ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯ.ឧ នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនាយទាហាន ក្រសួងការពារជាតិមួយក្រុម អញ្ជើញទៅសំណេះសំណាល សួរសុខទុក្ខ នាយនិងពលទាហាន យោធិនពិការ នៅភូមិអភិវឌ្ឍន៏យោធិនពិការ ៣១៧ កោះស្លា ព្រមទាំងបាននាំយកអំណោយរបស់ ឯ.ឧ នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ ទៅចែកជូនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា នាពេលខាងមុខ។
ឧត្តមសេនីយ៍ឯក ទិត្យ ម៉េងឡុង អគ្គនាយករងយោធសេវា និងជានាយកភូមិអភិវឌ្ឍន៏យោធិនពិការ ៣១៧ កោះស្លាបានរាយការណ៍ជូនឱ្យបានជ្រាបអំពីសភាពការណ៏រួម នៅក្នុងមជ្ឈមណ្ឌលមាន ចំនួន៣៣០គ្រួសារ ដោយគិតទាំងគ្រួសារយោធិនពិការ, លោកគ្រូ អ្នកគ្រូបង្រៀន និងសិស្ស។ ឯ.ឧបានបន្តឱ្យដឹងទៀតថា៖ ភូមិអភិវឌ្ឍន៏យោធិនពិការ ៣១៧ កោះស្លា មានហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យដូចជា៖ វិស័យអប់រំ , វិស័យសុខាភិបាល ដែលមានមន្ទីរពេទ្យបង្អែកដែលមាន អាគារសម្ភព ,ព្យាបាលជំងឺទូទៅ, ជំងឺឆ្លង, អាគារសំរាកព្យាបាល និងអាហារដ្ឋាន។ មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន កោះស្លា មានទទួលពិនិត្យព្យាបាល អ្នកជំងឺប្រមាណ៥០ទៅ៦០នាក់ក្នុងមួយថ្ងៃ។ ចំពោះវិស័យព្រះពុទ្ធសាសនា មានវត្ត ១ មានព្រះវិហារ, មាន ព្រះសង្ឃគង់ចាំព្រះវស្សា។ មជ្ឈមណ្ឌលមានផ្សារលើ ផ្ទៃដីប្រមាណមួយហិកតា មានអាជីវករលក់ដូរជាង៧២តូប។ មានបណ្ដាញអគ្គីសនីចូលមកដល់មណ្ឌលធ្វើឲ្យបងប្អូន មានអគ្គីសនី ប្រើប្រាស់គ្រប់គ្រាន់ និងមានផ្លូវក្រាលកៅស៊ូដែលបានតភ្ជាប់ពីផ្លូវជាតិលេខ៤ ថែមទៀតផង។
មានប្រសាសន៏សំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៍ ជៀង អំ បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ ពិសេស ឯ.ឧ នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ តែងតែគិតគូរដល់សុខទុក្ខនាយ និងពលទាហាន ព្រមទាំង ក្រុមគ្រួសាររបស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។ ឯ.ឧ បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹង គុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់ បងប្អូនជនពិការដែលបានលះបង់ សាច់ឈាមដើម្បី បុព្វហេតុជាតិ និងមាតុភូមិក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលកន្លងមក។ ហេតុនេះហើយបានជាសម្ដេច បានគិតគូរបន្តពីរាជរដ្ឋាភិបាលអណត្តិមុន បំពេញនូវអ្វីៗទាំងអស់គ្រប់បែបយ៉ាងដើម្បីធ្វើឲ្យជីវភាពរស់ នៅរបស់បងប្អូនព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើង កាន់តែប្រសើរពីមួយថ្ងៃទៅ មួយថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចមហាបវរតីធបតី ហ៊ុន ម៉ាណែត គឺយើងនិងបន្តទទួលបានជោគជ័យក្នុងការដឹកនាំ នឹងធ្វើឲ្យប្រទេសជាតិយើងទទួលបាន សន្តិភាព ស្ថេរភាពនយោបាយ និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម ជៀង អំ ក៏បានផ្ដាំផ្ញើដល់ បងប្អូនជនពិការយើងទាំងអស់គ្នា និងក្រុមគ្រួសារត្រូវមានការប្ដេជ្ញាចិត្តខ្ពស់និងមានសង្ឃឹមក្នុងជីវិត រស់ នៅរបស់ខ្លួនដូចពាក្យស្លោកបានចែងថា៖ យើងពិការតែរាងកាយប៉ុន្តែបេះដូងយើងមិនពិការឡើយ បងប្អូនជនពិការ និងក្រុមគ្រួសារទាំងអស់ ត្រូវខិតខំចូលរួមកសាងសេដ្ឋកិច្ចគ្រួសារដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។
អំណោយរបស់ ឯ.ឧ នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលបានយកទៅចែកជូនបងប្អូនក្នុងឱកាសនោះក្នុង ១គ្រួសារទទួលបាន មី ៥កញ្ចប់ , ត្រី ខ ៥ កំប៉ុង , ទឹកដោះគោ ១ កំប៉ុង , ស្កសរ ១ គីឡូក្រាម និង ថវិការ ៣ ម៉ឺនរៀល និង ជូន ដល់ភូមិអភិវឌ្ឍន៏យោធិនពិការ ៣១៧ ចំនួន ៣ លាន រៀល និងមានប្រគេន ស្លាដក់, បច្ច័យថ្វាយព្រះ សង្ឃព្រមទាំងដូនជី តាជី ទៀតផង ៕




































