ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ ក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា បានប្រារព្ធពិធីផ្សព្វផ្សាយយុទ្ធសាស្ត្រ “បញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជូនដល់យោធិននារី តាមបណ្តាអង្គភាពចំណុះ អគ្គនាយកដ្ឋានយោធសេវា និងចែកសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីផ្សព្វផ្សាយបានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានក្រុមការងារយេនឌ័រ អគ្គនាយកដ្ឋានយោធសេវា។
នៅក្នុងសៀវភៅយុទ្ធសាស្ត្រ “បញ្ចកោណ-ដំណាក់កាលទី១ ដែលអានដោយ លោកជំទាវ ឧត្តមសេនីយ៍ទោ ម៉ា ណាវី នាយករង នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានឲ្យដឹងថា៖ ក្នុងយុទ្ធសាស្ត្រ “បញ្ចកោណ-ដំណាក់កាលទី១ មានប្រាំបាវចនា កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព រួមនិងអាទិភាពគន្លឹះទាំងប្រាំទៀតមាន មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ ចំពោះគោលដៅយុទ្ធសាស្ត្រទាំងប្រាំ គឺទី១៖ មានការធានាឲ្យបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យម ប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកបដោយភាពធននិងវិបត្តិនានា។ ទី២៖ ការបង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន យុវនារី។ ទី៣៖ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។ ទី៤៖ និងបន្តពង្រឹងសមត្ថភាព អភិបាលកិច្ច លើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី៥៖ គឺធានាចីរភាព នៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងកសាងភាពធន ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងសៀវភៅយុទ្ធសាស្ត្រ ក៏បានបញ្ជាក់ទៀតថា៖ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដោយមានមុំ៥ គឺមុំទី១៖ ការពង្រឹង និងការកែទម្រង់ស្ថាប័ន។ ទី២៖ ការលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងការពង្រឹង ប្រសិទ្ធភាព នៃការអនុវត្តការងារ។ ទី៣៖ ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។ ទី៤៖ ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ទី៥៖ ការពង្រឹង អភិបាលកិច្ច វិស័យឯកជន និងធុរកិច្ច។ លោកជំទាវបានបន្តទៀតថា៖ និងមានបរិស្ថានគ្រប់ដណ្តប់មុំ៥ទៀត, ទី១៖ ការបន្តពង្រឹងសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ ទី២៖ ការប្រកាន់ខ្ជាប់នៅនយោបាយ ការបរទេស ឯករាជ្យ ដោយផ្អែកលើច្បាប់ និងភាពឈ្លាសវៃ។ ទី៣៖ ការធានានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទី៤៖ ការកសាងភាពជាដៃគូ ប្រកបដោយបរិយាប័ន្ទ និងសក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍។ ទី៥៖ កម្ពុជាការបន្តធ្វើសមាហរណកម្មស៊ីជម្រៅ នៅក្នុងតំបន់ និងសកលលោក និងឱ្យមានចីរភាព កសាងមូលដ្ឋានគ្រឹះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
មានប្រសាសន៏ក្នុងឱកាសនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី បានលើកបន្ថែមនូវផ្នែកខ្លះនៃកម្មវិធីនយោបាយក៏ដូចជាយុទ្ធសាស្ត្រ “បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាពាក់ព័ន្ធទៅនឹងស្ថានភាពលើកកម្ពស់ស្ត្រី និងកុមារជាពិសេសការងារនារីនៅក្នុងកងយោធពលខេមរភូមិន្ទ។ រាជរដ្ឋាភិបាលកន្លងមក បានដាក់ចេញនូវគោលនយោបាយ និងយន្តការច្បាប់ ជាច្រើនដើមី្បសមភាពយេនឌ័រ សំដៅលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ និងតួនារីរបស់ស្ត្រីកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយសមធម៌ គាំទ្រឱ្យសម្រេចបាននូវសមភាព ពិតប្រាកដ រវាងបុរសនិងស្ត្រី ដោយទទួលស្គាល់ថា “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” និងចាត់ទុកស្ត្រីជាកម្លាំងដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកជំទាវ អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា បានបន្តទៀតថា៖ កន្លងមកយោធិននារីយើងបានអនុវត្តការងារ យ៉ាងខ្ជាប់ខ្ជួនប្រកបដោយការទទួលខុសត្រូវ ជាពិសេសគឺបានផ្តល់នូវការលើកកម្ពស់ សមភាព យេនឌ័រ ដោយបានផ្តល់ឱកាសដល់យោធិននារីក្នុងការបំពេញការងារ ក្នុងនោះគឺបានផ្តល់តួនាទី និងឋាន្តរសក្កិ បានយ៉ាងល្អប្រសើរផងដែរ។ នៅទីបញ្ចប់លោកជំទាវបានផ្តាំផ្ញើ ដល់យោធិននារីត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្ត្រី ខ្មែរ ដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។ ស្មោះត្រង់ការពារជាតិ មាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាជន។ ពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពឱ្យបានម៉ត់ចត់ នូវវិន័យ និងបទបញ្ញារបស់កងទ័ព ដើម្បីចូលរួមក្នុងភារកិច្ចការពារជាតិ និងកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយសមភាព និងត្រូវប្តេជ្ញា ការពារទោះក្នុងតម្លៃណាក៏ដោយនូវសន្តិភាព និងស្ថិរភាពដែលកម្ពុជា ទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍប្រទេសជាតិ ៕









































