នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យសិក្សាស្វែងយល់ និងសាកសួរសុខទុក្ខ នាយទាហាន ពលទាហាន អង្គភាពឃ្លាំង កា៨៨ ចំណុះអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ ខែតុលានេះ នាឱកាសបុណ្យភ្ជុំបិណ្ឌ។ អញ្ជើញមានវត្តមាន ក្នុងឱកាសនោះដែរ មាននាយឧត្តមសេនីយ៍ យន្ត មីន និងនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងឯកឧត្តម ជាអគ្គនាយក អគ្គនាយករង នាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។
ក្នុងសន្ទរកថាស្វាគមន៍ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានឲ្យដឹងថា មណ្ឌលអង្គភាពឃ្លាំង កា៨៨ ចំណុះអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ នៅខេត្តកំពង់ឆ្នាំងនេះ បានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៨៨ លើផ្ទៃដី ២១៣ ហិចតា ៩ អា មានភ្នំព័ន្ធជុំវិញងាយស្រួលដល់ការរៀបចំប្រព័ន្ធការពារយ៉ាងល្អ និងអំណោយភាពក្នុងការរៀបចំជាមូលដ្ឋានសម្រាប់ផ្គត់ផ្គង់សម្ភារយោធា យោធភូមិភាគទាំង៦។ ទីតាំងមួយនេះរហូតដល់ឆ្នាំ២០០៥ ស្ថានភាពកាន់កាប់ដីរបស់ពលរដ្ឋបានរីកដាលផុលផុស ហើយបានបំផ្លាញសំណង់អគារ និងរបងព័ន្ធជុំវិញរាបដល់ដី ហើយដណ្តើមកាន់កាប់ដីនេះជាផ្នែកតមក។ នៅឆ្នាំ២០១៥ ប្រទេសជាតិជាបណ្តើរៗទទួលបានសន្តិភាព កិច្ចការការពារជាតិត្រូវបានពង្រឹងសារជាថ្មី ក្រសួងការពារជាតិសម្រេចបញ្ជូនកម្លាំងរបស់ អគ្គនាយកដ្ឋានបច្ចេកទេសមកទីនេះ ដើម្បីសម្របសម្រួលជាមួយប្រជាពលរដ្ឋមូលដ្ឋានភូមិឃុំ និងខេត្ត ដើម្បីជម្រុញទីតាំងនេះ ជាគម្រោងសម្រាប់កិច្ចការបង្ការជាមួយបណ្តាប្រទេសជាមិត្តលើវិស័យការពារជាតិ។ ក្រុមការងារចម្រុះរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងរដ្ឋអំណាច បានកសាងសំណុំឯកសារជាក់លាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្ន វាយតម្លៃការពិតជាក់ស្តែងឈរលើមូលដ្ឋានគតិយុត្តិ និងយុត្តិធម៌ មានការនិងសុំសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសម្រេចប្រគល់ទីតាំងនេះមកជូនកងទ័ពវិញ។ បច្ចុប្បន្នទីតាំងនេះ គឺជាឃ្លាំង និងកន្លែងកំទេចសព្វាវុធ និងគ្រាប់ខូចគុណភាព។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការកោតសរសើរ និងការអរគុណចំពោះនាយទាហាន ពលទាហាន អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានខិតខំប្រឹងប្រែង នាពេលកន្លងមកនេះ ពិសេសការថែរក្សានូវទីតាំងនេះនៅជាសម្បត្តិរបស់កងទ័ព និងរបស់រដ្ឋ។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា អ្វីដែលយើងបន្តទៅមុខទៀត គឺត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរដែនដីឲ្យបានល្អ។ ចំពោះឃ្លាំងនីមួយៗ និយាយជារួម ត្រូវរៀបចំឲ្យបានល្អប្រសើរ ហើយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ត្រូវរៀបចំប្រព័ន្ធមួយ ដើម្បីបង្ការ និងត្រួតពិនិត្យឃ្លាំងឲ្យបានជាប់ជាប្រចាំ ពង្រឹងដល់ការគ្រប់គ្រងសព្វាវុធគ្រាប់រំសេវ ខ.ភ.ម។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កន្លងមកនេះ មានការវាយប្រហារ ពីមជ្ឈដ្ឋានខាងក្រៅផ្សេងៗ អំពីការធ្វើចរាចរសព្វាវុធ និងគ្រាប់រំសេវ នៅទូទាំងប្រទេស របស់យោធារបស់យើង បទពិសោធន៍នៅក្នុងខេត្តកោះកុងនាពេលកន្លងទៅនេះ។ ដូច្នេះហើយ យើងត្រូវបង្កើតប្រព័ន្ធថ្មីមួយទៀត ដែលយើងរៀបចំរួចហើយ នៅតែរៀបចំជាឯកសារ និងគតិយុត្តិផ្សេងៗដើម្បីដាក់ចេញជាធរមាន និងបន្តផ្សព្វផ្សាយបានច្បាស់លាស់ ហើយការគ្រប់គ្រងនេះ គឺជាលក្ខណៈមួយសំខាន់ណាស់ សម្រាប់ក្រសួងការពារជាតិ ទៅពេលអនាគតខាងមុខ។
បន្ទាប់មកនៅថ្ងៃទី១១ ខែតុលាដដែលនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខ នាយទាហាន ពលទាហាន រោងជាងជួសជុលចម្រុះ យានដ្ឋានជួសជុលរថយន្ត និងអង្គភាពឃ្លាំងសម្ភារៈកា៨៨ ចំណុះអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ នៅលង្វែក ខេត្តកំពង់ឆ្នាំង ផងដែរ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ចំពោះនាយទាហាន ពលទាហាន អង្គភាពចំណុះទាំងអស់របស់អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ក្នុងបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងការអរគុណចំពោះនាយទាហាន ពលទាហាន អង្គភាពចំណុះអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានខិតខំប្រឹងប្រែង នាពេលកន្លងមកនេះ ហើយនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជម្រុញនិងលើកទឹកចិត្តឲ្យនាយ និងពលទាហាន បន្តចូលរួមបំពេញតួនាទីភារកិច្ច ខ.ភ.ម ពិសេសការគ្រប់គ្រងថែរក្សា សម្ភារបច្ចេកទេស យោធូបករណ៍របស់កងទ័ពឲ្យបានកាន់តែល្អបន្ថែមទៀត ៕




































