីទាំងពីរតែងតែ ធ្វើការទំនាក់ទំនងគ្នាជាប់ជាប្រចាំ ដែលកត្តានេះ សរបញ្ជាក់អោយឃើញថា កងទ័ពប្រទេសយើងទាំងពីរ ចង់ឃើញខ្សែបន្ទាត់ព្រំដែននៃប្រទេសយើងទាំងពីរ ជាខ្សែបន្ទាត់ព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ ហើយក៏ចង់ឃើញប្រជាជននៃប្រទេសទាំងពីរនៅតាមបណ្ដោយព្រំដែន មានជីវភាពរស់នៅក្នុងភាពល្អប្រសើរ ជាងនេះបន្ថែមទៀត ៕





















