នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាត្តឱ្យឯកឧត្តម យូអ៊ីណូ អាតស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។
មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម យូអ៊ីណូ អាតស៊ូស៊ី បានសម្ដែងនៅការអបអរសាទរ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានចូលកាន់តំណែងថ្មី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក ប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលក្នុងពេលកន្លងមក នាវាកងទ័ពជើងទឹក នៃកងស្វ័យការពារជប៉ុន បានចូលចតចំនួនពីរលើក កាលពីឆ្នាំមុន និងពីរលើកទៀតនៅឆ្នាំនេះ ដើម្បីធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងដកពិសោធន៍ ជាមួយកងទ័ពជើងទឹកកម្ពុជា នៅកំពង់ផែខេត្តព្រះសីហន។ ហើយនៅខែក្រោយនេះ កងទ័ពជើងគោកស្វ័យការពារជប៉ុន មានគម្រោងមកកម្ពុជា ដើម្បីអនុវត្តកម្មវិធីគម្រោង ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការងារមនុស្សធម៌, ការងារសង្គ្រោះគ្រោះមហន្តរាយ, រវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ទៀតថា៖ កន្លងមក ឯកឧត្តម សង្កេតឃើញថា កងទ័ពកម្ពុជា-វៀតណាម-និងឡាវ បានធ្វើសមយុទ្ធរួមគ្នាលើកិច្ចការមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ បានយ៉ាងល្អ ហើយជប៉ុន ចង់ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ ដោយហេតុថាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរួចមកហើយ នូវសមយុទ្ធ សុខាភិបាលមនុស្សធម៌ ទេវតាសន្តិភាព និងលំហាត់ហ្វឹកហ្វឺនពហុសាសន៍ ក្នុងឆ្នាំនេះ។
ជាការឆ្លើយតបក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ រវាងកម្ពុជា-ជប៉ុន ដែលកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ ហើយជាបន្តបន្ទាប់ប្រទេសយើងទាំងពីរ បានបន្តពង្រឹងពង្រីកឥតឈប់ឈរ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព ប្រទេសទាំងពីរ ឲ្យកាន់តែល្អថែមទៀត ពិសេសជប៉ុន តែងតែនៅជិតប្រជាជនកម្ពុជា ក្នុងការចូលរួមស្វែងរក សន្តិភាព សម្រាប់ប្រទេសកម្ពុជា ការផ្ដល់នូវជំនួយឥតសំណង ដើម្បីជួយអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យរបស់កម្ពុជា ឲ្យរស់ឡើងវិញប្រកបដោយភាពរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ រហូតមកទល់ពេលនេះ ជប៉ុន នៅតែបន្តជួយបណ្ដុះបណ្ដាលជំនាញ កងរក្សាសន្តិភាពដល់កម្ពុជា ដើម្បីមានគ្រប់លទ្ធភាព ចូលរួមជួយជាលក្ខណៈមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជួយដល់បណ្ដាប្រទេសនៅក្នុងតំបន់ និងនៅលើ សកលលោក។ ហើយសម្រាប់ការងារនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានស្នើសុំដល់ ឯកឧត្តម ឯកអគ្គរាជទូត ផ្ដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដល់កម្លាំងទាំងនេះ ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ក្នុងការចូលរួមប្រតិបត្តិការជួយការងារមនុស្សធម៌ ថែរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដល់បណ្ដាប្រទេសនានា នៅលើសាកលលោក ៕














