នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម ចាកហ្គេស ប៉ែលលែត (JACQUES PELLET) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ។

ជាកិច្ចស្វាគមន៍ នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងនាមក្រសួងការពារជាតិ បានសម្ដែងការសប្បាយរីករាយ ចំពោះវត្តមានរបស់ ឯកឧត្តម ឯករដ្ឋទូត នៃសាធារណរដ្ឋបារាំង ដែលបានមកបំពេញការងារការទូតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងទាក់ទង នៃការរឹតចំណងសាមគ្គីភាពមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង ឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តម ចាកហ្គេស ប៉ែលលែត ជំនួសមុខអោយរដ្ឋាភិបាល និងកងទ័ពបារាំង សូមចូលរួមអបអរសាទរចំពោះការចូលកាន់តំណែងថ្មីរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ឯករដ្ឋទូតបារាំង បានថ្លែងនូវការកោតសរសើរចំពោះការវិវដ្តរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងជាសកលកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធភាព។ ឯកអគ្គរដ្ឋទូតបារាំង បានមានប្រសាសន៍ថា កម្ពុជាបានជាប់ចំណាត់ថ្នាក់ ជាប្រទេសទី៣ នៅក្នុងសមាគមប្រជាជាតិអាស៊ាន ដែលបានចាប់បញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ និងមានប្រមាណជា ១៩% នៃកងកម្លាំងចូលរួមថែរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ គឺជាស្ត្រី។ បារាំងសូមគាំទ្រដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍កម្ពុជា ហើយសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺន កងកម្លាំងថែរក្សាសន្តិភាពមួយដ៏មានប្រសិទ្ធភាពនៅក្នុងតំបន់។ ឯកឧត្តមអគ្គរដ្ឋទូតបារាំង ក៏បានសម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាលប្រទេសកម្ពុជា ដែលបានស្វាគមន៍ប្រកបដោយភាតរភាពនៃការចូលចតនាវារបស់កងទ័ពជើងទឹកបារាំង នៅកំពង់ផែសមុទ្ររបស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ប្រទេសបារាំង គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើន ដល់ការខិតខំជួយស្វះស្វែងរកសុខសន្តិភាព សម្រាប់ប្រទេសកម្ពុជា ព្រមទាំងបានជួយឧបត្ថម្ភគ្រប់បែបយ៉ាងដល់កិច្ចដំណើការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសមួយនេះ រងនូវការខ្ទេចខ្ទាំ ដោយសារភ្លើងសង្គ្រាមស៊ីវិល នាពេលកន្លងមក។ ហើយជាបន្តបន្ទាប់ បារាំងនៅតែជួយជារៀងរហូតដល់ប្រទេសកម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ លើការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យការពារជាតិ។ ជាមួយគ្នានេះដែររដ្ឋាភិបាល និងកងទ័ពបារាំង មានកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងការជួយជ្រុំជ្រែងដល់ការបង្កើតឡើងវិញនូវស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាឆ្នាំ១៩៩៣ ការជួយរៀបចំបណ្ដុះបណ្ដាលផ្នែកភាសា និងការងារហ្វឹកហ្វឺនដល់សាលានាយទាហានសកម្ម ការជួយបង្វឹកហាត់ដល់កម្លាំងកងរក្សាសន្តិភាព ទាំងការហ្វឹកហ្វឺនកម្លាំងនៅក្នុងស្រុក និងការចាត់បញ្ជូននាយទាហាន និងពលទាហានកម្ពុជា ទៅបណ្ដុះបណ្ដាលជំនាញនៅប្រទេសបារាំង-ការបណ្ដុះបណ្ដាល និងការចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ចេញទៅក្រៅប្រទេស នៅក្នុងក្របខណ្ឌជាកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ៕


















